លោក ហេង សំរិន ដឹកនាំគណៈប្រតិភូសភា និវត្តន៍មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានចូលរួមមហាសន្និបាតអាយប៉ា នៅប្រទេសថៃ
លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានដឹកនាំគណៈប្រតិភូសភា ធ្វើនិវត្តន៍មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានចូលរួមមហាសន្និបាត AIPA នៅទីក្រុង ប្រទេសថៃ ។
បន្ទាប់ពីបានចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន ប្រកបដោយជោគជ័យ ក្នុងការពង្រឹងពង្រីកវិស័យការទូតសភាក្នុងក្របខណ្ឌពហុភាគី និងទ្វេភាគី នៅឯប្រទេសថៃរួចមក នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ លោក ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព ។
កំឡុងពេលចូលរួមមហាសន្និបាតនេះ លោក ហេង សំរិន ប្រធានរដ្ឋភា និងសមាជិកគណៈប្រតិភូ បានចូលរួមកិច្ចប្រជុំជាច្រើន តាមវិស័យនានារបស់AIPA មានវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងកិច្ចការអាយប៉ា និងកិច្ចសន្ទនាជាមួយប្រទេសសង្កេតការណ៍ ។
ជាមួយគ្នានោះ លោក ហេង សំរិន ក៏បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិមួយចំនួនទៀត ផងដែរ ក្នុងការពង្រឹង និងពង្រីកវិស័យការទូតសភា មានដូចជា ជួបពិភាក្សាការងារ ជាមួយប្រធានរដ្ឋសភាប្រទេសថៃ ដែលជាម្ចាស់ផ្ទះមហាសន្និបាត ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម ប្រធានរដ្ឋសភាម៉ារ៉ុក និងអនុប្រធានរដ្ឋសភាឡាវ ជាដើម ។
សូបជម្រាបជូនថា អន្តរសភាអាស៊ាន ដែលហៅកាត់ថា AIPA មានសមាជិក ១០ប្រទេស ក្នុងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ មាន ៖ ប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេសុី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន បានជួបប្រជុំប្រចំាឆ្នាំក្នុងប្រទេសថៃ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ដើម្បីពង្រឹងភាពជាដៃគូរវាង AIPA និងអាស៊ាន។ ភាពជាដៃគូរវាង AIPA ជាមួយប្រទេសនិងអង្គការជាដៃគូ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងអន្តរជាតិ ដូចជាបញ្ហាស្រ្តី កុមារ ពាណិជ្ជកម្ម សន្តិសុខ បរិស្ថាន និងគ្រឿងញៀន ជាដើម ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!