មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ៖ សំណល់ប្លាស្ទិកជាក្តីកង្វល់រួមរបស់ពិភពលោក
«សំណល់ប្លាស្ទិកជាក្តីកង្វល់រួមរបស់ពិភពលោក ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវរួមគ្នាកាត់បន្ថយការប្រើប្រាស់ផលិតផលធ្វើពីប្លាស្ទិក និងចូលរួមប្រើប្រាស់ឡើងវិញ ការកែច្នៃ ឬបដិសេធការប្រើប្រាស់ប្លាស្ទិក ដើម្បីលុបបំបាត់ការបំពុលដោយប្លាស្ទិក ការពារបរិស្ថាន និងភពផែនដីរបស់យើង»។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានអោយដឹងថា យោងតាមរបាយការណ៍ ចាប់តាំងពីការបង្កើតប្លាស្ទិកដំបូងរហូតដល់ឆ្នាំ ២០១៥ សំណល់ប្លាស្ទិកនៅលើពិភពលោកមានចំនួនប្រមាណជាជាង ៨.៣ ពាន់លានតោន ហើយរហូតមកដល់បច្ចុប្បន្ននេះ មានតែ ៩% តែប៉ុណ្ណោះនៃសំណល់ប្លាស្ទិកដែលត្រូវបានយកមកកែច្នៃដើម្បីប្រើប្រាស់ឡើងវិញ។
នៅពេលបច្ចុប្បន្ននេះ ប្លាស្ទិកចំនួន ៤០០ លានតោនត្រូវបានផលិត ហើយគេព្យាករណ៍ថា ចាប់ពីឆ្នាំ ២០២៥ ខាងមុខ ប្លាស្ទិកប្រមាណ ៦០០ លានតោននឹងត្រូវផលិតនៅលើពិភពលោក ដោយលោករដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ថា សំណល់ប្លាស្ទិកកើនឡើងជារៀងរាល់ឆ្នាំ ដែលជាក្តីកង្វល់មួយសម្រាប់ពិភពលោក ហើយនៅឆ្នាំ ២០៥០ ខាងមុខ សំណល់ប្លាស្ទិកនឹងអាចកើនឡើងដល់ ៣៤ ពាន់លានតោន ។ នៅឆ្នាំ ២០៥០ នេះ ប្លាស្ទិកអាចមានច្រើនជាងត្រីនៅក្នុងសមុទ្រ ប្រសិនបើគ្មានវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពទេនោះ។
លោក នេត្រ ភក្ត្រា បានមានប្រសាសន៍ថា នៅប្រទេសកម្ពុជា សំណល់សំរាម ដែលបានបង្កើតឡើងនៅក្នុងមួយឆ្នាំមានប្រមាណជាង ៤ លានតោន ក្នុងនោះប្រមាណ ២០% ជាសំណល់ប្លាស្ទិក។ ខេត្តរាជធានីធំៗដែលបង្កើតបរិមាណសំរាមច្រើនរួមមាន៖ រាជធានីភ្នំពេញប្រមាណជា ៣០០០ តោនក្នុងមួយថ្ងៃដែលនៅក្នុងនោះ ២០% ជាសំណល់ប្លាស្ទិក។ ក្នុងមួយថ្ងៃ រាជធានីភ្នំពេញប្រើប្រាស់ថង់ប្លាស្ទិកប្រមាណជាង ១០ លានថង់។ ចំណែកនៅក្រុងព្រះសីហនុ មានបរិមាណសំរាមប្រមាណ ៧០០ តោនក្នុងមួយថ្ងៃ និងក្រុងសៀមរាប មានប្រមាណ ៤០០ តោនក្នុងមួយថ្ងៃ។
តាមការប៉ានប្រមាណ ភាគរយនៃប្លាស្ទិកដែលប្រមូលបានតាមរយៈការបោសសម្អាត នៅតាមផ្លូវក្នុងក្រុងសៀមរាបមាន ២០,៧% និង ៣៤% ក្នុងខេត្តព្រះសីហនុ។ យោងតាមការសិក្សាស្រាវជ្រាវ ប្រជាពលរដ្ឋនៅទីក្រុងម្នាក់បានប្រើប្រាស់ថង់ប្លាស្ទិកច្រើនជាង ២០០០ ថង់ នៅក្នុងមួយឆ្នាំ។ លោក នេត្រ ភក្ត្រា បានបន្ថែមថា បើនិយាយនៅក្នុងក្របខណ្ឌទូទាំងប្រទេស សំណល់សំរាមកើនឡើងប្រមាណ ១០% នៅក្នុងមួយឆ្នាំ ដោយសារតែកត្តាកំណើនប្រជាជន កំណើនសេដ្ឋកិច្ច ការផ្លាស់ប្តូររបៀបរស់នៅ ការផ្លាស់ប្តូរេរបៀបនៃការវេចខ្ចប់ទំនិញផ្សេងៗ ពោលគឺប្រជាពលរដ្ឋបានងាកមកប្រើប្រាស់របស់របរវេចខ្ចប់ដែលងាយៗ គឺថង់ប្លាស្ទិក ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!