អង្គការសិទ្ធិមនុស្ស សង្ឃឹមថា កម្មវិធីប្រឹក្សាច្បាប់តាមទូរស័ព្ទដោយឥតគិតថ្លៃ នឹងផ្ដល់ការប្រឹក្សា ក៏ដូចជាការឆ្លើយតបដល់ប្រជាពលរដ្ឋ ទាន់ពេលវេលា ប្រកបដោយតម្លាភាព ឯករាជ្យ និងមានប្រសិទ្ធភាព
គណកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដាក់អោយអនុវត្តន៍កម្មវិធីប្រឹក្សាច្បាប់តាមប្រព័ន្ធទូរស័ព្ទដោយឥតគិតថ្លៃ ក្នុងគោលដៅលើកស្ទួយសិទ្ធិទទួលបានយុត្តិធម៌របស់ពលរដ្ឋ និងជាផ្នែកមួយនៃការចូលរួមចំណែកក្នុងការធ្វើកំណែទម្រង់វិស័យយុត្តិធម៌នៅកម្ពុជា ខណៈអង្គការសិទ្ធិមនុស្ស សង្ឃឹមថា កម្មវិធីប្រឹក្សាច្បាប់នេះ នឹងផ្ដល់ការប្រឹក្សា ក៏ដូចជាការឆ្លើយតបដល់ប្រជាពលរដ្ឋ ទាន់ពេលវេលា ប្រកបដោយតម្លាភាព ឯករាជ្យ និងមានប្រសិទ្ធភាព ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំ និងដាក់អោយអនុវត្តន៍កម្មវិធីប្រឹក្សាច្បាប់តាមប្រព័ន្ធទូរស័ព្ទដោយឥតគិតថ្លៃ ក្នុងគោលដៅលើកស្ទួយសិទ្ធិទទួលបានយុត្តិធម៌របស់ពលរដ្ឋ សម្រួលការលំបាករបស់ពលរដ្ឋ និងជាពិសេសបង្ខិតសេវាប្រឹក្សាច្បាប់នេះ ទៅដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់តាមរយៈប្រព័ន្ធទូរស័ព្ទ ដោយមិនចាំបាច់ធ្វើដំណើរមកទទួលសេវានេះ ដោយផ្ទាល់នៅការិយាល័យរាជធានីភ្នំពេញទៀតទេ ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យ និងប្រធានក្រុមអ្នកច្បាប់ និងមេធាវីសិទ្ធិមនុស្ស នៃគណកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងប្រាប់វិទ្យុសំឡេងយុវជន ថា កម្មវិធីប្រឹក្សាច្បាប់តាមប្រព័ន្ធទូរស័ព្ទដោយឥតគិតថ្លៃ ជាផ្នែកមួយនៃការចូលរួមចំណែកក្នុងការធ្វើកំណែទម្រង់វិស័យយុត្តិធម៌នៅកម្ពុជា តាមរយៈការផ្ដល់នូវសិទ្ធិទទួលបានយុត្តិធម៌ដល់ពលរដ្ឋ ដោយកម្មវិធីនេះ នឹងផ្ដល់ប្រឹក្សាផ្នែកផ្លូវច្បាប់ដល់ប្រជាពលរដ្ឋ ព្រមទាំងអាចផ្ដល់នូវមេធាវីដល់ពួកគាត់ ក្នុងការតតាំងក្ដីនៅតុលាការ ផងដែរ ។ សំឡេង ៖
មន្ត្រីជាន់ខ្ពស់នៃសមាគមអាដហុក លោក ស៊ឹង សែនករុណា បានបង្ហាញការគាំទ្រចំពោះការដាក់អោយអនុវត្តន៍កម្មវិធីប្រឹក្សាច្បាប់នេះ ដែលជាកម្មវិធីល្អមួយ ក្នុងការជួយដល់ប្រជាពលរដ្ឋ ក្នុងការផ្ដល់ប្រឹក្សាផ្នែកច្បប់ ក៏ប៉ុន្តែលោក ស៊ឺង សែនករុណា ព្រួយបារម្ភថា ការផ្សព្វផ្សាយព័ត៌មានអំពីកម្មវិធីប្រឹក្សាច្បាប់តាមរយៈប្រព័ន្ធទូរស័ព្ទនេះ បានដល់ប្រជាពលរដ្ឋទូទៅដែរឬទេ ? មួយវិញទៀតនោះ តើក្រុមការងារផ្ដល់ប្រឹក្សាផ្លូវច្បាប់ នេះ នឹងអាចផ្ដល់ការប្រឹក្សាបានដល់ប្រជាពលរដ្ឋ ក្នុងកម្រិតណាដែរ ? សំឡេង៖
តែទោះជាយ៉ាងណា មន្ត្រីសមាគមអាដហុករូបនេះ បានជម្រុញអោយគណកម្មាធិការសិទ្ធិមនុស្ស គួរតែមានការចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដោយផ្ទាល់នៅតាមមូលដ្ឋាននានា ក៏ដូចជាការតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត ដើម្បីអោយពលរដ្ឋទូទៅ កាន់តែយល់ច្បាស់ និងបានដឹងអំពីអត្ថប្រយោជន៍ កម្មវិធីប្រឹក្សាច្បាប់នេះ ។ សំឡេង ៖
ស្រដៀងគ្នានេះដែរ លោក អំ សំអាត មន្ត្រីសិទ្ធិមនុស្សនៃអង្គការលីកាដូ បានលើកឡើងថា ជាការវិវត្តនូវភាពវិជ្ជភាពមួយរបស់គណកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការរៀបចំអោយមានសេវាប្រឹក្សាច្បាប់នេះឡើង ដោយលោក សង្ឃឹមថា សេវាប្រឹក្សាច្បាប់នេះ នឹងផ្ដល់ការប្រឹក្សា ក៏ដូចជាការឆ្លើយតបដល់ប្រជាពលរដ្ឋ ទាន់ពេលវេលា ប្រកបដោយតម្លាភាព ឯករាជ្យ និងមានប្រសិទ្ធភាព ។ សំឡេង៖
លោក អំ សំអាត បានគូសបញ្ជាក់ដែរថា គណកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅមានភារកិច្ចជាច្រើនទៀត ក្នុងការជួយដល់ប្រជាពលរដ្ឋ ក្នុងនោះមានដូចជា ការផ្ដល់មេធាវីដល់ពលរដ្ឋ ដែលគ្មានលទ្ធផលជួលមេធាវី ការផ្ដល់ការគាំទ្រ និងការការពារដល់ជនរងគ្រោះ ដែលរងភាពអយុត្តិធម៌ ក្នុងការរំលោភបំពានសិទ្ធិនានា ជាដើម ។ សំឡេង ៖
សូមជម្រាបជូនថា កម្មវិធីប្រឹក្សាច្បាប់តាមទូរស័ព្ទដោយឥតគិតថ្លៃ មានក្រុមមេធាវីសិទ្ធិមនុស្សរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រចាំការជារៀងរាល់ថ្ងៃក្នុងការទទួលទូរស័ព្ទ និងឆ្លើយតបទៅនឹងចម្ងល់ និងក្តីកង្វល់ផ្សេងៗរបស់សាធារណជនពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់ ៕ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!