លោក វិល្លាម រកឃើញបន្ថែមទៀតនូវភាពមិនប្រក្រតីរបស់អភិបាលខេត្តកំពង់ឆ្នាំង ក្នុងការរំលោភយកដីរដ្ឋជាច្រើនទីតាំង ខណៈអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រកាសបដិសេធ ហើយចាត់ទុកថា ជាចេតនាមូលបង្កាច់ កេងចំណេញផ្នែកនយោបាយ ប៉ុណ្ណោះ
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង រកឃើញបន្ថែមទៀតនូវភាពមិនប្រក្រតីរបស់លោកអភិបាលខេត្តកំពង់ឆ្នាំង ក្នុងការរំលោភយកដីរដ្ឋជាច្រើនទីតាំង នៅក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន ខណៈអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ឆ្នាំង ចាត់ទុកការលើកឡើងនេះ ជាចេតនាមូលបង្កាច់ ធ្វើអោយសាធារណជនភន្តច្រឡំ និងជាការកេងចំណេញផ្នែកនយោបាយ ប៉ុណ្ណោះ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
យោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសបុក របស់លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វិល្លាម សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ និងជាប្រធានគណបក្សខ្មែរក្រោក បានបង្ហាញអោយដឹងថា ដីរដ្ឋ ដីបន្ទាយទាហាន ៨ កន្លែង ត្រូវបានលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង លេបយកមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ។
លោក វឌ្ឍនាសាប៊ុង បានលើកឡើងថា ក្រោយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នៃប្រតិភូខ្មែរក្រោក បើកកការស៊ើបអង្កេត ក្នុងរយៈពេល ២ខែកន្លងមក បានពិនិត្យឃើញថា មានបញ្ហាមិនប្រក្រតីថ្មីៗមួយចំនួនទៀត ដែលកំពុងកើត មានឡើងក្នុងរដ្ឋបាលខេត្តកំពង់ឆ្នាំង ។
ប្រធានគណបក្សខ្មែរក្រោករូបនេះ បានគូសបញ្ជាក់បន្ថែមថា មានដីរដ្ឋជាច្រើនទីតាំង ត្រូវបានអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បានយកមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដោយក្នុងនោះមាន ដី ៨ទីតាំងជាដីអតីតតារាងបាល់ ដីបន្ទាយទាហាន ដែលស្ថិតក្នុងស្រុកទឹកផុស ហើយក្នុងចំណោមដី ៨ទីតាំង មាន ៧ ទីតាំងជាដីឃុបឃិតធ្វើប្លង់រឹងរួចហើយ ថែមទាំងបានលក់ដីមួយទីតាំងអោយទៅបុគ្គលផ្សេង ទៀតផង ។
ជាមួយនឹងការរកឃើញភាពមិនប្រក្រតីនេះ លោក វឌ្ឍនាសាប៊ុង បានអះអាងថា លោកមាន ឯកសារ ភស្តុតាង និងគតិយុត្តិ គ្រប់គ្រាន់សម្រាប់រៀបចំជារបាយការណ៍ដាក់ជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ ។
នៅថ្ងៃនេះ ផងដែរ អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន មិនបានធ្វើការបកស្រាយអ្វីច្រើននោះទេ ដោយលោកបញ្ជាក់ថា អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្ដីប្រកាសរួចហើយ ដូច្នេះលោកមិនឆ្លើយតបនឹងការលើកឡើងនេះបន្ថែមទៀតនោះទេ ។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ឆ្នាំង បានចាត់ទុកថា ការផ្សព្វផ្សាយព័ត៌មាន ក៏ដូចជាការលើកឡើងរបស់លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង នៅលើគណនេយ្យហ្វេសបុកឈ្មោះ William Guang គឺជាចេតនាមូលបង្កាច់ ភូតកុហក ធ្វើអោយសាធារណជនមានការភន្តច្រឡំ និងកេងយកចំណេញខាងនយោបាយ ។
អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ដីរដ្ឋ ដីសាធារណៈរបស់រដ្ឋ ដីឯកជនរបស់រដ្ឋ និងអចលនទ្រព្យរបស់រដ្ឋទូទាំងខេត្តកំពង់ឆ្នាំង ត្រូវបានចុះបញ្ជីគ្រប់គ្រងត្រឹមត្រូវតាមនីតិវិធី និងបែបបទ ដែលកំណត់ដោយរាជរដ្ឋាភិបាល ហើយគ្រប់គ្រងដោយក្រសួង-ស្ថាប័នថ្នាក់ជាតិ គណៈកម្មាធិការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋថ្នាក់ខេត្ត និងមន្ទីរអង្គភាពសាមី ។ រដ្ឋបាលខេត្ត បានបញ្ជាក់បន្ថែមថា ដីឯកជនរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងសាធារជនទូទៅ រដ្ឋបាលខេត្តបានជម្រុញការចុះបញ្ជី និងផ្ដល់កម្មសិទ្ធតាមកម្មវិធីចុះបញ្ជីដាច់ដោយដុំ និងការចុះបញ្ជីមានលក្ខណជាប្រព័ន្ធ តាមរយៈយន្តការគណៈកម្មាធិការសុរិយោដីថ្នាក់ខេត្ត គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដោយអនុវត្តន៍តាមនីតិវិធី និងបែបបទ ដែលមានការណែនាំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផងដែរ ។
វិទ្យុសំឡេងយុវជន វីអូវ៉ាយ មិនអាចសុំការឆ្លើយតបពីលោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី បាននោះទេ នៅថ្ងៃនេះ ដោយលោកកំពុងជាប់ប្រជុំ ។
ដោយឡែក លោក សំ ចាន់គា មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកំពង់ឆ្នាំង បានលើកឡើងថា លោកមិនបានដឹងច្បាស់អំពីករណីនេះ យ៉ាងណានោះទេ ក៏ប៉ុន្តែលោក សំ ចាន់គា បានជម្រុញអោយរាជរដ្ឋាភិបាល ធ្វើការស៊ើបអង្កេតទៅលើករណីរំលោភយកទ្រព្យសម្បត្តិរបស់រដ្ឋពីសំណាក់រដ្ឋបាលខេត្តមួយនេះ អោយបានច្បាស់លាស់ ត្រឹមត្រូវ ដើម្បីធានាភាពស្អាតស្អំរបស់រដ្ឋបាលខេត្ត និងដើម្បីបោសសំអាតមន្រ្តីខិលខូចដែលបានប្រព្រឹត្តអំពើពុករលួយ ធ្វើអោយប៉ះបាល់ដល់ផលប្រយោជន៍ជាតិ និងប្រជាជន ផងដែរ ។
គួរកត់សម្គាល់ដែរថា កន្លងទៅ ប្រតិភូគណបក្សខ្មែរក្រោកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក៏បានស្រាវជ្រាវរកឃើញ ម្ដងរួចហើយចំពោះភាពមិនប្រក្រតីនៃការយកដីអនុក្រឹត្យរបស់រដ្ឋាភិបាលប្រទានកម្មដល់ពលរដ្ឋនៅក្នុងក្រុងកំពង់ឆ្នាំង តែបែរជាអាជ្ញាធរខេត្តយកទៅអោយក្រុមហ៊ុនឯកជនដោយចេញប្លង់ទាំងខុសនីតិវិធី ។ ក្រោយមានការរាយការណ៍ផ្ទាល់ជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងកិច្ចប្រជុំប្រចាំឆមាសរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ជាមួយនឹងលោកនាយករដ្ឋមន្រ្តី រួចហើយ រាជរដ្ឋាភិបាលក៏បានចេញ សជណ មួយ ដោយកំណត់អោយលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ធ្វើការពិនិត្យសាជាថ្មីលើករណីនេះ ផងដែរ ៕ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!