ក្រសួងសេដ្ឋកិច្ច និងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ប្រជុំឆ្លងច្បាប់ ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងថវិកា ឆ្នាំ ២០២០
នៅព្រឹកថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកកិច្ចប្រជុំឆ្លងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងថវិកា ឆ្នាំ២០២០ ជាមួយនឹងក្រមខណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នាទីស្ដីការគណៈរដ្ឋមន្ត្រី ។
ក្នុងកិច្ចប្រជុំក្របខណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ថវិកាឆ្នាំ២០២០ ត្រូវបានរៀបចំធ្វើឡើងតាមគោល នយោបាយវិត្ថារកម្ម ក្នុងគោលបំណងទ្រទ្រង់កំណើនសេដ្ឋកិច្ច និងការងារកំណែទម្រង់របស់រាជរដ្ឋាភិបាល ដោយរក្សាបាននូវតុល្យភាពថវិកា ក៏ដូចជាដើម្បីគោលដៅនៃការត្រៀមខ្លួន និងការពង្រឹងសមត្ថភាពផ្ទៃក្នុងឱ្យបានល្អ សម្រាប់ត្រៀមទប់ទល់នឹងបញ្ហាប្រឈម និងហានិភ័យ ទាំងក្នុង និងក្រៅប្រទេស ពិសេសដើម្បីគោលដៅនៃការអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែងប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣របស់រាជរដ្ឋាភិបាល សំដៅឈានទៅសម្រេចបាននូវគោលបំណងប្រាថ្នារយៈពេលវែងរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការក្តាប់យកមកវិញនូវមោទនភាពជាតិ ការកសាងជាតិមួយដ៏រស់រវើក និងជារដ្ឋអធិបតេយ្យមួយរឹងមាំ ដែលគោរពខ្ជាប់ខ្ជួននូវគោលការណ៍ប្រជាធិបតេយ្យ នីតិរដ្ឋ និងមានសន្តិភាពពេញលេញ ព្រមទាំងមានកិត្យានុភាពខ្ពស់តមរដែតលើឆាកអន្តរជាតិ។
ទន្ទឹមនេះ ក្របខណ្ឌថវិកាជាតិឆ្នាំ២០២០ ក៏មានគោលដៅរក្សាការពារសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេលជាងពីរទសវត្សរ៍ កន្លងមក និងការប្រឹងងើបឈរឡើងដោយខ្លួនឯង ដើម្បីធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួនទាំងនៅក្នុងអតីតកាល បច្ចុប្បន្ន និងតទៅអនាគត។
ជាមួយគ្នានេះ ថវិកាឆ្នាំ២០២០ បានរៀបចំឡើង និងត្រូវបានគិតគូរប្រកបដោយភាពប្រយ័ត្នប្រយែងខ្ពស់ និងបានតម្រង់អាទិភាពចំណាយ សំដៅគាំទ្រដល់តម្រូវការចាំបាច់ជាមូលដ្ឋានរបស់ក្រសួង/ស្ថាប័ននានា ក៏ដូចជាគោលនយោបាយជាអាទិភាពរួមរបស់រាជរដ្ឋាភិបាល ដើម្បីបន្តដោះស្រាយបញ្ហាជាច្រើនរបស់ប្រទេសជាតិ ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច និងសង្គម ក៏ដូចជាបញ្ហាជាក់ស្តែងមួយចំនួនទៀត ដែលជាការទន្ទឹងរង់ចាំរបស់ប្រជាពលរដ្ឋ រួមមាន៖ ៖
- ការអភិវឌ្ឍធនធានមនុស្ស
- ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត
- ការពង្រីកវិសាលភាព និងការពង្រឹងគុណភាពនៃសេវាសាធារណៈគ្រប់ប្រភេទ
- សេវាអប់រំ សុខាភិបាល និងយុត្តិធម៌
- ការពន្លឿនកិច្ចការកែទម្រង់ស៊ីជម្រៅ និងមុតស្រួចលើគ្រប់វិស័យ
- ការពង្រឹងភាពប្រកួតប្រជែង
- ការធ្វើពិធីកម្មសេដ្ឋកិច្ច, អភិវឌ្ឍន៍វិស័យកសិកម្ម និងវិស័យឌីជីថល
- ការលើកស្ទួយសហគ្រាសធុនតូច មធ្យម និងសហគ្រិន ពិសេសការបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃស្ថាប័នសាធារណៈ
- ការពង្រឹងការអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គម។
សូមជម្រាបជូនថា ច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងថវិកា ឆ្នាំ២០២០ នេះ មាន៧ជំពូក និងមាន ១៥មាត្រា ៕ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!