កូនឈើជាងមួយពាន់ដើមនឹងត្រូវដាំតាមបណ្ដោយផ្លូវពីព្រលានយន្តហោះមកប្រាសាទអង្គរវត្ត
អាជ្ញាធរជាតិអប្សរា គ្រោងនឹងដាំកូនឈើជាងមួយពាន់ដើមតាមបណ្ដោយផ្លូវពីអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប មកប្រាសាទអង្គរវត្ត ។
អាជ្ញាធរជាតិអប្សរា គ្រោងនឹងដាំកូនឈើលម្អផ្លូវចាប់ពីអាកាសយានដ្ឋានអន្ដរជាតិខេត្តសៀមរាប រហូតដល់មុខប្រាសាទអង្គរវត្ត ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព បង្កើនភាពស្រស់ស្អាត និងទេសភាពបៃតងតាមដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាបមកកាន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ។
គម្រោងនេះមិនត្រឹមតែបង្កើនភាពទាក់ទាញបែបលក្ខណៈធម្មជាតិដល់រមណីយដ្ឋានអង្គរ ប៉ុណ្ណោះទេ តែក៏បានចូលរួមយ៉ាងសំខាន់ក្នុងការលើកតម្លៃលេចធ្លោជាសកលនៃរមណីយដ្ឋានអង្គរតាមរយៈការរក្សាបាននូវភាពឆ្លុះបញ្ចាំងគ្នាទៅវិញទៅមករវាងប្រាសាទ ធម្មជាតិ និងសហគមន៍មនុស្ស ។
សូមជម្រាបជូនថា កូនឈើដែលនឹងត្រូវដាំលម្អតាមដងផ្លូវនេះមានចំនួនជាង ១០០០ដើម ដែលជាកូនឈើធ្នង់ជាប្រភេទឈើប្រណិតដែលប្រជាជនខ្មែរទូទៅនិយមចូលចិត្ត ។ ការដាំកូនឈើឡើងវិញតាមដងផ្លូវនាពេលនេះ ក៏ស្របគ្នានឹងអាជ្ញាធរជាតិអប្សរា ទើបធ្វើការជួសជុល និងកែលម្អផ្លូវនេះជាថ្មី ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលមកកម្សាន្តខេត្តសៀមរាប ផងដែរ ។
ជាមួយគ្នានេះ ដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងទីធ្លាមុខប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរា ក៏នឹងធ្វើការដាំដើមក្រវ៉ាន់ និងដើមឈើប្រភេទផ្សេងៗមួយចំនួនទៀត នៅតាមដងផ្លូវមុខប្រាសាទអង្គរវត្តដែលជាច្រកចូលចំបងសម្រាប់ទៅទស្សនាប្រាសាទអង្គរវត្តដែរ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!