សកម្មជនការពារព្រៃឈើ ជម្រុញអោយរាជរដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ធ្វើការពិនិត្យស្រាវជ្រាវអោយបានលម្អិតទៅលើការស្រាវជ្រាវ ក្រុមហ៊ុន ស៊ីងបាយ អូថេក និងក្រុមហ៊ុន អង្គរ ផ្លាយវូត ក្នុងការកាប់ឈើចេញពីតំបន់ការពារព្រៃឈើ
សកម្មជនការពារព្រៃឈើ ជម្រុញអោយរាជរដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ធ្វើការពិនិត្យស្រាវជ្រាវអោយបានលម្អិតទៅលើការស្រាវជ្រាវ ក្រុមហ៊ុន ស៊ីងបាយ អូថេក និងក្រុមហ៊ុន អង្គរ ផ្លាយវូត ក្នុងការកាប់ឈើចេញពីតំបន់ការពារព្រៃឈើ ខណៈការចុះពិនិត្យរបស់គណកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កន្លងទៅ ហាក់ជាការជួយសម្រួលដល់ក្រុមហ៊ុន អោយមានភាពស្របច្បាប់ ទៅវិញ ។
នៅថ្ងៃទី ១១ ខែ តុលា នេះ សកម្មជនការពារព្រៃឈើ លោក ហេង ស្រស់ បានលើកឡើងថា រាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម និងក្រសួងបរិស្ថាន ជាសេនាធិការទទួលខុសត្រូវលើកិច្ចការព្រៃឈើ ហាក់មិនទាន់មានការស្រាវជ្រាវ ក៏ដូចជាការបង្ហាញជាសាធារណៈណាមួយអោយលម្អិតលើករណីនៃការស្រាវជ្រាវស៊ើបអង្កេតទៅលើក្រុមហ៊ុន ស៊ីងបាយ អូថេក និងក្រុមហ៊ុន អង្គរ ផ្លាយវូត ក្នុងបទល្មើសព្រៃឈើ នៅឡើយនោះទេ ដែលការស្រាវជ្រាវកន្លងទៅ ហាក់ទៅជាការជួយសម្រួលដល់ក្រុមហ៊ុនអោយមានភាពស្របច្បាប់ក្នុងការកាប់ព្រៃឈើ ក្នុងតំបន់ព្រៃឡង់ ទៅវិញ ។ ក្នុងនោះ លោក ហេង ស្រស់ ក៏លើកឡើងដែរថា ក្រសួងកសិកម្ម និងក្រសួងបរិស្ថាន គឺកំពុងតែប្រើវប្បធម៌សាចទឹកដាក់គ្នា ទៅវិញទៅមក ផងដែរ ទៅលើករណីក្រុមហ៊ុន ទាំងពីរ នេះ ។ សំឡេង៖
សកម្មជនព្រៃឈើរូបនេះ បានសង្កត់ធ្ងន់ថា ប្រសិនបើរាជរដ្ឋាភិបាល ជាពិសេសក្រសួងជំនាញ នៅតែបន្តបណ្ដែតបណ្ដោយអោយក្រុមហ៊ុន ស៊ីងបាយ អូថេក និងក្រុមហ៊ុន អង្គរ ផ្លាយវូត ធ្វើការកាប់បំផ្លាញព្រៃឈើបែបនេះទៀត ដោយមិនមានការស៊ើបអង្កេត ស្រាវជ្រាវ អោយលម្អិតច្បាស់លាស់នោះទេ ធនធានព្រៃឈើកម្ពុជា នឹងត្រូវវិនាសកម្ម ជាក់ជាមិនខាន នៅថ្ងៃខាងមុខ ខណៈប្រជាសហគមន៍តំបន់ព្រៃឡង់ ម្ចាស់ជំនួយ ក៏ដូចជាសហគមន៍អឺរ៉ុប ប្រចាំនៅកម្ពុជា ក៏បានរាយការណ៍ និងព្រួយបារម្ភចំពោះសកម្មភាពកាប់បំផ្លាញ់ព្រៃឈើរបស់ក្រុមហ៊ុនទាំងពីរនេះ ដែលកំពុងនៅតែបន្តសកម្មភាពកាប់ឈើ ជាបន្តបន្ទាប់នោះ ។ សំឡេង៖
ជាមួយនឹងករណីនេះដែរ អ្នកនាំពាក្យក្រសួងកសិកម្ម លោក ចាន់ ហេង បានប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃនេះ ថា ក្រោយទទួលបានលិខិតពីក្រសួងបរិស្ថាន រួចមក ក្រសួងកសិកម្ម បានជញ្ជូនករណីមួយនេះ ទៅអោយរដ្ឋបាលព្រៃឈើ ធ្វើការស៊ើបអង្កេតអោយបានលម្អិត ទើបបញ្ជូនមកក្រសួងកសិកម្ម វិញ តែមកដល់ពេលនេះ ក្រសួងមិនទាន់ទទួលបានរបាយការណ៍នៅឡើយនោះទេ ។ សំឡេង៖
ប្រធានរដ្ឋបាលព្រៃឈើ លោក កែវ អូម៉ាលីស្ស និងលោក នេត ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន វិទ្យុសំឡេងយុវជន មិនអាចទំនាក់ទំនង សុំការឆ្លើយតបបាននោះទេ ដោយទូរស័ព្ទចូលកំពុងជាប់រវល់ ។
