អ្នកនយោបាយវ័យក្មេង ៖ ការសម្រេចកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល គឺដើម្បីបញ្ជៀសការជាន់ការងារគ្នារវាងថ្នាក់ដឹកនាំនីមួយៗ និងដើម្បីបង្កើន ប្រសិទ្ធភាពការងារបន្ថែមទៀត
អ្នកនយោបាយវ័យក្មេង និងសង្គមស៊ីវិល មើលឃើញថា ការសម្រេចកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល គឺដើម្បីបញ្ជៀសការជាន់ការងារគ្នារវាងថ្នាក់ដឹកនាំនីមួយៗ និងដើម្បីពង្រឹងសមត្ថភាព និងបង្កើននូវប្រសិទ្ធភាពការងារបន្ថែមទៀត ក្នុងការគ្រប់គ្រង និងការទទួលខុសត្រូវរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ផងដែរ ។
រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចជាថ្មីម្តងទៀត ស្តីពីការកែសម្រួលសេចក្តីសម្រេច ស្តីពីការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដោយមានការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រី ក្នុងការទទួលខុសត្រូវ និងគ្រប់គ្រងទៅលើកិច្ចការ ក៏ដូចជាវិស័យសំខាន់ៗនានារបស់រាជរដ្ឋាភិបាល ។
ជាមួយនឹងការការសម្រេចរបស់រាជរដ្ឋាភិបាលនេះដែរ លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ យល់ឃើញថា ជាការធ្វើបច្ចុប្បន្នភាពក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាល ប៉ុណ្ណោះ ដោយសារ កន្លងមក មានការដកតំណែង និងមានការសម្រួលភារកិច្ចការងារទទួលខុសត្រូវមួយចំនួនរបស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល ផងដែរ ដូច្នេះលោក គង់ មុនីកា ចាត់ទុកថា ការកំណត់ជាថ្មីនូវរបៀប និងការបែងចែកភារកិច្ចទទួលខុសត្រូវដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនេះ ជាផ្នែកមួយនៃកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាបាននូវប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល បន្ថែមទៀត ។ សំឡេង ៖
លោក គង់ មុនីកា ក៏មើលឃើញដែរថា ការដឹកនាំរបស់រាជរដ្ឋាភិបាល សព្វថ្ងៃនេះ ក្បាលធំជាងខ្លួន ដោយក្នុងន័យនេះ លោកចង់បញ្ជាក់ថា ដោយការដឹកនាំ និងគ្រប់គ្រងរបស់រដ្ឋាភិបាល មានស្ថាប័នច្រើន ដែលជាហេតុធ្វើអោយក្រសួងស្ថាប័នមួយចំនួន មានការជាន់តួនាទីភារកិច្ចក្នុងការទទួលខុសត្រូវគ្នា ដោយលោក ជម្រុញអោយ រដ្ឋាភិបាល ធ្វើកំណែទម្រង់ស៊ីជម្រៅ បន្ថែមទៀត ក្នុងការកាត់បន្ថយក្បាលម៉ាស៊ីនដឹកនាំ បច្ចុប្បន្ន ដែលមានចំនួនច្រើនលើសលប់បែបនេះ ដើម្បីឆ្លើយតបនឹងប្រសិទ្ធភាពការងារ និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ តាមក្រសួងស្ថាប័ន នានា ។ សំឡេង ៖
ស្រដៀងគ្នានេះ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ មើលឃើញថា ការសម្រេចបែងចែកភារកិច្ចរបស់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល គឺមាននូវគោលបំណងសំខាន់ចំនួន ពីរ ទី ១ . បញ្ជៀសការជាន់ការងារគ្នារវាងថ្នាក់ដឹកនាំនីមួយៗ និងទី ២. ដើម្បីពង្រឹងសមត្ថភាព និងបង្កើននូវប្រសិទ្ធភាពការងារ ក្នុងការគ្រប់គ្រង និងទទួលខុសត្រូវរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ដើម្បីឆ្លើយតបនឹងសេចក្ដីត្រូវការ ព្រមទាំងបញ្ហាប្រឈមនានា ជាក់ស្ដែងនៅចំពោះមុខនេះ ។ សំឡេង ៖
លោក ពេជ្រ ស្រស់ បញ្ជាក់ដែរថា ដោយសារមន្ត្រីជាន់ខ្ពស់មួយចំនួន ហាក់នៅខ្វះការទទួលខុសត្រូវចំពោះភារកិច្ចរបស់ខ្លួន មិនបានខិតខំបំពេញតួនាទីភារកិច្ចអោយបានល្អ រួមទាំងប្រសិទ្ធភាពការងារនៅមានកម្រិត មិនទាន់សមស្របនឹងស្ថានភាពសព្វថ្ងៃ ទើបជាហេតុធ្វើអោយរាជរដ្ឋាភិបាល សម្រេចកំណត់ និងបែងចែកភារកិច្ចយ៉ាងច្បាស់លាស់ដល់សមាជិកទាំងអស់របស់រាជរដ្ឋាភិបាល ។ សំឡេង ៖
ដោយឡែក ប្រធានអង្គការសម្ព័ន្ធដើម្បីសុចរិកភាព និងគណនេយ្យភាពសង្គម លោក ហឹម យន់ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន មានសមាជិកច្រើន ក៏ប៉ុន្តែបើក្រឡេកទៅលើមើលប្រសិទ្ធភាពការងារ និងការគ្រប់គ្រង ហាក់មិនទាន់ទទួលបាននូវលទ្ធផលជាផ្លែផ្កា គួរអោយជាទីពេញចិត្ត នៅឡើយនោះទេ ដែលមិនសមទៅនឹងចំនួនសមាជិករដ្ឋាភិបាលដែលមានចំនួនច្រើនលើសលប់នោះ បើទោះបីជាមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលយ៉ាងណាក្ដី នាពេលកន្លងមក ។ សំឡេង ៖
គូសបញ្ជាក់ដែរថា ការចេញសេចក្តីសម្រេចជាថ្មីនេះ បានធ្វើឡើងបន្ទាប់ពី រាជរដ្ឋាភិបាល បានសម្រេចដកហូតតំណែង លោក ញឹម វណ្ណដា ចេញពីតំណែងទេសរដ្ឋមន្ដ្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ហើយបានសម្រេចតែងតាំង លោក គន់ គីម ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ជំនួសវិញ។
កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចកំណត់របៀបរបបការងារ របស់ថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលម្តងរួចទៅហើយ ក្នុងការកំណត់របបការងារ និងការបែងចែកភារកិច្ចជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ៕ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!