កម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ី-អ៊ឺរ៉ុប នៅទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី
លោក ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ី-អ៊ឺរ៉ុប នៅទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី។
កិច្ចប្រជុំនេះ ត្រូវបានប្រព្រឹត្តធ្វើឡើងក្រោមវត្តមាន លោក László Mosoczi អនុរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការដឹកជញ្ជូន នៃក្រសួងនវានុវត្តន៍ និងបច្ចេកវិទ្យាហុងគ្រី និងចូលរួមដោយបណ្តាប្រទេសមកពីតំបន់អាស៊ី-អ៊ឺរ៉ុប និងដៃគូសន្ទនាពាក់ព័ន្ធ។
កិច្ចប្រជុំបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាលើប្រធានបទសំខាន់ៗ រួមមាន៖ ១-គោលនយោបាយជំរុញការតភ្ជាប់បណ្តាញដឹកជញ្ជូនអាស៊ី-អ៊ឺរ៉ុប ២-ការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមប្រព័ន្ធឌីជីថល មិនប៉ះពាល់ដល់បរិស្ថាន និងប្រកបដោយចីរភាព និង ៣- បញ្ហាផ្សេងៗទាក់ទងការធ្វើឲ្យប្រសើរឡើងប្រព័ន្ធដឹកជញ្ជូនអាស៊ី-អ៊ឺរ៉ុប ។
នៅក្នុងកិច្ចប្រជុំនេះ ប្រទេសកម្ពុជា បានចែករំលែកព័ត៌មានជាមួយប្រទេសដទៃទៀត អំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល និងសកម្មភាពបន្តទៀត សំដៅធ្វើឲ្យកាន់តែប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៅកម្ពុជា ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!