គណៈមេធាវី ចេញសេចក្ដីថ្លែងការណ៍ ពាក់ព័ន្ធនឹងបញ្ហាមិនប្រក្រតីក្នុងប្រព័ន្ធតុលាការ លើអំពើពុករលួយតាមរយៈមេធាវី
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីថ្លែការណ៍ ពាក់ព័ន្ធនឹងការប្រកាសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការបញ្ជាអោយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ពិនិត្យបញ្ហាមិនប្រក្រតីក្នុងប្រព័ន្ធតុលាការ លើអំពើពុករលួយតាមរយៈមេធាវី ។
សេចក្ដីថ្លែងការណ៍របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា យោងតាមអនុសាសន៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នេះ គណៈមេធាវី នឹងពិនិត្យលើសកម្មភាពប្រកបវិជ្ជាជិវៈមេធាវីអោយបានម៉ឺងម៉ាត់បំផុត ហើយសហការជាមួយស្ថាប័ននិងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តន៍អនុសាសន៍របស់លោកនាយករដ្ឋមន្រ្តី អោយមានប្រសិទ្ធភាពខ្ពស់ ។
គណៈមេធាវី បានបញ្ជាក់ថា ដើម្បីចូលរួមពង្រឹងការអនុវត្តច្បាប់ និងយុត្តិធម៌សង្គម កន្លងមក គណៈមេធាវី បានបង្កើតនូវយន្តការសម្រាប់ការពិនិត្យ និងការដាក់ទណ្ឌកម្មវិន័យចំពោះមេធាវី ដែលប្រព្រឹត្តផ្ទុយនឹងច្បាប់ និងក្រមសីលធម៌មេធាវី តាមរយៈការបង្កើតនាយកដ្ឋានអធិការកិច្ច សម្រាប់ទទួលពាក្យបណ្ដឹង ស៊ើបអង្កេត និងកសាងសំណុំរឿងដាក់ជូនគណៈកម្មការវិន័យ និងក្រុមប្រឹក្សាគណៈមេធាវី ដើម្បីពិនិត្យ និងសម្រេច ។
ក្នុងនោះដែរ គណៈមេធាវី បានអំពាវនាវដល់សមាជិក សមាជិកាគណៈមេធាវីអោយបន្តរួមចំណែកពង្រឹងនីតិរដ្ឋនៅប្រទេសកម្ពុជា ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយតាមគ្រប់រូបភាព បន្តលើកកម្ពស់តម្លៃវិជ្ជាជីវៈមេធាវី និងកិត្យានុភាពនៃគណៈមេធាវី ព្រមទាំងបន្តរាយការណ៍មកគណៈមេធាវី អោយបានទាន់ពេលវេលា និងសកម្មបំផុតនូវរាល់សកម្មភាពមិនប្រក្រតីនានា ដែលបានកើតក្នុងប្រព័ន្ធយុត្តិធម៌ ដោយគណៈមេធាវីរីករាយនឹងទទួលពាក្យបណ្ដឹង ឬព័ត៌មាននានា ពីសាធារណៈជនពាក់ព័ន្ធនឹងភាពមិនប្រក្រតីទាក់ទងនឹងការប្រកបវិជ្ជាជីវៈមេធាវី ដែលបានប្រព្រឹត្តផ្ទុយនឹងច្បាប់ និងក្រមសីលធម៌មេធាវី ។
ជាមួយគ្នានេះ លោក ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានបង្ហាញការសាទរចំពោះសេចក្ដីថ្លែងការណ៍របស់គណៈមេធាវី នៃកម្ពុជានេះ គឺជាការបង្ហាញអោយឃើញនូវការខិតខំរបស់គណៈមេធាវី ក្នុងការពង្រឹងវិជ្ជាជីវៈមេធាវីអោយកាន់មានភាពល្អប្រសើរបន្ថែមទៀត និងដើម្បីធានានូវភាពយុត្តិធម៌ ក៏ដូចជាការប្រឆាំងការប្រព្រឹត្តអំពើពុករលួយក្នុងប្រព័ន្ធតុលាការនៅកម្ពុជា ។ សំឡេង ៖
លោក ពេជ្រ ស្រស់ បានគូសបញ្ជាក់ថា លោករង់ចាំទទួលព៍ត៌មាន ឬភាពមិនប្រក្រតីទាំងឡាយណា ដែលទាក់ទងនឹងការប្រព្រឹត្តអំពើពុករលួយ ឬការបំពេញតួនាទីណាដែលផ្ទុយនឹងច្បាប់ និងវិជ្ជាជិវៈមេធាវី ដើម្បីធ្វើការរាយការណ៍បន្តទៅលើស្ថាប័នពាក់ព័ន្ធ ជាពិសេសគណៈមេធាវីនៃកម្ពុជា តែម្ដង ។ សំឡេង ៖
សូមជម្រាបជូនថា កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៩ ក្នុងកិច្ចប្រជុំប្រចាំឆមាសរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក្រោមវត្តមានរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយលោកនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ណែនាំអោយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គវង្ស វឌ្ឍនា ចុះពិនិត្យបញ្ហាមិនប្រក្រតីក្នុងប្រព័ន្ធតុលាការនៅកម្ពុជា ជាពិសេសការប្រព្រឹត្តអំពើពុករលួយតាមរយៈមេធាវី ដែលយកលុយរបស់កូនក្ដីទៅសូកប៉ាន់ក្រឡាបញ្ជី និងចៅក្រម ជាដើម ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!