សកម្មជនការពារព្រៃឈើ ៖ ការចុះត្រួតពិនិត្យរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទៅលើក្រុមហ៊ុន ស៊ីងបាយអូថេក ហាក់ជាការជួយសម្រួលអោយមានភាពស្របច្បាប់ដល់ក្រុមហ៊ុន ក្នុងការកាប់បំផ្លាញ និងដឹកជញ្ជូនឈើ បន្ថែមទៀតទៅវិញ
សកម្មជនការពារព្រៃឈើ បញ្ជាក់ថា ការចុះត្រួតពិនិត្យរបស់ក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទៅលើក្រុមហ៊ុន ស៊ីងបាយអូថេក កន្លងមក ហាក់ជាការជួយសម្រួលអោយមានភាពស្របច្បាប់ដល់ក្រុមហ៊ុនមួយនេះ ក្នុងការកាប់បំផ្លាញ និងដឹកជញ្ជូនផល អនុផលព្រៃឈើ បន្ថែមទៀត ទៅវិញ ខណៈអ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជម្រុញអោយអ្នកទាំងនោះ យកភស្តុតាងទៅប្ដឹងស្ថាប័នតុលាការ ។
សកម្មជនការពារព្រៃឈើ លោក ហេង ស្រស់ បានលើកឡើងថា ការចុះត្រួតពិនិត្យរបស់ក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទៅលើក្រុមហ៊ុន ស៊ីងបាយអូថេក កន្លងមក ហាក់ជារូបភាពដែលមានការរៀបចំទុកជាមុន ក្នុងការឃុតឃិតគ្នារវាងក្រុមហ៊ុន និងក្រុមការងារគណៈកម្មការជាតិ ដែលធ្វើអោយមានការកាប់បំផ្លាញព្រៃឈើយ៉ាងអណាធិបតេយ្យ ខណៈដែលសហគមន៍ព្រៃឡង់ ព្រមទាំងពលរដ្ឋ បានអះអាងថា ក្រុមហ៊ុន ស៊ីងបាយអូថេក បានលួចចូលកាប់ឈើចេញពីតំបន់ព្រៃឡង់ រួមទាំងកាប់ដើមជ័រច្បោះរបស់ប្រជាសហគមន៍ថែមទៀតផង ។ សំឡេង ៖
លោក ហេង ស្រស់ បានជម្រុញអោយ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រូវបំពេញតួនាទីភារកិច្ចរបស់ខ្លួនអោយបានត្រឹមត្រូវ ដោយត្រូវធ្វើការស៊ើបអង្កេតអោយបានច្បាស់លាស់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឯករាជ្យភាព និងតម្លាភាព ដោយលោក ហេង ស្រស់ សង្កត់ធ្ងន់ថា គណៈកម្មការ មិនមែនគ្រាន់តែចុះទៅត្រួតពិនិត្យ រួចហើយទៅជាការសម្រួលអោយក្រុមហ៊ុន មានភាពស្របច្បាប់ក្នុងការកាប់បំផ្លាញ និងដឹកជញ្ជូនផល-អនុផលព្រៃឈើ បន្ថែមទៀតទៅវិញនោះទេ ។ សំឡេង ៖
ជាមួយគ្នានេះ ប្រជាសហគមន៍ការពារព្រៃឡង់ បានថ្លែងប្រាប់វិទ្យុសំឡេងយុវជន ថា ក្រុមហ៊ុន ស៊ីងបាយអូថេក នៅតែបន្តចូលកាប់បំផ្លាញព្រៃឈើ ក្នុងតំបន់ការពារព្រៃឡង់ ជាដដែល ដោយប្រជាសហគមន៍រូបនេះ បានលើកឡើងថា បទល្មើសកាប់បំផ្លាញព្រៃឈើនានា គណៈកម្មការ បានចុះបង្ក្រាបជាច្រើនករណីមកហើយ ប៉ុន្តែសម្រាប់ក្រុមហ៊ុន ស៊ីងបាយអុថេក គណៈកម្មការមិនមានវិធានការនោះអ្វីទេ ផ្ទុយទៅវិញ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ហាក់មានតែការជួយសម្រួលអោយក្រុមហ៊ុនមួយនេះ កាប់ និងដឹកជញ្ជូនព្រៃឈើ បានយ៉ាងរលូនទៅវិញ ។ សំឡេង ៖
