លោក អ៊ិត សំហេង ទទួលជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការងារថៃ
នាល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ចាទុមង្គល សោណាគុន (M.R. Chatumongol Sonakul) រដ្ឋមន្រ្តីការងារ នៃព្រះរាជាណាចក្រថៃ ដែលបានអញ្ជើញចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តីការងារលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារសម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) ក្រោមប្រធានបទ "ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម" ។
លោក អ៊ិត សំហេង បានសម្តែងនូវការស្វាគមន៍ចំពោះលោករដ្ឋមន្រ្តីការងារថៃ ដែលបានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមក្នុងសន្និសីទ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះហើយប្រារព្វធ្វើនៅលើទឹកដីអង្គរ ខេត្តសៀមរាបនាពេលនេះ ។
ភាគីទាំងពីរបានសំដែងការពេញចិត្តលទ្ធផល នៃកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ការងារនៃប្រទេស CLMTV នាថ្ងៃនេះ ដែលបានសម្រេចឯកភាពគ្នាលើសេចក្ដីព្រាងផែនទីបង្ហាញផ្លូវសៀមរាបដើម្បីឆ្ពោះទៅកាន់សេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ត្រីការងារស្ដីពីចល័តភាពនៃរបបសន្ដិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍ក្នុងប្រទេស CLMTV ។
ក្នុងនោះ លោក អ៊ិត សំហេង បានថ្លែងអំណរគុណចំពោះភាគីថៃ ដែលបានសម្របសម្រួលក្នុងការដំណើរការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលធ្វើការនៅប្រទេសថៃ នាពេលកន្លងមក ហើយពលករទាំងនោះទទួលបានការគាំពារពេញលេញស្របតាបច្បាប់នៃប្រទេសថៃផងដែរ។
ជាមួយគ្នានេះ ភាគីថៃនឹងពង្រឹងកិច្ចសហប្រតិបត្តិការ លើពលករខ្មែរដែលនឹងផុតសុពលភាពធ្វើការនៅប្រទេសថៃ ដោយរៀបចំយន្តការបន្ថែមទៀត មិនចាំបាច់តម្រូវឱ្យពលករធ្វើការចំណាយច្រើនត្រឡប់មកប្រទេសរបស់ខ្លួន។
នៅក្នុងជំនួបនេះផងដែរ ភាគីទាំងពីរបានប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើអ្វីដែលបានព្រមព្រៀងគ្នាហើយ និងខិតខំដោះស្រាយបញ្ហាថ្មីៗដែលកើតឡើងនាពេលខាងមុខបន្ទាប់ទៀត ដើម្បីពង្រឹងសុខុមាលភាពរបស់ពលករនៃប្រទេសទាំងពីរ ជាពិសេសពលករផ្នែកវិស័យនេសាទ ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!