Commentary: សង្គ្រាមនៅអ៊ីរ៉ាក់
ជាសំណួរដែលធ្វើឲ្យអាមេរិកាំងជនជាច្រើនលេបមិនរួចខ្ជាក់មិនចេញ ជាពិសេសអ្នកដែលអង្គុយលើកៅអីរដ្ឋសភានិងមានចំណែករួមក្នុងការអនុម័តឲ្យធ្វើសង្រ្គាមនៅអ៊ីរ៉ាក់
ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៥
លោក ហ្ចច ដាប់បែលយូ ប៊ូស និង សាដាម ហ៊ូសេន
(Photo by Google.com)
«ប្រសិនបើថយត្រឡប់ទៅបាន កាលពីជាង១០ឆ្នាំមុន ហើយបើលោកអ្នកជាប្រធានាធិបតីសហរដ្ឋអាមេរិកនាពេលនោះ តើលោកអ្នកនឹងផ្តល់ភ្លើងបៃតងឲ្យបញ្ជូនទាហានទៅវាយប្រហារអ៊ីរ៉ាក់ឬយ៉ាងណា ??? » ជាសំណួរដែលធ្វើឲ្យអាមេរិកាំងជនជាច្រើនលេបមិនរួចខ្ជាក់មិនចេញ ជាពិសេសអ្នកដែលអង្គុយលើកៅអីរដ្ឋសភានិងមានចំណែករួមក្នុងការអនុម័តឲ្យធ្វើសង្រ្គាមនៅអ៊ីរ៉ាក់ រួមដល់សមាជិកជាច្រើនទៀតនៃគណបក្សសាធារណរដ្ឋ ដែលជារដ្ឋាភិបាលនៅក្នុងខណៈនោះ ។
ក្នុងអំឡុងពេលជាច្រើនឆ្នាំកន្លងមក ប្រជាជនអាមេរិកាំងមិនតិចទេដែលផ្តើមមើលឃើញថា ការបញ្ជូនទាហានសហរដ្ឋអាមេរិកចេញប្រតិបត្តិការផ្តួលរំលំអតីតប្រធានាធិបតី សាដាំ ហ៊ូសេន មេដឹកនាំអ៊ីរ៉ាក់ ជាអ្វីដែលមិនគួរនឹងកើតមានឡើង ដោយពិចារណាអំពីផលវិបាកនៃសង្គ្រាមដែលបានអូសបន្លាយពេលមកដល់ថ្ងៃនេះ ថវិការដ៏ច្រើនសម្បើមដែលបានចំណាយ ជីវិតទាំងជនជាតិអាមេរិកាំងនិងអ៊ីរ៉ាក់ដែលត្រូវបូជាក្នុងលើសមរភូមិ រួមដល់ប្រជាជនម្ចាស់ប្រទេសដែលត្រូវរស់នៅកណ្តាលចំណោមកំទេចបែកបាក់សេសសល់ដោយសារសង្គ្រាម ។
លោក ចេប ប៊ូស សមាជិកគណបក្សសាធារណរដ្ឋប៊ូ អតីតជាអភិបាលរដ្ឋផ្លរីដា អ្នកប្រកាសចូលប្រកួតប្រជែងជាតំណាងបក្ស ដើម្បីដណ្តើមតំណែងប្រធានាធិបតី ដែលនឹងប្រារព្វឡើងនៅឆ្នាំក្រោយ ជាប្អូនប្រុសរបស់អតីតប្រធានាធិបតី George W. Bush មេដឹកនាំរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដែលបានសម្រេចចិត្តបញ្ជូនកងទ័ពអាមេរិកចូលលុកលុយទីក្រុងបាដាដ កាលពីឆ្នាំ ២០០៣ ។ ដូចនោះហើយ ទើបមិនមែនជារឿងងាយស្រួលឡើយ សម្រាប់លោក Bush ប្អូនប្រុសដែលត្រូវតែរំឮកពីស្នាដៃការងាររបស់បងប្រុសក្នុងស្ថានភាពបែបនេះ ។
