ក្រុមសហជីព ជម្រុញអោយក្រសួងការងារ បន្តយកចិត្តទុកដាក់អនុវត្តន៍នីតិវិធីដំណើរការបើកប្រាក់អតីតភាពការងារជូនកម្មករនិយោជិក ដំណាក់កាលទី ២ អោយមានប្រសិទ្ធភាព និងជោគជ័យ
ក្រុមសហជីព ជម្រុញអោយក្រសួងការងារ និងបណ្ដុះបណ្ដាល ត្រូវយកចិត្តទុកដាក់បន្ថែមទៀត លើការអនុវត្តនីតិវិធីក្នុងការដំណើរការបើកប្រាក់អតីតភាពការងារជូនកម្មករនិយោជិក ក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងស្បែកជើង អោយមានប្រសិទ្ធភាព និងទទួលជោគជ័យ ។
សំឡេង ៖
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានសាទរចំពោះដំណើរការបើកប្រាក់អតីតភាពការងារជូនកម្មករ កម្មការនីរោងចក្រ ក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរ ជាបន្តបន្ទាប់នេះ បើទោះបីជា ការងារនេះមិនទាន់បានល្អប្រសើរ គ្រប់ជ្រុងជ្រោយយ៉ាងណាក្ដី ។
លោក ហ្វា សាលី ក៏បានជម្រុញបន្ថែមដល់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងការងារ ដែលជាសាម៉ីក្រសួងទទួលបន្ទុកលើកិច្ចការនេះ ត្រូវបញ្ជូនមន្ត្រីអធិការកិច្ចចុះតាមដានដោយផ្ទាល់នូវនីតិវិធី ក៏ដូចជាដំណើរការបើកប្រាក់អតីតភាពការងារកម្មករ ដើម្បីធ្វើយ៉ាងណាអោយការអនុវត្តស្របទៅតាមអ្វីដែលជាគោលការណ៍កំណត់របស់ក្រសួង ។
សម្រាប់ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានបញ្ជាក់ថា ដំណើរការបើកប្រាក់អតីតភាពការងារ ដំណាក់កាលទី ១ កាលពីកំឡុងខែមិថុនា ដំណើរការប្រកបដោយប្រក្រតី ដោយនៅមានបញ្ហាតិចតូចបំផុត គឺការចម្រូងចម្រាស់លើការបកស្រាយកិច្ចសន្យាការងារ តែប៉ុណ្ណោះ ។
លោក អាត់ ធន់ ក៏បានបង្ហាញក្ដីសង្ឃឹមថា ក្នុងដំណាក់កាលទី ២ ខាងមុខនេះ ក្នុងដំណើរការបើកប្រាក់អតីតភាពការងារកម្មករ កម្មការនី នឹងមិនមានបញ្ហាប្រឈមអ្វីទៀតនោះឡើយ ដោយលោកលើកឡើងថា បញ្ហាមួយចំនួនបានធ្វើការដោះស្រាយរួចមកហើយ នៅដំណាក់កាលទី ១ ដូច្នេះ មិនមានអ្វីជាបញ្ហាប្រឈមធំដុំនោះទេ ។
ជាមួយគ្នានេះ មេសហជីពរូបនេះ បានស្នើអោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តន៍តាមសេចក្ដីប្រកាស ក៏ដូចជាសេចក្ដីណែនាំ របស់ក្រសួង អោយមានប្រសិទ្ធិភាពបន្ថែមទៀត ផងដែរ ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ក្រសួងនឹងត្រៀមមន្ត្រីសម្រាប់ចុះធ្វើការតាមដានការបើកប្រាក់អតីតភាពការងាររបស់កម្មកររោងចក្រវាយនភណ្ឌ កាត់ដេរក្នុងដំណាក់កាលទី ២ នៅចុងឆ្នាំនេះ ។
សូមជម្រាបជូនថា ក្នុងឆ្នាំ ២០១៨ ក្រសួងការងារបានប្រកាសពីការផ្លាស់ប្តូរនីតិវិធីអនុវត្តន៍ទូទាត់ប្រាក់បំណាច់អតីតភាពការងារជូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងពីការបើកសរុបប្រាក់បំណាច់នេះនៅពេលបញ្ចប់ការងាររបស់កម្មករមកជាការបើកជាទៀងទាត់ក្នុង ១ ឆ្នាំ ២ ដង ចាប់ពីឆ្នាំ ២០១៩ ។ ក្នុងនោះក្រសួងបានប្រកាសថា ការបើកប្រាក់អតីតភាពការងារលើកទី ១ ត្រូវធ្វើឡើងនៅខែមិថុនា និងលើកទី ២ នៅខែធ្នូ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!