អ្នកនយោបាយ ៖ ការភ្នាល់គ្នារវាងលោក ហ៊ុន ម៉ាណែត និងលោក សម រង្ស៊ី ជារឿងបុគ្គលផ្ទាល់ខ្លួន ដែលត្រូវមានការការពារកត្តិយសរៀងៗខ្លួនរបស់បុគ្គលម្នាក់ៗ
អ្នកនយោបាយ លើកឡើងថា ការភ្នាល់គ្នារវាងលោក ហ៊ុន ម៉ាណែត និងលោក សម រង្ស៊ី ជារឿងបុគ្គលផ្ទាល់ខ្លួន ដែលត្រូវមានការការពារកត្តិយសរៀងៗខ្លួនរបស់បុគ្គលម្នាក់ៗ ខណៈមន្រ្តីសមាគមអាដហុក ជម្រុញអោយអ្នកនយោបាយទាំងអស់ ត្រូវយកផលប្រយោជន័ជាតិ ជាធំវិញ ប្រសើរជាងការយករឿងបុគ្គលមកធ្វើជាល្បែងភ្នាល់គ្នានោះ ។
ក្រោយមានការភ្នាល់គ្នារបស់លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី និងមេដឹកនាំអតីតបក្សប្រឆាំង លោក សម រង្ស៊ី មក អ្នកនយោបាយចាស់វស្សា លោក គង់ គាំ និងជាអតីតថ្នាក់ដឹកនាំជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ដែរនោះ មើលឃើញ ថា ជារឿងបុគ្គលផ្ទាល់ខ្លួន ដែលបានធ្វើអោយប៉ះពាល់ដល់កត្តិយសបុគ្គល ដូច្នេះហើយតែងតែមានការប្រតិកម្មតបវិញ ជារឿងធម្មតានោះទេ ។ សំឡេង ៖
តែទោះបីយ៉ាងណា លោក គង់ គាំ បានគូសបញ្ជាក់ថា ការបោះឆ្នោតឆ្នាំ ២០១៨ ជាការបង្ហាញនូវការវិវត្តរបបលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដ៏បឮល្អប្រសើរទៅមុខទៀត ឯរឿងគណបក្សសង្គ្រោះជាតិ ជារឿងផ្លូវតុលាការ ត្រូវដោះស្រាយតាមផ្លូវតុលាការ មិនបានប៉ះពាល់ដល់ស្ថានការណ៍នយោបាយនៅកម្ពុជា នោះឡើយ ។ សំឡេង ៖
សម្រាប់អ្នកនយោបាយវ័យក្មេង លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង និងជាប្រធានគណបក្សខ្មែរក្រោក បានលើកឡើងថា លោកមិនបានយកចិត្តជាមួយនឹងការភ្នាល់គ្នារបស់លោក ហ៊ុន ម៉ាណែត និងសម រង្ស៊ី នោះឡើយ ។ សំឡេង ៖
ជាមួយគ្នានេះ អ្នកនយោបាយវ័យក្មេងរូបនេះ បានគូសបញ្ជាក់បន្ថែមថា ស្ថានភាពនយោបាយនៅកម្ពុជា មានភាពល្អប្រសើរ មានប្រក្រតីភាពជាធម្មតា ឯបញ្ហាមួយចំនួននោះ ជារឿងបុគ្គលប៉ុណ្ណោះ មិនមែនជាបញ្ហាវិបត្តិនយោបាយនោះឡើយ ដោយលោកលើកឡើងថា បញ្ហាប្រឈមសព្វថ្ងៃនេះ គឺភាពអសកម្មរបស់មន្រ្តីមួយចំនួន ការប្រព្រឹត្តអំពើពុករលួយ ក៏ដូចជាការអនុវត្តច្បាប់មិនទាន់មានតម្លាភាព និងបញ្ហាប្រឈមរបស់ពលរដ្ឋមួយចំនួនទៀត ផងដែរ ។ សំឡេង ៖
