អ្នកវិភាគ ចាត់ទុក ការដោះលែងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ អោយនៅក្រៅឃុំ ជាការវិវត្តជាវិជ្ជមាន ក្នុងដំណោះស្រាយនយោបាយកម្ពុជា ដ៏តានតឹង នារយៈពេលចុងក្រោយនេះ
អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា សាទរចំពោះការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការដោះលែងសកម្មជន នៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានចាប់ខ្លួន កន្លងមក អោយនៅក្រៅឃុំ ដោយអ្នកទាំងនោះ ចាត់ទុកថា ជាការវិវត្តជាវិជ្ជមាន ក្នុងដំណោះស្រាយនយោបាយកម្ពុជា ដ៏តានតឹង នារយៈពេលចុងក្រោយនេះ ។
ក្នុងឱកាសចូលរួមពិធីសម្ពោធ ដាក់អោយដំណើរការរោងចក្រផលិតស៊ីម៉ង់តិ៍ របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង នៅស្រុកដងទង់ ខេត្តកំពត នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០១៩ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំអោយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ រៀបចំនីតិវិធីដោះលែងសកម្មជនអតីតគណបក្សប្រឆាំង ដែលត្រូវបានចាប់ខ្លួនក្នុង ផែនការរដ្ឋប្រហារអោយនៅក្រៅឃុំ តាមការស្នើសុំរបស់សាមីខ្លួន ព្រមទាំងត្រូវដក ដីការចាប់ខ្លួន បុគ្គលមួយចំនួនទៀត ផងដែរ ។
ក្នុងនោះលោកនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវអោយប្រជាពលរដ្ឋខ្មែរ ដែលចាញ់បោកការញុះញង់របស់ក្រុមលោក សម រង្ស៉ី ហើយរត់ទៅប្រទេសថៃនោះ វិលត្រឡប់ចូលប្រទេសកម្ពុជាវិញ ដោយរាជរដ្ឋាភិបាល នឹងមិនយកទោសពៃនោះទេ ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា លោកមិនចុះហត្ថលេខា ក្នុងការស្នើសុំអង្គព្រះមហាក្សត្រ អោយព្រះរាជទានលើកលែងទោស អោយមេដឹកនាំអតីតគណបក្សប្រឆាំង លោក សម រង្ស៊ី នោះឡើយ ដោយត្រូវបន្តដំណើរតាមនីតិវិធីច្បាប់ជាធរមាន ។
ជាមួយការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាល នេះដែរ អ្នកតាមដានការអភិវឌ្ឍសង្គម លោក មាស នី បានលើកឡើង នៅថ្ងៃនេះ ថា ជាដំណើរវិជ្ជមាន ក្នុងស្ថានភាពនយោបាយ ដ៏តានតឹង នារយៈពេលប៉ុន្មានសប្ដាហ៍នេះ ដោយលោក មាស នី បានបញ្ជាក់ថា ការប្រកាសដោះលែងសកម្មជននៃអតីតបក្សប្រឆាំង ដែលត្រូវចាប់ខ្លួន កន្លងមក ក៏ដូចជាការបើកអោយមានសិទ្ធិសេរីភាពឡើងវិញដល់លោក កឹម សុខា គឺស្របពេលដែលអន្តរជាតិ ក៏ដូចជាមតិមជ្ឍដ្ឋានទូទៅ បានមើលឃើញអំពីការវិវត្តកាន់តែអាក្រក់ក្នុងស្ថានការណ៍ នយោបាយនៅកម្ពុជា ហើយក៏មានការគម្រាមដាក់ទណ្ឌកម្មមួយចំនួនរបស់ប្រទេសអន្តរជាតិ មកលើរដ្ឋាភិបាលកម្ពុជា ផងដែរ ។ សំឡេង ៖
លោក មាស នី បានគូសបញ្ជាក់បន្ថែមថា ការប្រកាសវិលចូលប្រទេសរបស់លោក សម រង្ស៊ី នៅថ្ងៃទី ០៩ វិច្ឆិកា កន្លងមក នោះ គ្រាន់តែជាសង្គ្រាមនយោបាយ ប៉ុណ្ណោះ ដើម្បីធ្វើអោយមានកម្ដៅនយោបាយកើនឡើង ដែលអាចនឹងធ្វើអោយស្ថានការណ៍នយោបាយ ក្នុងប្រទេស មានការប្រែប្រួល បន្តិច ផងដែរ ។ សំឡេង ៖
