លោក ចម ប្រសិទ្ធ ទទួលជួបប្រតិភូសមាគមកម្ពុជា-ជប៉ុន
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានទទួលជួបប្រតិភូជម្រុញការវិនិយោគមកពីប្រទេសជប៉ុនមួយក្រុម ដែលសម្របសម្រួលដោយសមាគមកម្ពុជា-ជប៉ុន ដឹកនាំដោយលោក Fumiaki Takahashi ជាអតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ។
លោក ចម ប្រសិទ្ធ បានសម្តែងការស្វាគមន៌ និងបានធ្វើបទបង្ហាញពីស្ថានភាពទូទៅ ដោយបានលើកឡើងពីសក្តានុពល និងលក្ខណៈអំណោយផលជាច្រើនរបស់កម្ពុជាដល់ភាគីអ្នកវិនិយោគជប៉ុន ។
ក្នុងនោះកត្តាសំខាន់ គឺកម្ពុជាមានស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងទីផ្សារនាំចេញនៃទំនិញជាច្រើនប្រភេទទៅក្រៅប្រទេស លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅទាក់ទងនឹងវិស័យសេវាសាធារណៈ សារពើពន្ធ និងកិច្ចសម្រួលពាណិជ្ជកម្ម ជាពិសេសច្បាប់វិនិយោគកម្ពុជាមានការលើកទឹកចិត្តជាច្រើនដល់អ្នកវិនិយោគពីក្រៅប្រទេស ដូចជា ៖ អ្នកវិនិយោគបរទេសមានសិទ្ធិដាក់ដើមទុនវិនិយោគរបស់ខ្លួន១០០% ទុករយៈពេលមិនយកពន្ធលើប្រាក់ចំណេញ ការរួចពន្ធការនាំចូលវត្ថុធាតុដើមផលិត និងសាងសង់ និងមិនកំហិតការផ្ទេរប្រាក់ចំណេញទៅក្រៅប្រទេស ជាដើម ។
ក្នុងវិស័យឧស្សាហកម្ម លោក ចម ប្រសិទ្ធ បានលើកឡើងថា កំណើតនៃរោងចក្រ និងទឹកប្រាក់ នៃការនាំចេញពីវិស័យកាត់ដេរសម្លៀកបំពាក់ និងវាយភ័ណ្ឌក្រោមក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ដោយក្នុងនោះ រោងចក្រជប៉ុននៅកម្ពុជា ក៏បានបង្កើតជាបន្តបន្ទាប់ ផងដែរ ជាពិសេស នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ។
លោក ចម ប្រសិទ្ធ បានលើកទឹកចិត្តអោយអ្នកវិនិយោគជប៉ុន មកបណ្តាក់ទុនអោយកាន់តែច្រើនថែមទៀត ជាពិសេសនៅតំបន់សេដ្ឋកិច្ចពិសេស ដែលកម្ពុជាបានរៀបចំបង្កើតឡើងជាច្រើតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា ដូចជា នៅខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាល បានចាត់ទុកខេត្តនេះទាំងមូលជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ។
ជាការឆ្លើយតបសំណួរពីភាគីជប៉ុន លោករដ្ឋមន្ត្រី ចម ប្រសិទ្ធ បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការផ្នែកប្រកាសនីយបត្រតក្កកម្ម រវាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយការិយាល័យកម្មសិទ្ធិបញ្ញានៃប្រទេសជប៉ុន ជាក្របខណ្ឌកិច្ចការពារកម្មសិទ្ធិបញ្ញាមួយដ៏សំខាន់ដើម្បីការពារស្នាដៃ និងរបបគំហើញផ្សេងៗផ្នែកបច្ចេកវិទ្យា ដែលចង់មកផលិត និងវិនិយោគនៅទីនេះ ស្របពេលដែលកម្ពុជាកំពុងស្វាគមន៌ និងលើកទឹកចិត្តអោយមានការវិនិយោគផ្នែកបច្ចេកវិទ្យាក្នុងបដិវត្តឧស្សាហកម្ម ៤.០ ។
លោក តាកាហូឈី ហ្វូមីអាគី និងប្រតិភូវិនិយោគជប៉ុន បានសម្តែងនូវទឹកចិត្តរីករាយចំពោះបទបង្ហាញ និងមានការចាប់អារម្មណ៌ចំពោះស្ថានភាពអំណោយផលនៅកម្ពុជា ដែលជាកត្តាងាយស្រួលក្នុងការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា នាពេលខាងមុខ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!