ដោយឡែក មន្រ្តីជាន់ខ្ពស់នៃសមាគមអាដហុក លោក ស៊ឹង សែនករុណា លើកឡើថា លោក មិនចង់ឃើញអ្នកនយោបាយទាំងឡាយ ក៏ដូចជាថ្នាក់ដឹកនាំប្រទេស យករឿងបុគ្គល ដែលមិនបានផ្ដល់ផលប្រយោជន៍រួមដល់ជាតិ និងប្រជាពលរដ្ឋ មកធ្វើជាល្បែងភ្នាល់គ្នា នោះទេ ដោយលោកជម្រុញអោយគ្រប់ភាគីទាំងអស់ ធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមជាច្រើនដែលកំពុងកើតមានឡើងសម្រាប់កម្ពុជា សព្វថ្ងៃនេះ ជាពិសេស បញ្ហាជាប់គាំងនយោបាយ សិទ្ធិមនុស្ស បញ្ហាសេដ្ឋកិច្ច ក៏ដូចជាបញ្ហាប្រឈមរបស់ជាតិ និងពលរដ្ឋផ្សេងៗជាច្រើនទៀត ផងដែរ ជៀសជាងយករឿងផ្ទាល់ខ្លួនតិចតូច មកធ្វើជាការភ្នាល់គ្នានោះ ។ សំឡេង ៖
សូមជម្រាបជូនថា លោក សម រង្ស៊ី បាននិយាយជាសាធារណៈទៅកាន់អ្នកគាំទ្ររបស់លោក នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៨ កញ្ញា ២០១៩ កន្លងទៅ ថា សញ្ញាបត្រដែលលោក ហ៊ុន ម៉ាណែត បានទទួលពីសាលាបណ្ឌិតសភាយោធា សហរដ្ឋអាមេរិក West Point ជាសញ្ញាបត្រក្លែងក្លាយ ជាសញ្ញាបត្រការទូតសម្រាប់ផ្តល់ឲ្យនិស្សិតយោធាបរទេស ដើម្បីជាការលើកទឹកចិត្តតែប៉ុណ្ណោះ ហើយនិស្សិតបរទេស មិនបាច់ខំរៀនក៏បានចូលនិងបានជាប់ ដោយងាយដែរ ។
ជាមួយគ្នានេះ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ លោក ហ៊ុន ម៉ាណែត បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក ដោយប្រតិកម្ម នឹងការវាយប្រហារជាសាធារណៈពីសំណាក់លោក សម រង្ស៊ី បែបនេះមកលើរូបលោក ដោយ លោក ហ៊ុន ម៉ាណែត បានអញ្ជើញលោក សម រង្សី ភ្នាល់គ្នា តាមរយៈការការពារនូវពាក្យសម្តី ឬអំណះអំណាងដែលលោក សម រង្ស៊ី បានលើកមកនិយាយជាសាធារណៈនៅសហរដ្ឋអាមេរិក និងដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោកផ្ទាល់នោះ ក៏ដូចជាដើម្បីការពារតម្លៃរបស់សាលា West Point ដែលជាស្ថាប័នអប់រំជាន់ខ្ពស់មួយរបស់សហរដ្ឋអាមេរិក ដែលមានស្តង់ដារអប់រំតឹងរឹង ម៉ត់ចត់និងស្មើរភាព គ្មានការយោគយល់ចំពោះនិស្សិតយោធាបរទេសឬអាមេរិកាំងនោះ ដោយលោក ហ៊ុន ម៉ាណែត បានលើកឡើងថា ៖
១. បើសិនជាសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point មានការផ្ដល់សញ្ញាបត្រពីរប្រភេទដូចលោក សម រង្ស៊ី បានលើកនោះ លោក ហ៊ុន ម៉ាណែត នឹងលាលែងតួនាទីទាំងអស់របស់ខ្ញុំក្នុងកងកម្លាំងប្រដាប់អាវុធហើយធ្វើជាប្រជាជនស៊ីវិលជារៀងរហូត ។
២. ប៉ុន្តែបើលោក សម រង្ស៊ី មិនអាចបង្ហាញថាសាលា West Point មានសញ្ញាប័ត្រពីរប្រភេទដែលមានតម្លៃខុសគ្នានោះទេ លោកសូមអោយលោក សម រង្ស៊ី លាឈប់ពីនយោបាយជារៀងរហូត ៕ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!