រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចូលរួមសន្និសីទ លើកទី២៥ នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP25)
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានដឹកនាំប្រតិភូអន្តរក្រសួងកម្ពុជា មកពីក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ក្រសួងកិច្ចការនារី និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ចូលរួម និងថ្លែងសុន្ទរកថាក្នុងសន្និសីទលើកទី២៥ នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP25) នៅទីក្រុងម៉ាឌ្រីដ នៃព្រះរាជាណាចក្រអេស្ប៉ាញ។
ក្នុងឱកាសថ្លែងសុន្ទរកថា លោករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ជាពិសេសភស្តុតាងវិទ្យាសាស្រ្ត ដែលបានបង្ហាញដោយក្រុមប្រឹក្សាអន្តររដ្ឋាភិបាល ស្តីពីការប្រែប្រួលអាកាសធាតុ។
លោក សាយ សំអាល់ បានជម្រាបអង្គសន្និសីទថា សន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ចដោយចីរភាព ព្រមទាំងការយល់ដឹងកាន់តែច្បាស់អំពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជន គឺជាកត្តាចាំបាច់ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលអនុវត្តសកម្មភាពឆ្លើយតបនឹងប្រែប្រួលអាកាសធាតុដោយជោគជ័យ ។
លោកបានជម្រាបដែរថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចបាន ដូចជាការបញ្ជ្រាបយ៉ាងស៊ីជម្រៅនៃការប្រែប្រួលអាកាសធាតុទៅក្នុងផែនការតាមវិស័យ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការបង្កើនភាគរយនៃការផលិតអគ្គិសនីពីថាមពលកកើតឡើងវិញ ជាពិសេសថាមពលពន្លឺព្រះអាទិត្យ ការទទួលបានប្រាក់ចំណូលពីកម្មវិធីព្រៃឈើ REDD+ ការកសាងហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងការប្រែប្រួលអាកាសធាតុ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី សាយ សំអាល់ បានអំពាវនាវដល់ប្រទេសអភិវឌ្ឍន៍បង្កើនការផ្តល់ថវិកាហិរញ្ញវត្ថុនៅក្រោមមូលនិធិអាកាសធាតុបៃតង មូលនិធិសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច (Least Development Countries Fund-LDCF) និងមូលនិធិបន្ស៊ាំ (Adaptation Fund) ព្រមទាំងស្នើសុំឱ្យក្រុមប្រឹក្សានៃមូលនិធិអាកាសធាតុបៃតង ពង្រីកការគាំទ្របណ្តាគម្រោងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ដើម្បីរួមចំណែកសម្រេចបានគោលដៅយុទ្ធសាស្ត្រឆ្នាំ២០៣០ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!