សូមជម្រាបជូនថា យោងតាមលិខិតរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ ផ្ញើជូនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សុខុន ក្នុងការពិនិត្យ ស្រាវជ្រាវ និងផ្ដល់ព័ត៌មានអំពីស្ថានភាព និងសកម្មភាព នៃការអភិវឌ្ឍរបស់ក្រុមហ៊ុន ស៊ីងបាយ អូថេក និងក្រុមហ៊ុន អង្គរ ផ្លាយវូត មកកាន់ក្រសួងបរិស្ថាន ដោយក្រសួងបរិស្ថានបានទទួលរបាយការណ៍ និងការស្នើសុំរបស់សហគមន៍អឺរ៉ុប ប្រចាំនៅកម្ពុជា និងអង្គការ USAID ស្ដីពី ការកាប់ដើមឈើច្បោះជ័រ និងប្រភេទឈើមានតម្លៃផ្សេងៗទៀត ពីសំណាក់ក្រុមហ៊ុន ស៊ីងបាយ អូថេក និងយកទៅកែច្នៃនៅក្រុមហ៊ុន អង្គរ ផ្លាយវូត នៅក្នុងតំបន់ព្រៃឡង់ ដោយក្រសួងបរិស្ថាន បញ្ជាក់ថា ទីតាំងក្រុហ៊ុន ស៊ីងបាយ អូថេក មិនស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន នោះទេ គឺស្ថិតក្រោមក្រសួងកសិកម្ម ។
ក្នុងលិខិតក្រសួងបរិស្ថាន ក៏បានគូសបញ្ជាក់ដែរថា ក្នុងករណីរកឃើញកំហុសឆ្លងពាក់ព័ន្ធការកាប់ឈើប្រមូលចេញពីតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ របស់ក្រុមហ៊ុន ស៊ីងបាយ អូថេក មែននោះ ក្រសួងបរិស្ថាន នឹងពិភាក្សាជាមួយក្រសួងកសិកម្ម ដើម្បីស្នើសុំទៅរាជរដ្ឋាភិបាល ពិនិត្យ សម្រេច និងមានវិធានការបន្តទៀត ផងដែរ ។
គួររំលឹកដែរថា កាលពីថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៩ កន្លងទៅ ក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រា្កបបទល្មើសធនធានធម្មជាតិ ដែលដឹកនាំដោយលោក ដួង សារី នាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពីតំណាងកងរាជអាវុធហត្ថខេត្តក្រចេះ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ រួមជាមួយនិងមន្រ្តីជំនាញពីស្ថាប័នមានសមត្ថកិច្ចជាច្រើនរូបទៀត បានចុះត្រួតពិនិត្យក្រុមហ៊ុន ស៊ីងបាយអូថេក ដោយគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ រកមិនឃើញថា ក្រុមហ៊ុនបានប្រព្រឹត្តខុសក្នុងបទល្មើសព្រៃឈើនោះទេ ប៉ុន្តែគណកម្មការ បានរកឃើញនូវកំហុសឆ្លងមួយចំនួនរបស់ក្រុមហ៊ុន រួមមាន ៖ ក្រុមហ៊ុនបានទទួលយកជនបរទេសចំនួន ៥ នាក់ អោយធ្វើការនៅក្រុមហ៊ុនដោយមិនមានឯកសារត្រឹមត្រូវ គ្រឿងចក្ររបស់ក្រុមហ៊ុន មិនទាន់មានផ្លាកសញ្ញារបស់រដ្ឋបាលព្រៃឈើ ជាក្រុមហ៊ុនទើបតែផ្លាស់ប្ដូរម្ចាស់ថ្មី ដូច្នេះការអនុវត្តសកម្មភាពការងារ មិនបានត្រឹមត្រូវតាមផែនការមេ និងឯកសារគតិយុត្តិ ជាដើម ។ ក្នុងនោះដែរ គណៈកម្មការពិនិត្យឃើញថា ក្រុមហ៊ុននេះទើបតែផ្ទេរពីក្រុមហ៊ុនចាស់ ដោយបានបន្សល់ឈើមូល កូនឈើចម្រុះជាច្រើនមិនទាន់វាស់វែង ហេតុដូច្នេះ ក្រុមហ៊ុនត្រូវសហការជាមួយសមត្ថកិច្ចជំនាញវ៉ាស់វែង និងត្រូវបង់ពន្ធអោយបានឆាប់ ក្រុមហ៊ុនត្រូវស្នើសុំបិទស្លាកសញ្ញា របស់រដ្ឋបាលព្រៃឈើលើគ្រឿងចក្រ មធ្យោបាយដឹកជញ្ជូនឈើរបស់ក្រុមហ៊ុន ក្រុមហ៊ុន ត្រូវបំពេញឯកសារកតិយុត្តិអោយត្រឹមត្រូវ ក្នុងការអនុវត្តផែនការរបស់ខ្លួន តែយ៉ាងក្រុមសកម្មជនព្រៃឈើ ក៏ដូចជាប្រជាសហគមន៍ព្រៃឡង់ មើលឃើញថា ហាក់ជាការចុះទៅជួយសម្រួលអោយក្រុមហ៊ុន មានភាពស្របច្បាប់ទៅវិញ ។ ជាមួយគ្នានោះ អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក អេង ហ៊ី ក៏ធ្លាប់ជម្រុញអោយអ្នកដែលលើកឡើងថា ក្រុមហ៊ុន ស៊ីងបាយអិថេក បានប្រព្រឹត្តល្មើសច្បាប់ ក្នុងបទល្មើសព្រៃឈើនោះ យកភស្តុតាង ឬរបាយការណ៍មកបង្ហាញនៅស្ថាប័នតុលាការ ពីព្រោះករណីទាំងអស់ សុទ្ធតែបានបញ្ជូនទៅស្ថាប័នតុលាការ ផងដែរ ៕ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!