នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី ០២ ដល់ថ្ងៃទី ០៤ ខែ កញ្ញា ខាងមុខ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធា មហាម៉ាត់ និងភរិយា នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ដោយតបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិកម្ពុជា បានអោយដឹងថា លោក មហាធា មហាម៉ាត់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងភរិយា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី ០២ ដល់ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៩ ។
អំឡុងទស្សនកិច្ចនេះ លោក មហាធា មហាម៉ាត់ នឹងចូលជួបសំដែងការគួរសមដាច់ដោយឡែកពីគ្នាចំពោះលោក សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃកម្ពុជា និងលោក ហេង សំរិន ប្រធានរដ្ឋសភា ។
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏នឹងជួបប្រជុំទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក មហាធា នឹងពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍រួម ផងដែរ ។ បន្ទាប់មកនាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន និងធ្វើការប្រកាសព័ត៌មានរួមគ្នា ។
ក្នុងនោះដែរ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌលព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!