រដ្ឋលេខាធិការក្រសួងកសិកម្ម លោក ចាន់ សាវុឌ្ឍ ត្រូវបានព្រះរាជអាជ្ញាខេត្តមណ្ឌលគិរី ចេញលិខិតអញ្ជើញ ចូលបំភ្លឺបញ្ហាព្រៃឈើ
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី ចេញលិខិតអញ្ជើញលោក ចាន់ សាវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលបំភ្លឺពាក់ព័ន្ធនឹងបញ្ហាព្រៃឈើ នៅថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៩ ខាងមុខនេះ ។
បើយោងតាមលិខិតអញ្ជើញរបស់ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តមណ្ឌលគិរី លោក ហៀង សុភក្ដ្រ បានអញ្ជើញលោក ចាន់ សាវុឌ្ឍ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានសម្បទានដីសេដ្ឋកិច្ច អោយចូលទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីធ្វើការសួរនាំ បំភ្លឺពាក់ព័ន្ធទៅនឹងបញ្ហាព្រៃឈើ នៅវេលាម៉ោង៩;០០ នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខ ។
លិខិតអញ្ជើញរបស់ព្រះរាជអាជ្ញា បានបញ្ជាក់ថា អោយលោក ចាន់ សាវុឌ្ឍ បំភ្លឺពាក់ព័ន្ធការអនុញ្ញាតជំហានទី១ ចំនួន១,០០០ហិចតា ក្នុងអនុតំបន់I, អនុតំបន់II ចំនួន២,០០០ហិចតា, អនុតំបន់III ចំនួន២,០០០ហិចតា, អនុតំបន់IV ចំនួន២,០០០ហិចតា និងអនុតំបន់V ចំនួន២,៧៤១ហិចតា របស់ក្រុមហ៊ុន ផេស៊ីហ្វ្រិកហ្គ្រន យ៉ញ,ស្ដុក ខមភេនីលីមីធីត នៅក្នុងខេត្តមណ្ឌលគិរី ។
សូមជម្រាបជូនថា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី ក៏បានអញ្ជើញលោក ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅបំភ្លឺពាក់ព័ន្ធបញ្ហាព្រៃឈើទាំងនេះ ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!