ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ រង់ចាំតាមដានមើលបន្តទៀតនូវការអនុវត្តវិធានការ ក៏ដូចជាយន្តការដោះស្រាយរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី លើករណីទំនាស់ដីធ្លី ក្រោយមាន សជណ របស់រដ្ឋាភិបាល
រាជរដ្ឋាភិបាល សម្រចប្រគល់ភារកិច្ចអោយអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ធ្វើការពិនិត្យ និងដោះស្រាយបញ្ហាជម្លោះដីធ្លី ចំនួន៥ កន្លែង ក្នុងខេត្តចំនួន ៣ តបតាមរបាយការណ៍ស្រាវជ្រាវរបស់ប្រតិភូនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ខណៈអ្នកទាំងនោះ រង់ចាំតាមដានមើលបន្តទៀតនូវវិធានការ ក៏ដូចជាយន្តការដោះស្រាយរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី លើករណីទាំងនេះ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
យោងតាមលិខិតចំនួន៥ ដាច់ដោយឡែកពីគ្នា របស់ទីស្ដីការគណៈរដ្ឋមន្រ្តី ដែលមានការចុះហត្ថលេខារបស់លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំទីស្ដីការគណៈរដ្ឋមន្រ្តី បានជម្រាបជូនរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា និងជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ធ្វើការពិនិត្យ និងដោះស្រាយលើករណីទំនាស់ដីធ្លីចំនួន ៥ ករណី ដែលបានលើកឡើងដោយប្រតិភូនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ កន្លងមក ។
ក្នុងលិខិតចំនួន ៥ របស់ទីស្ដីការគណៈរដ្ឋមន្រ្តី បានអោយដឹងទៀតថា ទីតាំងដីធ្លីដែលលើកឡើងដោយប្រតិភូគណបក្សខ្មែរក្រោក មានចំនួន ៣កន្លែង ក្នុងនោះខេត្តសៀមរាបមាន ២ករណី និងខេត្តកំពត ១ករណី ។ រីឯទំនាស់ដីធ្លី ២ កន្លែងទៀត គឺនៅខេត្តសៀមរាប លើកឡើងដោយប្រតិភូគណបក្សធម្មាធិបតេយ្យ និងទំនាស់ដីធ្លីនៅខេត្តក្រចេះ លើកឡើងដោយប្រតិភូគណបក្សសញ្ជាតិកម្ពុជា ។
ជាមួយគ្នានេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់មកពីគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានបង្ហាញអំណរសាទរ និងរំពឹងថាក្រោយទទួលបាន សជណ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងពន្លឿនការដោះស្រាយ ប្រកបដោយតម្លាភាព សុច្ចរឹតភាព ដើម្បីរកយុត្តិធម៌ជូន ភាគីទំនាស់ទាំងអស់នោះ ដោយលោកនឹងរង់ចាំតាមដានជាបន្តទៀត ថាតើអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នឹងមានវិធានការ ឬយន្តការយ៉ាងណាចំពោះករណីទាំងអស់នេះ តើនឹងអាចទទួលបានលទ្ធផលយ៉ាងណាដែរ ។
យ៉ាងណាក៏ដោយ លោក វឌ្ឍនាសាប៊ុង បានគូសបញ្ជាក់ថា មកដល់ពេលនេះ ករណីវិវាទដីធ្លីនៅកម្ពុជា ហាក់មិនទាន់ទទួលបានជាលទ្ធផល គួរជាទីពេញចិត្តនៅឡើយនោះទេ បើទោះបីជាមាន សជណ របស់រដ្ឋាភិបាល ដោយសម្រេចឯកភាពប្រគល់ភារកិច្ចអោយអាជ្ញាធរជាតិដោះស្រាយទំនាស់ ធ្វើការពិនិត្យដោះស្រាយជាបន្តបន្ទាប់ យ៉ាងណាក្ដី ។
សម្រាប់លោកស្រី ពោធិតី សាវត្ថី ប្រធានប្រតិភូគណបក្សធម្មាធិបតេយ្យនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក៏បានសម្ដែងការសាទរចំពោះការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លីរបស់ពលរដ្ឋ នាពេលនេះ បើថ្វីត្បិតថា លទ្ធផលមិនទាន់ទទួលបាន ១០០ % ដូចទៅនឹងអ្វីដែលពលរដ្ឋចង់បានយ៉ាងណាក្ដី ប៉ុន្តែលោកស្រី នឹងតាមដាននូវការអនុវត្តវិធានការដោះស្រាយរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ដែលដឹកនាំដោយលោក ជា សុផារ៉ា បន្តទៀត ផងដែរ ។
សូមជម្រាបថា ករណីទំនាស់ដីធ្លីទាំង ៥ កន្លែងនេះ រួមមាន ៖
ករណីទី១. បញ្ហាវិវាទដីធ្លី នៅភូមិត្រពាំងច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប លើកឡើងដោយប្រតិភូគណបក្សខ្មែរក្រោក
ករណីទី២ . បញ្ហាវិវាទដីធ្លី វាងប្រជាពលរដ្ឋចំនួន ៦៥គ្រួសារ និងកងពលតូចលេខ ១១ នៅភូមិព្រៃខ្មៅ ឃុំស្រែខ្មៅ ស្រុកជុំគីរី ខេត្តកំពត លើកឡើងដោយប្រតិភូគណបក្សខ្មែរក្រោក
ករណីទី៣. បញ្ហាវិវាទដីធ្លី នៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប លើកឡើងដោយប្រតិភូគណបក្សខ្មែរក្រោក
ករណីទី៤. បញ្ហាវិវាទដីធ្លី រវាងប្រជាពលរដ្ឋចំនួន ២០ គ្រួសារ ស្ថិតក្នុងភូមិបឹងដូនប៉ា ឃុំស្លក្រោម ក្រុងសៀមរាប ខេត្តសៀមរាប លើកឡើងដោយប្រតិភូគណបក្សធម្មាធិបតេយ្យ
ករណីទី៥ . បញ្ហាវិវាទដីធ្លី នៅភូមិសំបូរ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ លើកឡើងដោយប្រតិភូគណបក្សសញ្ជាតិកម្ពុជា ៕ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!