អ្នកនយោបាយវ័យក្មេង ៖ ខេត្តព្រះសីហនុ ហាក់មិនទាន់មានការវិវត្តប្រែប្រួលអ្វីគួរអោយកត់សម្គាល់នៅឡើយនោះទេ
អ្នកនយោបាយ និងសង្គមស៊ីវិល មើលឃើញថា ខេត្តព្រះសីហនុ ហាក់មិនទាន់មានការវិវត្តប្រែប្រួលអ្វីគួរអោយកត់សម្គាល់នៅឡើយនោះទេ ដោយអ្នកទាំងនោះ អះអាងថា បញ្ហាប្រឈមនានារបស់ខេត្តមួយនេះ នៅតែជាបញ្ហាស្មុគស្មាញ ដែលទាមទារអោយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ត្រូវមានការយកចិត្តទុកដាក់ និងរិះរកដំណោះស្រាយបន្ថែមទៀត ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
ថ្លែងប្រាប់វិទ្យុសំឡេងយុវជន វីអូវ៉ាយ នៅថ្ងៃនេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា ស្ថានភាព ក៏ដូចជាបញ្ហាប្រឈមនានា ដែលកើតមានក្នុងខេត្តព្រះសីហនុ ហាក់មិនទាន់មានការប្រែប្រួលអ្វីគួរអោយកត់សម្គាល់នៅឡើយ ដោយលោកបញ្ជាក់ បញ្ហានៅតែបន្តកើតឡើងជាដដែល ដែលពិបាកក្នុងការរកដោះស្រាយ ដោយសារបញ្ហាប្រឈមទាំងនោះ សុទ្ធតែជាបញ្ហារ៉ាំរៃ បន្សល់ទុកជាយូរមកហើយ ។ ប៉ុន្តែលោក ពេជ្រ ស្រស់ ក៏បានមើលឃើញដែរថា ក្រោយការរាជរដ្ឋាភិបាល សម្រេចបិទល្បែងអេឡិចត្រូនិច រួចមក បានធ្វើអោយជនជាតិចិនជាច្រើនដែលស្នាក់នៅក្នុងខេត្តព្រះសីហនុ បានសម្រុកចាកចេញ ដែលបានធ្វើបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ អាចនឹងមានភាពល្អប្រសើរឡើងបន្តិច ផងដែរ ។
ដើម្បីធានាបាននូវការគ្រប់គ្រង និងអនុវត្តន៍ភារកិច្ចការងារអោយមានប្រសិទ្ធភាពបន្ថែមទៀតនោះ លោក ពេជ្រ ស្រស់ បានជម្រុញអោយរដ្ឋបាល ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវមានការអនុវត្តច្បាប់អោយតឹងរឹង ប្រកបដោយឯករាជ្យភាព តម្លាភាព និងប្រសិទ្ធភាពខ្ពស់ ព្រមទាំងត្រូវមានការគ្រប់គ្រងទៅលើសេវាកម្មទេសចរណ៍ក្នុងខេត្តអោយបានល្អប្រសើរ មានតម្លៃសមរម្យ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិបន្ថែមទៀត ។
សម្រាប់ ប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានមើលឃើញថា រដ្ឋបាលខេត្តព្រះសីហនុ នាពេលសព្វថ្ងៃនេះ កំពុងតែខិតខំប្រឹងប្រែងក្នុងការបម្រើពលរដ្ឋពល ក៏ដូចជាកំពុង រកនូវដំណោះស្រាយផ្សេងៗ ក្នុងការដោះស្រាយបញ្ហានានា ក្នុងខេត្ត ផងដែរ ក៏ប៉ុន្តែមិនទាន់បានល្អទាំងស្រុងនោះឡើយ ជាពិសេសបញ្ហាទំនាស់ដីធ្លី ដែលកើតមានក្នុងខេត្តព្រហសីហនុ នៅតែជាបញ្ហាប្រឈមខ្លាំង ដែលត្រូវទាមទារពេលវេលាបន្ថែមទៀត ក្នុងដោះស្រាយ ។
