គណៈប្រតិភូក្រសួងផែនការ ចុះសួរសុខទុក្ខ និងជូនអំណោយដល់កងនគរបាលជាតិនៅវរសេនាតូចលេខ៣១០-៨២៣ នៅតំបន់សំឡូត ខេត្តបាត់ដំបង
នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ គណៈប្រតិភូក្រសួងផែនការ ដឹកនាំដោយលោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ អមដំណើរដោយលោក រិន វីរៈ រដ្ឋលេខាធិការប្រចាំ រួមទាំងថ្នាក់ដឹកនាំក្រសួងជាច្រើនរូបទៀត បានចុះសួរសុខទុក្ខ និងជូនអំណោយដល់កងកម្លាំងនគរបាលជាតិសម្ព័ន្ធមេត្រីភាពវរសេនាតូចលេខ៣១០ និងលេខ៨២៣ ។
ថ្លែងក្នុងពិធីសំណេះសំណាលនេះ លោក ឆាយ ថន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែគិតគូរជានិច្ច ដល់សុខទុក្ខប្រជាពលរដ្ឋ ជាពិសេសកងទ័ព នគរបាល ដែលកំពុងឈរជើងការពារព្រំដែន និងសូមថ្លែងកោតសរសើរដល់វីរភាពដ៏អង់អាចក្លាហាន បងប្អូនកងទ័ពឈរជើងការពារព្រំដែនរបស់យើង ដែលបានខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី ការពារព្រំដែន ការពារអធិបតេយ្យភាពរបស់កម្ពុជា ការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារព្រះ មហាក្សត្រ ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត របស់ប្រជាជនកម្ពុជានៃយើង ។
លោក ឆាយ ថន បានលើកឡើងថា ប៉ុន្មានថ្ងៃមកនេះទណ្ឌិតដែលមានចរិតជាជនក្បត់ជាតិ តែងតែពោលពាក្យធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះកិត្តិនាមព្រះករុណាព្រះមហាក្សត្រ ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រជារាស្ត្រខ្មែរទូទាំងកម្ពុជា គោរពស្រលាញ់ស្មើរជីវិត និងបានប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់យើងថែមទៀត ដូច្នេះយើងជាកងទ័ព កម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវតែថែរក្សាសណ្តាប់ធ្នាប់សាធារណៈ ការពារប្រឆាំងដាច់ខាតនឹងក្រុមដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍន៍ ដែលយើងកំពុងតែមាននេះ អោយបានគង់វង្សស្ថិតស្ថេរ ។កម្ពុជាជាប្រទេសឯករាជ្យ បូរណភាពទឹកដី និងមាននិតិរដ្ឋ គ្មានបរទេសណាអាចមកបង្គាប់ បញ្ជារបាននោះទេ»។
សូមជម្រាបថា សម្ភារបរិក្ខារ គ្រឿងឧបភោគ បរិភោគ ដែលបានពាំនាំមកជូននេះសុទ្ធសឹងជាសណ្តានចិត្ត ទឹកចិត្តសប្បុរសរបស់មន្ត្រីរាជការ ក្រុមការងារសហភាពសហព័ន្ធយុវជនវិស័យផែនការ ព្រមទាំងថ្នាក់ដឹកនាំក្រសួងផែនការទាំងមូល ដើម្បីជាការតបស្នង ដឹងគុណ នូវវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពកម្ពុជា ដែលបានពលី សាច់ស្រស់ ឈាមស្រស់ លះបង់គ្រប់បែបយ៉ាង សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដោយក្នុងនោះ បានឧបត្ថម្ភថវិកាដល់ ២អង្គភាព ដោយ១អង្គភាពចំនួន៤លានរៀល នគរបាលចំនួន៣១០នាក់ មួយនាក់ ៣ម៉ឺនរៀល ត្រីងៀត៣៦០គីឡូក្រាម មី៣៦០កេសតូច និងឧបត្ថម្ភអធិការនគរបាលស្រុកសំឡូត ចំនួន១លានរៀលផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!