លោក ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានអនុញ្ញាតអោយលោក Chritophe Crepin នាយកប្រតិបត្តិផ្នែកបរិស្ថាន និងធនធានធម្មជាតិ នៃធនាគារពិភពលោក ចូលជួបសម្ដែងគួរសម និងពិភាក្សាការងារ
នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩នេះ លោក ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានអនុញ្ញាតអោយលោក Chritophe Crepin នាយកប្រតិបត្តិផ្នែកបរិស្ថាន និងធនធានធម្មជាតិ នៃធនាគារពិភពលោក ចូលជួបសម្ដែងគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ ។
ជាកិច្ចស្វាគមន៍ លោក ស ខេង បានថ្លែងអំណរគុណចំពោះលោកតំណាងធនាគារពិភពលោក និងសូមអរគុណដល់ធនាគារពិភពលោក ដែលបានសហការជួយគាំទ្រដល់ប្រទេសកម្ពុជា ជាបន្តបន្ទាប់ នារយៈពេលកន្លងមក បើទោះបីជាក្នុងទំនាក់ទំនងនេះបានជួបនូវបញ្ហាប្រឈមខ្លះ ក៏ប៉ុន្តែមកដល់ពេលនេះ ធនាគារពិភពលោកនៅតែជាដៃគូដ៏ល្អមួយសម្រាប់រាជរដ្ឋាភិបាល និងប្រទេសកម្ពុជា។ សម្ដេចក៏បានសម្ដែងក្ដីសង្ឃឹមជឿជាក់ថាទំនាក់ទំនងដ៏ល្អនេះនឹងបន្តរីកចំរើនទៅមុខទៀតរវាងភាគីទាំងពីរ ។
នៅក្នុងឱកាសនៃជំនួបនេះ លោកតំណាងធនាគារពិភពលោក បានជំរាបជូនលោក ស ខេង ថា បច្ចុប្បន្ននេះ ពាក់ព័ន្ធនឹងក្រសួងមហាផ្ទៃ គឺធនាគារពិភពលោកមានគម្រោង៣ រួចមកហើយ ហើយថាការចូលជួបនាពេលនេះ គឺដើម្បីលើកឡើងពីគម្រោងទី៤ ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងកាកសំណល់រឹងនៅកម្ពុជា ។
លោកតំណាងធនាគារពិភពលោក បន្តថា ខាងធនាគារពិភពលោក បានជួបជាមួយស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើយ៉ាងណាជួយគាំទ្រដល់ការងារគ្រប់គ្រងកាកសំណល់រឹង ប្រកបដោយប្រសិទ្ធភាព និងធានាបាននូវបរិស្ថាន ក្នុងនោះអ្វីដែលសំខាន់ គឺខិតខំធ្វើយ៉ាងណាដើម្បីផ្សាភ្ជាប់ការគ្រប់គ្រងបរិស្ថានទៅនឹងការកែប្រែឥរិយាបទ និងចំណេះដឹងដល់សាធារណៈជនអំពីការគ្រប់គ្រងកាកសំណល់រឹង ដើម្បីរួមចំណែកធ្វើឲ្យធានាដល់នរិន្តរភាព និងចីរភាពនៃបរិស្ថាន។
ជាមួយគ្នានេះ លោក ស ខេង បានថ្លែងគាំទ្រចំពោះបំណងដ៏ល្អរបស់ធនាគារពិភពលោកក្នុងកិច្ចសហប្រតិបត្តិការលើការងារគ្រប់គ្រងកាកសំណល់រឹង ដោយលោកបានជំរាបជូនដែរថា ក្រសួងមហាផ្ទៃ មានកិច្ចការសំខាន់ៗធំចំនួន២ដែលពាក់ព័ន្ធទៅនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយសារទី១ក្រសួងមហាផ្ទៃជាស្ថាប័នគាំទ្រដល់ថ្នាក់ក្រោមជាតិ និងទី២ក៏ជាស្ថាប័នដើរតួនាទីនាំមុខក្នុងការធ្វើវិមជ្ឈការ និងវិសហមជ្ឈការ ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានស្នើអោយធនាគារពិភពលោក