លោក វឌ្ឍនាសាប៊ុង បានបន្ថែមថា បញ្ហាប្រឈមទាំងអស់ក្នុងខេត្តព្រះសីហនុ ជាបញ្ហាស្មុគស្មាញដែលបានបន្សល់ទុកពីអ្នកដឹកនាំខេត្តមុនៗ ហើយបានបន្តអោយអ្នកដឹកនាំនាពេលនេះ ដូច្នេះជាការងារចាំបាច់នោះ គឺតម្រូវអោយអភិបាលខេត្តថ្មី ត្រូវធ្វើការដោះស្រាយកម្អែបញ្ហាចាស់ៗ អោយបានអស់ និងត្រូវដាក់វិធានការថ្មីសម្រាប់ចក្ខុវិស័យទៅអនាគត ដែលជាកាតព្វកិច្ចរបស់គណៈអភិបាលខេត្តនាពេលបច្ចុប្បន្ននេះ ធ្វើការស្ដារមុខមាត់ខេត្តព្រះសីហនុ អោយល្អប្រសើរឡើងវិញ ។
ជាមួយគ្នានេះ លោក សន ជ័យ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ក៏បានលើកឡើងស្រដៀងគ្នានេះដែរ ដោយលោក អះអាងថា ខេត្តព្រះសីហនុ មិនទាន់មានការវិវត្តន៍ណាមួយជាដុំកំភួននៅឡើយនោះទេ ទើបតែជាចំណុចចាប់ផ្ដើមដំបូងតែប៉ុណ្ណោះ ដែលលោកសង្ឃឹមថា ជាការចាប់ផ្ដើមមួយដ៏ល្អ ប្រកបដោយប្រសិទ្ធភាព ក្នុងការបំពេញការងារ ភារកិច្ច និងការគ្រប់គ្រងរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់នៃព្រះសីហនុនេះ ។
គួរកត់សម្គាល់ដែរថា ខេត្តព្រះសីហនុ ត្រូវមជ្ឈដ្ឋានទៅទូ មើលថា បាននឹងកំពុងកើតមានឡើងនូវបញ្ហាប្រឈមជាច្រើន ក្នុងខេត្តជាប់ឆ្នេរសមុទ្រ និងជាខេត្តទេសចរណ៍មួយនេះ ដែលក្នុងនោះមាន ៖ បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ភាពអនាធិបតេយ្យរបស់ជនជាតិចិន ទំនាស់ដីធ្លី បញ្ហាហេដ្ឋារចនាសម្ព័ន្ធត្រូវរងការខូចខាត រួមជាមួយបញ្ហាជាច្រើនផ្សេងៗទៀត ដែលសុទ្ធសឹងជាបញ្ហាស្មុគស្មាញ ដែលទាមទារអោយមានការដោះស្រាយ និងមានវិធានការគ្រប់គ្រងអោយបានត្រឹមត្រូវ ច្បាស់លាស់ ទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
ថ្មីៗនេះ ដោយមើលឃើញនូវតម្រូវការចាំបាច់របស់ខេត្តព្រះសីហនុនេះ ប្រមុខរាជរដ្ឋាភិបាល បានសម្រេចអនុញ្ញាតអោយប្រើប្រាស់ថវិកាសន្សំប្រមាណ ១០០លានដុល្លារអាមេរិក ដើម្បី ការស្ថាបនា ជួសជុល កសាងផ្លូវក្នុងក្រុង ផ្លូវវាងក្រុង ប្រព័ន្ធរំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកង្វក់ក្នុងខេត្តព្រះសីហនុនេះ ផងដែរ ដើម្បី ធានាបាននូវប្រសិទ្ធភាពការងារ សំណង់ប្រកបដោយគុណភាព ទាន់ពេលវេលាក៏ដូចជា តម្លៃនៃថវិកា ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!