នៅថ្ងៃស្អែក ក្រសួងទេសចរណ៍នឹងរៀបចំវេទិកាជាតិអេកូទេសចរណ៍លើកទី១ អមជាមួយពិធីប្រកាសដាក់អោយប្រើប្រាស់គោលនយោបាយជាតិអេកូទេសចរណ៍ ២០១៩-២០៣០
ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ នឹងរៀបចំវេទិកាជាតិអេកូទេសចរណ៍លើកទី១ និងពិធីប្រកាសដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិអេកូទេសចរណ៍ (២០១៩-២០៣០) នាថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ (រយៈពេលពេញ ០១ថ្ងៃ) នៅសណ្ឋាគារហ្គាដិនស៊ីធី (Garden City) រាជធានីភ្នំពេញ ។
វេទិការយៈពេល ០១ថ្ងៃនេះ នឹងមានការចូលរួមពីថ្នាក់ដឹកនាំជាសមាជិករាជរដ្ឋាភិបាល ក្រុមការងារអន្តរក្រសួង តំណាងក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ផ្នែកឯកជន ប្រតិបត្តិករ សមាគមក្នុងឧស្សាហកម្មទេសចរណ៍ សហគមន៍ទេសចរណ៍ សហគមន៍អេកូទេសចរណ៍ សាស្រ្តាចារ្យ និងនិស្សិតសកលវិទ្យាល័យ សរុបប្រមាណ ៦០០នាក់ ។
ជាងនេះទៀត វេទិកានេះនឹងមានវាគ្មិនល្បីៗ មកពីក្រសួងស្ថាប័នរដ្ឋ អង្គការជាតិ-អន្តរជាតិ ផ្នែកឯកជន សមាគម សហគមន៍ ចូលរួមធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗ ហើយចុងបញ្ចប់នៃវេទិកានេះនឹងមានចេញជាសេចក្តីថ្លែងការណ៍(Declaration) លើកទី១ ស្តីពីការជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។
សូមជម្រាបជូនថា ពិធីបើកវេទិកានេះ នឹងប្រព្រឹត្តទៅក្រោមវត្តមានរបស់លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ រីឯពិធីបិទវេទិកានេះនឹងប្រព្រឹត្តទៅក្រោមវត្តមាន ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ៕ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!