ពិនិត្យលទ្ធភាពភ្ជាប់ការងារគ្រប់គ្រងកាកសំណល់នេះទៅនឹងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីផ្ទេរអំណាច និងសិទ្ធិក្នុងការគ្រប់គ្រងកាកសំណល់នេះទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ហើយផ្សាភ្ជាប់ជាមួយការផ្ទេរហិរញ្ញវត្ថុ និងធនធានមនុស្សទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិដែរ ។
លោក ស ខេង បានជំរាបជូនលោក Chritophe Crepin ថា នៅឆ្នាំ២០២០ ខាងមុខនេះ គឺជាឆ្នាំចុងក្រោយនៃការអនុវត្តផែនការ១០ឆ្នាំនៃកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិរបស់កម្ពុជា ហើយកន្លងមកនេះ រាជរដ្ឋាភិបាលក៏បានសម្រេចផ្ទេរនូវសិទ្ធិអំណាចមួយចំនួនទៅដល់ថ្នាក់ក្រោមជាតិដូចជាការគ្រប់គ្រងសាលារៀនកម្រិតបឋមសិក្សា ការផ្ទេរការគ្រប់គ្រងមន្ទីរពេទ្យបង្អែកទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសគឺខេត្តបាត់ដំបងដែលជាខេត្តបានអនុវត្តសាកល្បង ។
ក្នុងន័យនេះលោក បានសម្ដែងសង្ឃឹមជឿជាក់ថាធនាគារពិភពលោកនឹងបន្តជួយគាំទ្រដើម្បីឲ្យកំណែទម្រង់ និងការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិនេះកាន់តែទទួលបានជោគជ័យ ដោយភ្ជាប់នឹងការងារគ្រប់គ្រងកាកសំណល់នេះដែរ។
ត្រង់ចំណុចនេះ លោក Chritophe Crepin បានជំរាបជូនលោក ស ខេង ថា កំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវការឲ្យមានជាកញ្ចប់ទាំងធនធានមនុស្ស ថវិកា និងសិទ្ធអំណាច ដូច្នេះលោកថាអ្វីដែលលោក ស ខេង បានមានប្រសាសន៍មកនេះ គឺពិតជាដើរស្របទៅនឹងសកម្មភាពរបស់ធនាគារពិភពលោកដែលកំពុងធ្វើសកម្មភាពនៅប្រទេសកម្ពុជានាពេលសព្វថ្ងៃនេះ គឺមានទាំងគម្រោងជួយអភិវឌ្ឍន៍ធនធានមនុស្ស វិស័យបរិស្ថាន សុខាភិបាល និងអប់រំ ដែលពិតជាមានការចូលរួមចំណែកមិនអាចខ្វះបានពីក្រសួងមហាផ្ទៃ និងបានស្នើសម្ដេចជួយជំរុញដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចូលរួមម្រោងគ្រប់គ្រងកាកសំណល់ដែលផ្ដួចផ្ដើមដោយធនាគារពិភពលោក ។
ចំពោះសំណើរនេះ លោក ស ខេង បានថ្លែងអំណរគុណ និងទទួលយកនូវការស្នើរបស់លោក Chritophe Crepin ដោយលោក សន្យាថា នឹងបន្តជំរុញឲ្យខេត្តរាជធានីទាំងអស់ដាក់ពាក្យចូលរួមក្នុងគម្រោងគ្រប់គ្រងកាកសំណល់នេះ។ លោកក៏បាន ស្នើឲ្យធនាគារពិភពលោកបន្តធ្វើការជាមួយគណៈកម្មការគ្រប់គ្រងតំបន់ឆ្នេរបស់កម្ពុជា ដើម្បីគ្រប់គ្រងកាកសំណល់ និងបរិស្ថាន ដើម្បីធានាការរអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ៕ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!