និស្សិតឆ្នើម ហុង ភារិន ជួបសម្ដែងការគួរសម ជាមួយនឹងលោកស្រី ម៉ែន សំអន
លោកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតិអោយនិស្សិតឆ្នើម ហុង ភារិន ចូលជួប និងសំដែងការគួរសម នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ នេះ នៅទីស្តីការក្រសួង ។
នៅក្នុងពីធីសំណេះសំណាល លោកស្រី ម៉ែន សំអន បាន បានទទួលស្វាគមន៍ និងកោតសរសើរចំពោះទេពកោសល្យរបស់ យុវជន ហុង ភារិន ដែលមានសមត្ថភាពពិសេសអាចចងចាំបានយ៉ាងល្អ និងបានចូលរួមអបអរសាទរចំពោះគ្រួសារ យុវជន ហុង ភារិន ដែលមានកូនឆ្លាត និងបានបង្ហាញនូវសម្ថភាពដ៏អស្ចារ្យ ដែលប្រទេសជិតខាងបានទទួលស្គាល់ថា ជាមនុស្សអច្ឆរិយៈ ។
ក្នុងឱកាសនោះផងដែរ លោកស្រី ម់ែន សំអន ក៏បានក្រើនរំលឹកដល់យុវជន ហុង ភារិន អោយខិតខំប្រឹងប្រែងបង្កើននូវសមត្ថភាពផ្ទាល់ខ្លួនបន្ថែមទៀត ដោយមិនត្រូវភ្លេចខ្លួនឡើយ ទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ។
ជាការឆ្លើយតប យុវជន ហុង ភារិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះការបណ្តុះបណ្តាលធនធានមនុស្ស និងបានថ្លែងអំណរគុណចំពោះលោកស្រី ម៉ែន សំអន ដែលបានអនុញ្ញាអោយលោកបានជួបសំដែងការគួរសម និងបានទទួលនូវអនុសាសន៍ល្អៗសម្រាប់យកទៅអភិវឌ្ឍន៍ខ្លួនបន្ថែមទៀត ផងដែរ ។
លោក ភារិន ក៏បានប្តេជ្ញាថា នឹងអភិវឌ្ឍន៍ខ្លួនបន្ថែមទៀតដែលពាក់ព័ន្ធនឹងជំនាញអភិវឌ្ឍន៍ជនបទ ដើម្បីចែករំលែកចំណេះដឹងរបស់លោកដល់សិស្សនិស្សិតកម្ពុជា និងចង់សម្រេចនូវក្តីសុបិន្តចំនួន ពីរ របស់លោកគឺ ៖
ទី១. លោកនឹងយកនូវចំណេះដឹងផ្នែកអភិវឌ្ឍន៍ជនបទ មកចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាអោយកាន់តែរីកចម្រើនថែមទៀត ។
ទី២. លោកមានបំណងចង់បង្ហាញអំពីសមត្ថភាពរបស់កូនខ្មែរ និងទង់ជាតិខ្មែរ នៅក្នុងការប្រកួតការចងចាំលំដាប់ថ្នាក់ពិភពលោក ដែលនឹងប្រពឹត្តទៅនៅខែធ្នូ នៅប្រទេសចិន នាពេលខាងមុខនេះ ។
ជាមួយគ្នានោះ លោកស្រី ម៉ែន សំអន ក៏បានជូនពរអោយលោក ហុង ភារិន មានសុខភាពល្អ និងបានសម្រេចនូវបំណងប្រាថា្នដែលខ្លួនចង់បាននាពេលអនាគត ជាពិសេស សូមអោយយុវជន ហុង ភារិន បានទទួលជោគជ័យក្នុងការប្រកួតប្រជែងការចងចាំលំដាប់ពិភពលោក នៅប្រទេសចិន នាពេលខាងមុខនេះ ដើម្បីលើកកម្ពស់កិត្តិយសគ្រួសារផង និងកិត្តិយសប្រទេសជាតិ ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!