ពលរដ្ឋរស់នៅតាមចិញ្ចើមផ្លូវនៅចំណុចស្ពានឆេះភូមិ ៦ចំនួន៤៥គ្រួសារ បានការសម្រេចចិត្តរុះរើសំណង់របស់ខ្លួនចេញពីចិញ្ចើមផ្លូវ
ក្រោមការសម្របសម្រួល និងដោះស្រាយរបស់អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ប្រជាពលរដ្ឋរស់នៅតាមចិញ្ចើមផ្លូវនៅចំណុចស្ពានឆេះភូមិ ៦ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចំនួន៤៥គ្រួសារ បានការសម្រេចចិត្តរុះរើសំណង់របស់ខ្លួនចេញពីចិញ្ចើមផ្លូវ ។
នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ប្រជាពលរដ្ឋរស់នៅតាមចិញ្ចើមផ្លូវនៅចំណុចស្ពានឆេះភូមិ ៦ ក្រុង-ខេត្តព្រះសីហនុ ចំនួន៤៥គ្រួសារ បានការសម្រេចចិត្តរុះរើសំណង់របស់ខ្លួនចេញពីចិញ្ចើមផ្លូវអស់ហើយ ដោយរដ្ឋបាលខេត្តបានធ្វើការដោះដូរជូនពួកគាត់ ទំហំ ៥.មx២០.ម ក្នុងមួយគ្រួសារ១ឡូត៍ ដែលមានទីតាំងនៅផ្លូវចូលទៅតំបន់រមណីយដ្ឋានក្បាលឆាយ ស្ថិតនៅក្នុងភូមិ ១ សង្កាត់លេខ ១ ក្រុងព្រះសីហនុ ។
ដោយលោក គួច ចំរើន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋចំនួន ៤៥គ្រួសារ តាមរយៈរដ្ឋបាលខេត្តព្រះសីហនុ ដោយក្នុងមួយគ្រួសារទទួលបានដីទំហំ ៥ម៉ែត្រ គុណនឹង ២០ម៉ែត្រ សម្រាប់ជាដីកម្មសិទ្ធិស្របច្បាប់ ។ ក្នុងនោះដែរ លោក គួច ចំរើន បានលើកឡើងថា រដ្ឋបាលខេត្ពព្រះសីហនុ នឹងជួយដោះស្រាយកិច្ចការផ្នែករដ្ឋបាលទូទៅ ដោយរៀបចំប្រព័ន្ធ ទឹក ភ្លើង និងរៀបចំបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផងដែរ ។
ក្នុងឱកាសនោះ រដ្ឋបាលខេត្ពព្រះសីហនុ ក៏បានជួយដោះស្រាយកិច្ចការបឋមចំពោះមុខ ដោយក្នុងមួយគ្រួសារទទួលបាន៖ ស័ង្កសី ២០សន្លឹក ,តង់ ២ ,ទឹកសុទ្ធ ៥កេស ,ទឹកត្រី ២ដប ,ទឹកសីអុីវ ២ដប ,មីកំប៉ុង ២ដុំ ,ត្រីខកំប៉ុង ១០កំប៉ុង ,អង្ករ ៤០គីឡូក្រាម និងថវិការ ២០មុឺនរៀល ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!