ដោយឡែក លោក អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានថ្លែងប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃនេះដែរ ថា សូមអោយអ្នកដែលលើកឡើងថា ក្រុមហ៊ុន ស៊ីងបាយអូថេក បានប្រព្រឹត្តល្មើសច្បាប់ ក្នុងបទល្មើសព្រៃឈើនោះ យកភស្តុតាង ឬរបាយការណ៍មកបង្ហាញនៅស្ថាប័នតុលាការ ពីព្រោះករណីទាំងអស់ សុទ្ធតែបានបញ្ជូនទៅស្ថាប័នតុលាការ ។ សំឡេង ៖
ទោះបីយ៉ាងណាក៏ដោយ សកម្មភាពការពារព្រៃឈើ លោក ហេង ស្រស់ បានលើកឡើងថា ជាកាតព្វកិច្ចរបស់គណៈកម្មការ ត្រូវតែធ្វើការស៊ើបអង្កេតទៅលើករណីទាំងអស់នេះ ដោយមិនចាំបាច់ប្រជាពលរដ្ឋធ្វើការរាយការណ៍នោះទេ ដោយលោកគូសបញ្ជាក់ថា រាល់ការរាយការណ៍របស់ប្រជាពលរដ្ឋ ឬសកម្មជនព្រៃឈើ ត្រូវបានរដ្ឋាភិបាល ក៏ដូចជាស្ថាប័នមានសមត្ថកិច្ច ធ្វើការបដិសេធ និងច្រានចោលព័ត៌មាន ឬរបាយការណ៍ទាំងអស់នោះ ទៀតផង មួយវិញទៀតនោះ នៅពេលដែលមានការលើកឡើងរបស់ប្រជាពលរដ្ឋ ឬ សកម្មជនព្រៃឈើ ទៅលើការប្រព្រឹត្តល្មើសច្បាប់របស់ក្រុមហ៊ុននានា ក្នុងបទល្មើសព្រៃឈើ តែងតែទទួលបានការគំរាមកំហែងជារឿងៗ ដែលជាហេតុធ្វើអោយពួកគាត់ មិនសូវហ៊ានចេញមុខក្នុងការផ្ដល់ព័ត៌មានផ្សេងៗ ដោយបារម្ភពីសុវត្ថិភាពរបស់ខ្លួន ផងដែរ ។ សំឡេង ៖
សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៩ កន្លងទៅ ក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រា្កបបទល្មើសធនធានធម្មជាតិ ដែលដឹកនាំដោយលោក ដួង សារី នាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពីតំណាងកងរាជអាវុធហត្ថខេត្តក្រចេះ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ រួមជាមួយនិងមន្រ្តីជំនាញពីស្ថាប័នមានសមត្ថកិច្ចជាច្រើនរូបទៀត បានចុះត្រួតពិនិត្យក្រុមហ៊ុន ស៊ីងបាយអូថេក ដោយគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានរកឃើញកំហុសឆ្លងមួយចំនួនរបស់ក្រុមហ៊ុន រួមមាន ៖ ក្រុមហ៊ុនបានទទួលយកជនបរទេសចំនួន ៥ នាក់ អោយធ្វើការនៅក្រុមហ៊ុនដោយមិនមានឯកសារត្រឹមត្រូវ គ្រឿងចក្ររបស់ក្រុមហ៊ុន មិនទាន់មានផ្លាកសញ្ញារបស់រដ្ឋបាលព្រៃឈើ ជាក្រុមហ៊ុនទើបតែផ្លាស់ប្ដូរម្ចាស់ថ្មី ដូច្នេះការអនុវត្តសកម្មភាពការងារ មិនបានត្រឹមត្រូវតាមផែនការមេ និងឯកសារគតិយុត្តិ ជាដើម ដោយគណៈកម្មការរកមិនឃើញថា ក្រុមហ៊ុនបានប្រព្រឹត្តខុសក្នុងបទល្មើសព្រៃឈើនោះទេ ។ ក្នុងនោះដែរ គណៈកម្មការពិនិត្យឃើញថា ក្រុមហ៊ុននេះទើបតែផ្ទេរពីក្រុមហ៊ុនចាស់ ដោយបានបន្សល់ឈើមូល កូនឈើចម្រុះជាច្រើនមិនទាន់វាស់វែង ហេតុដូច្នេះ ក្រុមហ៊ុនត្រូវសហការជាមួយសមត្ថកិច្ចជំនាញវ៉ាស់វែង និងត្រូវបង់ពន្ធអោយបានឆាប់ ក្រុមហ៊ុនត្រូវស្នើសុំបិទស្លាកសញ្ញា របស់រដ្ឋបាលព្រៃឈើលើគ្រឿងចក្រ មធ្យោបាយដឹកជញ្ជូនឈើរបស់ក្រុមហ៊ុន ក្រុមហ៊ុន ត្រូវបំពេញឯកសារកតិយុត្តិអោយត្រឹមត្រូវ ក្នុងការអនុវត្តផែនការរបស់ខ្លួន ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!