ICC-Angkor គាំទ្រសេចក្ដីព្រាងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប
គណៈកម្មាធិការអន្តរជាតិសម្របសម្រួលការគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ (ICC-Angkor) បង្ហាញពី សេចក្ដីព្រាងផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងសិក្សារៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប បានចូលរួមកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការអន្តរជាតិសម្របសម្រួលការគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ (ICC-Angkor) ដោយបង្ហាញពី សេចក្ដីព្រាងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប ។
សេចក្ដីព្រាងផែនការមេសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាបនេះ ត្រូវបានគាំទ្រដោយ ICC-Angkor ទាំងស្រុង។
ផែនការមេនេះ រៀបចំឡើង ដើម្បីដាក់ទិសដៅខេត្តសៀមរាប ក្លាយជាគោលដៅទេសចរណ៏គុណភាព (alternative tourism) សម្រាប់រយៈពេល១៥ឆ្នាំ (២០២០-២០៣៥) ដោយផ្អែកលើអភិក្រមជាគោលចំនួន០២ ៖ ទី១. ការគ្រប់គ្រងប្រកបដោយនិរន្តរភាពទៅលើសម្បត្តិបេតិកភណ្ឌទាំងរូបិយ និងអរូបិយ ទី២. ការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវ និងបរិយាប័ន្ន ដែលមានការគិតគូរដល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន។
អភិក្រមទាំងពីរនេះតម្រូវឱ្យមានការ “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ” ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាបាននូវការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាពនៅខេត្តសៀមរាប ដោយឈរលើទស្សនទាន “អភិរក្សដើម្បីអភិវឌ្ឍ អភិវឌ្ឍដើម្បីអភិរក្ស” ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!