សម្រាប់លោក ស៊ឹង សែនករុណា មន្ត្រីជាន់សមាគមអាដហុក និងជាអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា បង្ហាញនូវការសាទរចំពោះការប្រកាសដោះលែងសកម្មជនអតីតគណបក្សសង្គ្រោះ ដែលត្រូវចាប់ខ្លួន កន្លងមក ដោយលោក ករុណា ថ្លែងថា នេះជាដំណោះស្រាយនយោបាយ មួយដ៏ប្រសើរ ដើម្បីធានាបាននូវសិទ្ធិនយោបាយ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋ ដោយគ្មានការធ្វើទុក្ខបុកម្នេញ ហើយលោក ក៏សង្ឃឹមថា នៅពេលខាងមុខ នឹងមានដំណោះស្រាយនយោបាយរួម មួយ ក្នុងដោះស្រាយបញ្ហានយោបាយដ៏តានតឹងនៅកម្ពុជា នាពេលនេះ អោយកាន់តែប្រសើរឡើង ដោយឈរលើប្រយោជន៏ជាតិ និងប្រជាជន ជាធំ ។ សំឡេង ៖
តែយ៉ាងណាក៏ដោយ លោក ករុណា បានអះអាងថា ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាការបង្ហាញឆន្ទៈរបស់រាជរដ្ឋាភិបាល ដែលស្របគ្នាជាមួយនឹងការចេញរបាយការណ៍បឋមរបស់សហភាពអឺរ៉ុប ស្ដីពី ការព្យួរប្រព័ន្ធអនុគ្រោពន្ធ EBA និងការគ្រោងដកប្រព័ន្ធ GHP របស់សហរដ្ឋអាមេរិក ពីកម្ពុជា ជាដើម ដែលកត្តាទាំងនេះ បានរុញច្រានអោយ ស្ថានការណ៍នយោបាយកម្ពុជា មានការវិវត្តទៅរកនូវដំណោះស្រាយប្រកបដោយភាពវិជ្ជាមាន ជាបន្តបន្ទាប់ ដែលជាអ្វីដែលអន្តរជាតិ ចង់បាននោះ ។ សំឡេង ៖
គួរកត់សម្គាល់ដែរថា ក្រោយការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃទី ១៤ ខែ វិច្ឆិកា នេះ ក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃដដែលនោះ បានចេញសេចក្ដីថ្លែងការណ៍ ដោយស្នើព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី-ខេត្ត ដែលពាក់ព័ន្ធទាំងអស់ ពិនិត្យរៀបចំសេចក្ដីសន្និដ្ឋាន ស្នើសុំទៅតុលាការដើម្បីពិនិត្យពិចារណាលើការបញ្ឈប់ការចាប់ខ្លួន និងបន្ធូរបន្ថយការប្រើប្រាស់វិធានការ នៃការឃុំខ្លួន ជាបណ្ដោះអាសនុ្ន ចំពោះប្រជាពលរដ្ឋស្លូតត្រង់ ដែលបានបាញ់បោកលោក សម រង្ស៉ី ក្នុងផែនការចង់ផ្ដួលរលំរាជរដ្ឋាភិបាលកម្ពុជា ។
ក្រសួងយុត្តិធម៌ បានបញ្ជាក់ទៀតថា ចំពោះសំណុំរឿងរួមគំនិតក្បត់ ពាក់ព័ន្ធផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាល ក្រោមឧបាយកល នៃការវិលចូលស្រុករបស់លោក សម រង្ស៉ី ដែលកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ ស្នើសុំព្រះរាជអាជ្ញារាជធានី-ខេត្ត សហការជាមួយស្ថាប័នតុលាការ ដើម្បីជំរុញដំណើរការនីតិវិធីឲ្យបានឆាប់រហ័ស ។
សូមជម្រាបជូនថា បើយោងតាមការបញ្ជាក់ពីលោក ឆាយ គឹមខឿន អគ្គស្នងការរង និងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានអោយដឹងថា គិតមកទល់នឹងថ្ងៃនេះ ពលរដ្ឋចំនួន ៧៣ នាក់ ត្រូវបានចាប់ខ្លួន ២ នាក់ ស្ថិតនៅក្រៅឃុំ ខណៈនៅមានដីការចាប់ខ្លួន ចំនួន ១៣៥ នាក់ទៀត ដែលអ្នកទាំងអស់នេះ សិទ្ធសឹងជាសកម្មជន នៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវចោទក្នុងការរួមគំនិតក្បត់ ពាក់ព័ន្ធផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរលំរាជរដ្ឋាភិបាល ក្រោមការប្រកាសរបស់លោក សម រង្ស៊ី ៕ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!