ថវិកាសន្សំរបស់រាជរដ្ឋាភិបាលចំនួន ១០០ លានដុល្លា ត្រូវបានអនុញ្ញាតអោយប្រើប្រាស់ចំពោះការស្ថាបនា ជួសជុល កសាងផ្លូវក្នុងក្រុង ផ្លូវវាងក្រុង ប្រព័ន្ធរំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកង្វក់ក្នុងខេត្តព្រះសីហនុ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអនុញ្ញាតអោយប្រើប្រាស់ថវិកាសន្សំរបស់រាជរដ្ឋាភិបាលចំនួន ១០០លានដុល្លារអាមេរិក និងណែនាំអោយអនុវត្តន៍គោលការណ៍ «យកស្លឹកត្នោតខ្ចប់ស្ករត្នោត» ចំពោះការស្ថាបនា ជួសជុល កសាងផ្លូវក្នុងក្រុង ផ្លូវវាងក្រុង ប្រព័ន្ធរំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកង្វក់ក្នុងខេត្តព្រះសីហនុ ។
ក្នុងកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធជាបន្ទាន់មួយ ដែលដឹកនាំដោយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហៅកាត់ (គ.ស.ហ) បានពិនិត្យ និងពិភាក្សាអំពី «ការធ្វើអាទិភាវូបនីយកម្ម ក្នុងការជួសជុល និងសាងសង់ផ្លូវថ្នល់ ក្នុងខេត្តព្រះសីហនុ» ដោយរាជរដ្ឋាភិបាល បានសម្រេចផ្ដល់អោយនូវថវិកាសន្សំរបស់រាជរដ្ឋាភិបាល ចំនួន ១០០ លានដុល្លាអាមេរិក និងធ្វើការណែនាំអោយអនុវត្តន៍គោលការណ៍ យកស្លឹកត្នោតខ្ចប់ស្ករត្នោត ។
បន្ថែមលើសេចក្តីសម្រេចរបស់កិច្ចប្រជុំ គ.ស.ហ កាលពីថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៩ និងដើម្បីឆ្លើយតបអោយកាន់តែមានប្រសិទ្ធភាពខ្ពស់ តាមសេចក្តីត្រូវការចាំបាច់ជាក់ស្តែងនៅខេត្តព្រះសីហនុ កិច្ចប្រជុំ គ.ស.ហ បន្ទាន់នេះ បានពិនិត្យ និងពិភាក្សាលើការកំណត់ជាអាទិភាព ដោយរៀបចំក្របខណ្ឌ យន្តការនៃការអនុវត្តការងារអោយបានច្បាស់លាស់ ចំពោះការជួសជុល កសាងផ្លូវក្នុងក្រុង ផ្លូវវាងក្រុង ប្រព័ន្ធរំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកង្វក់ ក្នុងខេត្តព្រះសីហនុនេះ ក្នុងគោលបំណងដើម្បីធានាបាននូវប្រសិទ្ធភាពការងារ សំណង់ប្រកបដោយគុណភាព ទាន់ពេលវេលា ក៏ដូចជាតម្លៃនៃថវិកា ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!