ក្រសួង-ស្ថាប័នជំនាញ រួមទាំងអាជ្ញាធរមូលដ្ឋាននៅទូទាំងប្រទេស បានសហការគ្នាចុះពិនិត្យផលប៉ះពាល់ និងសិក្សាអំពីតម្រូវការចាំបាច់ផ្សេងៗក្នុងការស្ដារឡើងវិញតាមវិស័យនីមួយៗ ដែលរងផលប៉ពាល់ ដោយទឹកជំនន់ កន្លងទៅ
ក្រោយជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង បានស្រក់ចុះជាបន្តបន្ទាប់នោះ ក្រសួង-ស្ថាប័នជំនាញ រួមទាំងអាជ្ញាធរមូលដ្ឋាននៅទូទាំងប្រទេស បានសហការគ្នាចុះពិនិត្យផលប៉ះពាល់ និងសិក្សាអំពីតម្រូវការចាំបាច់ផ្សេងៗក្នុងការស្ដារឡើងវិញតាមវិស័យនីមួយៗ ដែលរងផលប៉ពាល់ ដោយទឹកជំនន់ កន្លងទៅ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
មន្ត្រីនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី បានថ្លែងប្រាប់វិទ្យុសំឡេងយុវជន ថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានការសហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នកាកបាទក្រហមកម្ពុជា រួមទាំងក្រសួងស្ថាប័នមួយចំនួនទៀត បានចាប់ផ្ដើមការងារដំបូង ក្រោយទឹកស្រក់នេះ គឺការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋដែលត្រូវទៅកាន់មូលដ្ឋានរបស់ខ្លួនវិញ ត្រូវមានការរៀបចំទីលំនៅអោយស្អាតល្អឡើងវិញ ដើម្បីធានាដល់ សុវត្ថិភាព អនាម័យ សុខុមាលភាព ក្នុងការរស់នៅ ក្រោយពេលទឹកស្រក់នេះ ។
លោក កែវ វី បានបន្តថា ក្រុមការងារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលដឹកនាំដោយ លោក គន់ គីម បានចុះពិនិ្យដោយផ្ទាល់នៅតាមបណ្ដាខេត្តនានានៅទូទាំងប្រទេស ដើម្បីធ្វើការសិក្សាស្វែងយល់ និងវាយតម្លៃអំពីផលប៉ះពាល់នានា ដើម្បីធ្វើរបាយការណ៍លាក់ជាក់មួយ រួមធ្វើការដោះស្រាយជូនពលរដ្ឋរងគ្រោះ ជាពិសេស គឺវិស័យកសិកម្ម ដោយរដ្ឋាភិបាលនឹងរៀបចំផ្ដល់នូវពូជស្រូវ ក៏ដូចជាគ្រាប់ពូជដំណាំផ្សេងៗទៀតដល់ប្រជាពលរដ្ឋដែលមានការខ្វះខាតអោយបានទាន់ពេលវេលាក្នុងការដាំដុះឡើងវិញ ។ ចំណែកហេដ្ឋារចនាសម្ព៏ន្ធ មាន ៖ ផ្លូវជាតិ ផ្លូវលំ មន្ទីរពេទ្យ សាលារៀន និងប្រព័ន្ធធារាសាស្ត្រនានា ដែលរងការខូចខាតនោះ ក្រសួង-ស្ថាប័នសាម៉ីកំពុងចុះពិនិត្យ និងធ្វើជួសជុលឡើងវិញ ជាបន្តបន្ទាប់ នាពេលខាងមុខ ផងដែរ ។
ជាមួយគ្នានេះ លោក ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងអំពីវិធានការមួយចំនួនពាក់ព័ន្ធនឹងការងារស្តារឡើងវិញ ក្រោយទឹកជំនន់ស្រក់ចុះនេះ ផងដែរ ដោយរួមមាន ៖
១-ត្រូវរក្សាទឹកទុកដើម្បីប្រើប្រាស់ឲ្យចំគោលដៅ
២-ត្រូវបែងចែកទឹកអោយមានសមធម៌ដោយត្រូវមានប្រតិទិនដាំដុះឲ្យបានច្បាស់លាស់
៣-ក្រសួងធនធានទឹក និងឧតុនិយម ធានាផ្គត់ផ្គង់ទឹកចំពោះដីស្រែដែលស្ថិតនៅក្បែរប្រភពទឹក ។
៤-ស្នើដល់អភិបាលខេត្តគួររក្សាទុកទិន្នន័យទឹកជំនន់នេះទុក ព្រោះទីតាំងដែលលិចទឹកវាមានតែនៅកន្លែងដដែលទេ ។
៥-សំណូមពរដល់គណៈអភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋានទាំងអស់សូមជួយផ្សព្វផ្សាយព័ត៌មានស្តីពីការព្យាករណ៍អាកាសធាតុ និងកម្ពស់ទឹក បន្តដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ទៀតផង ។
សម្រាប់លោក ប៉ាល់ ច័ន្ទតារា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ក្រសួងសាធារណការ កំពុងតែធ្វើការសិក្សា និងវាយតម្លៃអំពីទំហំនៃការខូតខាតផ្លូវនានា ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ហើយ ដោយក្រសួងសាធារណការ បានត្រៀមរៀបចំផែនការ ក៏ដូចជាគម្រោងក្នុងការជូសជុល និងស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់នានា រួចហើយ នៅពេលដែលទឹកកំពុងស្រក់ចុះនេះ ។
គួរកត់សម្គាល់ដែរថា លោក គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានផ្ដល់ពូជស្រូវបម្រុង ចំនួន៩០តោន ដើម្បីចែកជូនប្រជាពលរដ្ឋនៅខេត្តក្រចេះ ក្រោយដំណាំស្រូវប្រមាណ៣,៦០០ហិកតា នៅក្រុងស្រុកចំនួន៥ក្នុងខេត្តនេះ រងផលប៉ះពាល់ដោយសារទឹកជំនន់នាពេលកន្លងទៅ ផងដែរ ៕ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!