គណបក្សឆន្ទៈខ្មែរ ៖ វៀតណាមសុំខ្ចីដីតែប៉ុនស្បែកក្របី កម្ពុជាបាត់ដីកេរដូនតា
គណបក្សឆន្ទៈខ្មែរ ព្រួយបារម្ភ ចំពោះការផ្ដល់ដី ទំហំ ៤០ ហិកតា ដល់ជនជាតិវៀតណាម នៅខេត្តកំពុងឆ្នាំង ។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គម ហ្វេសបុករបស់លោក គង់ ម៉ូនីកា ប្រធានគណបក្សឆន្ទៈខ្មែរ បានបង្ហាញនូវការព្រួយបារម្ភចំពោះវិធានការថ្មីៗ ដែលអនុវត្តដោយអាជ្ញាធរខេត្តកំពង់ឆ្នាំងដែលបានកាត់ឆ្វៀលដីលិចទឹកទំហំ ៤០ហិកតា ដើម្បីសាងសង់ភូមិថ្មី ផ្តល់ជូនប្រជាពលរដ្ឋដែលរស់នៅផ្ទះបណ្ដែតទឹកលើផ្ទៃបឹងទន្លេសាប អោយមករស់នៅលើគោកវិញ ដែលពួកគេភាគច្រើន គឺជាជនជាតិវៀតណាម ។
គណបក្សឆន្ទៈខ្មែរ បានជម្រុញដល់អាជ្ញាធរអោយអនុវត្តយ៉ាងមានប្រសិទ្ធិភាពនូវច្បាប់អន្តោប្រវេសន៍ និងច្បាប់ពាក់ព័ន្ធដ៏ទៃទៀតចំពោះជនជាតិវៀតណាម ដែលបានមកតាំងទីលំនៅក្នុងខេត្តកំពង់ឆ្នាំង ក៏ដូចជានៅតាមបណ្តាខេត្តផ្សេងៗទៀតនៅទូទាំងប្រទេស មុននឹងសម្រេចផ្តល់នូវដីសម្បទានសង្គមកិច្ចដល់ពួកគេ និងត្រូវចាប់បញ្ជូនត្រលប់ទៅប្រទេសរបស់ពួកគេវិញ ក្នុងករណីដែលរកឃើញថាពួកគេជាជនអន្តប្រវេសន៍ខុសច្បាប់ ។
គណបក្សឆន្ទៈខ្មែរ ស្នើសុំយ៉ាងទទូចអោយទប់ស្កាត់អោយបាននូវការចេញប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនដល់ជនអន្តោប្រវេសន៍ទាំងឡាយ ដោយមិនបានពិនិត្យម៉ត់ចត់ និងមិនបានបំពេញលក្ខខណ្ឌត្រឹមត្រូវស្របតាមការកំណត់របស់ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។
ជាមួយគ្នានេះ គណបក្សឆន្ទៈខ្មែរ ក៏បង្ហាញក្ដីសង្ឃឹមថា រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់បន្តយកចិត្តទុកដាក់ស្វែងរកដំណោះស្រាយជាអាទិភាពចំពោះប្រជាពលរដ្ឋកម្ពុជាដែលបាន និងកំពុងរងគ្រោះដោយសារបញ្ហាវិវាទដីធ្លី ឬខ្វះខាតដីធ្លីសម្រាប់រស់នៅបង្កបង្កើនផលកសិកម្មអោយកាន់តែមានប្រសិទ្ធិភាពថែមទៀត ដើម្បីបញ្ចៀសអោយបាននូវការរិះគន់ថាអាជ្ញាធរអនុវត្តន៍នូវស្តង់ដាពីរ ៕ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!