អង្គការសង្គមស៊ីវិល ៖ ការអញ្ជើញអង្គការសង្គមស៊ីវិល ពីសំណាក់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ជាការវិវត្តថ្មីមួយរបស់កម្ពុជា
អង្គការសង្គមស៊ីវិល កត់សម្គាល់ឃើញថា ការអញ្ជើញប្រធានអង្គការមិនមែនរដ្ឋាភិបាល ពីសំណាក់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះ ជាការវិវត្តថ្មីមួយទៀតរបស់កម្ពុជា ទៅលើសិទ្ធិសេរីភាពបញ្ចេញមតិរបស់អង្គការមិនមែនរដ្ឋាភិបាល ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញលិខិតអញ្ជើញនាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ដើម្បីចូលរួមប្រជុំពិភាក្សាចង្អៀត ស្ដីពី សេចក្ដីសម្រេចចិត្តដ៏សំខាន់ ដែលធ្វើអោយកម្ពុជា ( Cambodai' s Crossroads ) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៩ ខាងមុខនេះ ។
ជាការឆ្លើយតបនឹងការអញ្ជើញនេះ លោក ព្រាប កុល បានលើកឡើងថា ការិយាល័យអង្គការតម្លាភាពនៅកម្ពុជា បានទទួលលិខិតរបស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលរួចហើយ ដោយលោកសូមថ្លែងអំណរគុណចំពោះការអញ្ជើញនេះ ប៉ុន្តែលោក ព្រាប កុល បានបញ្ជាក់ថា លោកកំពុងជាប់រវល់បំពេញបេសកកម្មអន្តរជាតិនៅទ្វីបអឺរ៉ុប ដូច្នេះលោកមិនអាចទៅចូលរួមប្រជុំតាមកាលវិភាគនៃការអញ្ជើញនេះបានទេ ។ នេះបើយោងតាមការលើកឡើងរបស់លោក ព្រាប កុល នៅលើបណ្ដាញទំនាក់ទំនងសង្គម ហ្វេសបុករបស់លោកផ្ទាល់ ។
ក្នុងនោះដែរ លោកបានកត់សម្គាល់ឃើញថា ថ្មីៗនេះ មានការអញ្ជើញប្រធានស្ថាប័ន/អង្គការសង្គមស៊ីវិលពីសំណាក់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល ជាបន្តបន្ទាប់ ក្រោយមានការធ្វើអត្ថាធិប្បាយអំពីបញ្ហាសង្គម ឬក្រោយមានការសម្តែងមតិនៅតាមរយ:សារព័ត៌មាន ដែលលោក ចាត់ទុកថា នេះគឺជាការវិវត្តថ្មីមួយនៅកម្ពុជា ដែលគួរជាទីចាប់អារម្មណ៍ ។
ជាមួយគ្នានេះ លោក អំ សំអាត មន្រ្តីជាន់ខ្ពស់នៃអង្គការលីកាដូ ដែលធ្លាប់ទទួលការអញ្ជើញរបស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល ដែរនោះ លោកសង្កេតឃើញថា ការអញ្ជើញនេះ គឺជាការបង្ហាញនូវបរិបទភាពជាដៃគូរវាងស្ថាប័នរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ប៉ុន្តែលោក គូសបញ្ជាក់ថា ជាការកត់សម្គាល់មួយទៀតនោះ ការអញ្ជើញនេះ ជារឿងថ្មីមួយ ក្រៅពីបង្ហាញពីភាពជាដៃគូ ក៏ពាក់ព័ន្ធនឹងសិទ្ធិសេរីភាពក្នុងបញ្ចេញមតិយោបល់របស់សអង្គការសង្គមស៊ីវិល តាមរយៈរបាយការណ៍របស់ខ្លួន ផងដែរ ។
មន្រ្តីអង្គការលីកាដូ រូបនេះ ក៏បានអះអាងដែរថា សិទ្ធិសេរីភាព និងសកម្មភាពមួយចំនួនរបស់អង្គការសង្គមស៊ីវិល នៅតែមានការរឹតត្បិតជាដដែល ដោយនៅមានការឃ្លាំងមើលពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចជានិច្ច ជាពិសេសអង្គការសង្គមស៊ីវិល ដែលធ្វើការទៅលើការបញ្ចេញមតិ សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ជាដើម បើទោះបីមានការប្រកាសរបស់ក្រសួងមហាផ្ទៃ ក្នុងការជួយសម្រួលអោយមានកិច្ចសហការគ្នារវាងអង្គការសង្គមស៊ីវិលជាមួយអាជ្ញាធរមូលដ្ឋាន យ៉ាងណាក្ដី ។
ស្រដៀងគ្នានេះដែរ លោក ហឹម យន់ ប្រធានអង្គការសម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម គូសបញ្ជាក់ថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងតែមានកិច្ចសហការល្អជាមួយនឹងអង្គការសង្គមស៊ីវិល ដោយធ្វើការបើកចំហចំពោះសិទ្ធិសេរីភាពនានា ដោយមិនមានការរឹតត្បិតអ្វីនោះទេ ប៉ុន្តែសម្រាប់មន្រ្តី ក៏ដូចជាអាជ្ញាធរមូលដ្ឋានមួយចំនួន ហាក់មិនទាន់យល់ច្បាស់អំពីកិច្ចសហការ និងតួនាទីភារកិច្ចរបស់អង្គការសង្គមស៊ីវិលនៅកម្ពុជា នៅឡើយទេ ដោយនៅមានការរំខាន ចុះឃ្លាំងមើលរាល់សកម្មភាពក្នុងការបំពេញការងារបស់អង្គសង្គមស៊ីវិលនៅតាមមូលដ្ឋាន ។
គួរកត់សម្គាល់ដែរថា ការលើកឡើងរបស់អង្គការសង្គមស៊ីវិល នាពេលនេះ បន្ទាប់ពីមើលឃើញថា ក្នុងរយៈពេលចុងក្រោយនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលទើបតែបង្កើតឡើងថ្មីៗនេះ បានធ្វើការអញ្ជើញប្រធានស្ថាប័ន ឬ អង្គការមិនមែនរដ្ឋាភិបាល ជាបន្តបន្ទាប់ ក្រោយអង្គការមិនមែនរដ្ឋាភិបាលមួយចមួយចំនួន បានបញ្ចេញមតិយោបល់ ទៅលើស្ថានភាព ក៏ដូចជាបញ្ហានានារបស់សង្គម បច្ចុប្បន្ននេះ ។ ដោយក្នុងនោះ ក្រៅពីការចេញលិខិតអញ្ជើញលោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា កន្លងទៅ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ក៏បានអញ្ជើញប្រធានអង្គការលីកាដូ លោក ពុង ឈីវកេត និងនាយកប្រតិបត្តិសមាគមធាងត្នោត លោក សឿង សារ៉ន ដើម្បីចូលប្រជុំពិភាក្សាចង្អៀត លើការចេញរបាយការណ៍របស់អង្គការទាំងពីរ ទាក់ទងនឹងបញ្ហានៃការរំលោភបំពានសិទ្ធិមនុស្សក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងបំណុលរដ្ឋពល ផងដែរ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!