លោក វិល្លាម ហ្គ័ង ដឹកនាំយុវជនធ្វើទស្សនកិច្ចសិក្សា នៅខេត្តមណ្ឌលគិរី ដើម្បីចូលរួមចំណែកផ្សព្វផ្សាយ និងការលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ខណៈភ្ញៀវទេសចរ កំពុងធ្លាក់ចុះ
ក្រុមយុវជនប្រមាណជិត ២០០ នាក់ ធ្វើទស្សនកិច្ចសិក្សារយៈពេល ៣ ថ្ងៃ នៅខេត្តមណ្ឌលគិរី ដើម្បីចូលរួមផ្សព្វផ្សាយអំពីតម្លៃ នៃធនធានធម្មជាតិ ក៏ដូចជាអោយស្គាល់នូវរមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ របស់ប្រទេសកម្ពុជា ដ៏មានសក្ដានុពល និងស្រស់ស្អាត ជាទីមនោរម្យរបស់មនុស្សជាតិ ដែលដំណើរទស្សនកិច្ចនេះ ដឹកនាំដោយលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ។
នៅថ្ងៃទី ២៥ ២៦ និង ២៧ ខែ តុលា កន្លងទៅនេះ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វិល្លា ហ្គ័ង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានដឹកនាំយុវជនប្រមាណជិត ២០០ នាក់ ចុះធ្វើទស្សនកិច្ចសិក្សា នៅខេត្តមណ្ឌលគីរី ដោយទស្សនកិច្ចរយៈពេល ៣ ថ្ងៃនេះ បានផ្ដល់ការយល់ដឹង ក៏ដូចជាអត្ថប្រយោជន៍ជាច្រើន ក្នុងការណែនាំអោយយុវជន បានស្គាល់អំពីតម្លៃនៃធនធានធម្មជាតិរបស់កម្ពុជា ការចូលរួមស្រលាញ់បរិស្ថាន ការចូលរួមប្រយុទ្ធប្រឆាំងការកាប់បំផ្លាញព្រៃឈើ ជាពិសេស សក្ដានុពលទេសចរណ៍នៅខេត្តមណ្ឌលគិរី ភូមិភាគឥសាន្តនៃកម្ពុជា ។
លើសពីនេះ ក៏មានការផ្លាស់ប្ដូរមតិយោបល់គ្នាទៅវិញទៅមក ក៏ដូចជាការផ្ដល់នូវចំណេះដឹងនានា ផ្នត់គំនិត និងទស្សនៈវិស័យរបស់យុវជន ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ផងដែរ ។
ក្រោយបានស្ដាប់នូវការបញ្ចេញមតិយោបល់ ក៏ដូចជាទស្សនៈវិស័យរបស់យុវជនដែលបានធ្វើបទបង្ហាញ ពាក់ព័ន្ធដល់ការអភិវឌ្ឍវិស័យទេសចរណ៍ បរិស្ថាន និងការអភិរក្សធនធានធម្មជាតិ រួមមក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ក្នុងនាមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នឹងពិចារណា ក្នុងការលើកយកគំនិតរបស់យុវជន យកទៅធ្វើជាធាតុចូលជូនរាជរដ្ឋាភិបាល ដើម្បីជាឱកាសអោយយុវជនបានផ្ដល់គំនិតរបស់ខ្លួន ចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិ ជាបិសេសវិស័យទេសចរណ៍របស់កម្ពុជា ។
ជាមួយគ្នានេះ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានឯកភាពអោយគណៈកម្មការរៀបចំកម្មវិធី យកវិភាគទាន ទាំងអស់ដែលក្រុមយុវជន បានបង់ក្នុងម្នាក់ ៥ដុល្លា សម្រាប់ការធ្វើដំណើរ ការបោះតង់ និងហូបចុក អំឡុងពេលចូលរួមកម្មវិធីទស្សនកិច្ចសិក្សានេះ គឺត្រូវបានផ្ទេរទៅចូលមូលនិធិគន្ធបុប្ផា ទាំងអស់ ផងដែរ ។
លោក វិល្លាម ក៏នឹងបង្កើតកម្មវិធីទស្សនកិច្ចបែបនេះ ជាបន្តបន្ទាប់ នៅថ្ងៃខាងមុខនេះទៀត ដោយភ្ជាប់នឹងប្រធានបទថ្មីៗ ដោយលោកសង្ឃឹមថា នឹងមានយុវជនចូលរួមយ៉ាងច្រើនកុះករ បន្ថែមទៀត ។
សូមជម្រាបជូនថា ក្នុងដំណើរទស្សនកិច្ចសិក្សានេះ ធ្វើឡើងក្នុងប្រធានបទ ៖ ផ្នត់គំនិត និងទស្សនវិស័យរបស់យុវជន ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងការអភិរក្សធនធានធម្មជាតិនៅកម្ពុជា ។ ដោយក្នុងដំណើរទស្សនកិច្ចនេះ ក្រុមយុវជន បានទស្សនា និងស្គាល់រមណីយដ្ឋានជាច្រើន ដែលមាននៅក្នុងខេត្តមណ្ឌលគិរី ក្នុងនោះរួមមាន ៖ រមណីយដ្ឋានវប្បធម៌ភ្នំដោះក្រមុំ សមុទ្រឈើ ទឹកជ្រោះប៊ូស្រា រមណីយដ្ឋានអូប្លាយ ភ្នំសាងស្នេហ៍ ចំការស្រល់ និងរមណីយដ្ឋានទឹកធ្លាក់ លែងអង ក្នុងស្រុកអូររាំង ជាដើម ៕VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!