រដ្ឋមន្រ្តីក្រសួងការងារកម្ពុជា ជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្រ្តីក្រសួងការងារវៀតណាម
បន្ទាប់ពីបញ្ចប់ សន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ នៃកិច្ចសហប្រតិបត្តិការលើវិស័យការងារសម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម(CLMTV) នាថ្ងៃទី ១៧ ខែកញ្ញា នេះ។ លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតអោយលោកស្រី Nguyen Thi Ha អនុរដ្ឋមន្រ្តីក្រសួងការងារ ជនពិការ និងសង្គមកិច្ចសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានរំលឹកឡើងវិញអំពីចំណងមិត្តភាព ជាប្រវត្តិសាស្ត្រ រវាងកម្ពុជា វៀតណាម និងឡាវ ក្នុងការសាមគ្គី តស៊ូដើម្បីសន្ដិភាព ។ ព្រមទាំងបានសំដែងការពេញចិត្តលទ្ធផល នៃកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ការងារលើកទី៥ និងសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ នៃប្រទេស CLMTV និងបានប្ដេជ្ញាចិត្តក្នុងការខិតខំអនុវត្តប្រកបដោយប្រសិទ្ធភាព។
ទន្ទឹមគ្នានេះដែរ ភាគីទាំងពីរក៏បានលើកឡើងពីការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ កាលពីឆ្នាំ២០១៧ និងបន្តពិភាក្សាគ្នា ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាព ដោយនឹងចាត់មន្ដ្រីបច្ចេកទេសធ្វើការប្រជុំពិភាក្សាកំណត់នីតិវិធីដើម្បីអនុវត្តអនុស្សរណៈនៃការយោគយល់គ្នានេះ និង បង្ហាញនូវគោលបំណងក្នុងការផ្លាស់ប្ដូរកម្លាំងពលកម្មទៅវិញទៅមកលើវិស័យដែលមានកង្វះខាតកម្លាំងពលកម្ម ជាពិសេសនៅតំបន់ព្រំដែន។
ភាគីជំនួបបានប្ដេជ្ញាចិត្តសហការគ្នាក្នុងការ ផ្លាស់ប្ដូរព័ត៌មាន និងទិន្នន័យ ក៏ដូចជាការពារ និងលើកកម្ពស់សិទ្ធិពលករនៃប្រទេសទាំងពីរព្រមទាំងកិច្ចសហប្រតិបត្តិការលើវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈទៀតផង ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!