ប៉ុន្តែក្រោយពីស្ទាក់ស្ទើរអស់ពេលជាយូរ លោក ចេប មើលទៅហាក់បីដូចជារកចំណុចឈរជើងដោយខ្លួនឯងបាន ក៏ដូចគ្នានឹងសមាជិកសភាជាច្រើននាក់ដែលព្រមសារភាពថា នោះគឺ "កំហុសឆ្គង " ពីព័ត៌មានដែលបានឲ្យដឹងក្នុងពេលក្រោយថា សាដាម ហ៊ូកាន់ គ្មានអាវុធប្រល័យលោកគ្រប់គ្រងដូចរបាយការណ៍របស់អង្គភាពស៊ើបការណ៍សម្ងាត់ដែលរាយការណ៍ពីដំបូង និងត្រូវប្រើជាលេសក្នុងការបើកឆាកសង្គ្រាមនៅអ៊ីរ៉ាក់នោះ ។
ការទទួលស្គាល់បែបនោះ អាចធ្វើឱ្យអនាគតនយោបាយដែលរំពឹងទុកមើលទៅមានសុវត្ថិភាពច្រើនឡើង មិនខុសអ្វីពីតួឆ្នើមក្នុងសមរភូមិបោះឆ្នោតជ្រើសរើសប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យ ដូចយ៉ាងលោកស្រី ហ៊ីលឡារី គ្លីនតុន ដែលក្នុងពេលនោះលោកស្រីមានតំណែងជាព្រឹទ្ធសមាជិកនៃរដ្ឋញូវយ៉ក ដែលបានលើកដៃយល់ព្រមឲ្យធ្វើសង្រ្គាម ។ រីឯអតីតប្រធានាធិបតី ប៊ូស និងលោក ឌិគ ឆេនី អនុប្រធានាធិបតីនៅពេលនោះ នៅបានអះ អាង ថា វាមិនមែនជាកំហុសឆ្គងទេ លោក ប៊ូស ដឹងយ៉ាងច្បាស់ថា ការពិតដែលថាគ្មានអាវុធប្រល័យលោកនៅក្នុងឃ្លាំងអាវុធរបស់សាដាម វាកាន់តែបំផ្លាញនូវទំនុកចិត្តនិងភាពស្របច្បាប់នៃការបង្កសង្រ្គាមរបស់សហរដ្ឋអាមេរិក ក្នុងខ្សែភ្នែកសាធារណៈជន តែលោកជឿថា ពិភពលោកនឹងមានសុវត្ថិភាពដរាបណាគ្មានសាដាំ ហ៊ូសេន ។
លោក រ៉េន ផូល សមាជិកព្រឹទ្ធសភា រដ្ឋខេនតាក់គី គណបក្សសាធារណរដ្ឋ ម្នាក់ក្នុងចំណោមអ្នកសុំខ្លួនជាតំណាងគណបក្ស ចូលប្រកួតក្នុងការបោះឆ្នោតប្រធានាធិបតី មើលមិនឃើញថា អ៊ីរ៉ាក់ក្រោយសម័យលោកសាដាមនឹងមានសុវត្ថិភាពដូចម្តេចទៅ ម៉្យាងទៀតការកំចាត់ មេដឹកនាំផ្ដាច់ការម្នាក់នេះ នៅចាត់ទុកជាការដើរហ្គេមខុស ធ្វើឲ្យរចនាសម្ព័ន្ធខាងអំណាចក្នុងតំបន់បាត់បង់តុល្យភាព ។
ស្របពេលជាមួយគ្នានោះ ក៏មានអ្នកចង្អុលទៅកាន់លោក អូបាម៉ា ដែលបានសន្យានឹងបញ្ឈប់សង្គ្រាមក្នុងយុទ្ធនាការរកសំឡេងឆ្នោតកាលពីឆ្នាំ ២០០៨ ដោយមើលថា ចំណុចខុសឆ្គងនៃរឿងនេះគឺ ការសម្រេចចិត្តដកកងទ័ពចេញពីប្រទេសអ៊ីរ៉ាក់នៅឆ្នាំ ២០១១ ទុកឲ្យសមរភូមិដែលផ្សែងនៅមិនទាន់បាត់ហុយ ធ្លាក់ក្នុងការមើលថែរបស់រដ្ឋាភិបាលដែលអសមត្ថភាព និងជាការបើកឳកាសឲ្យ ក្រុមភេរវករ ដែលនៅមិនទាន់បានកំចាត់ឲ្យអស់ឫសគល់ លូតលាស់ឡើងមកជាថ្មី និងកាន់តែសាហាវអាក្រក់ព្រៃផ្សៃ ជាងមុនច្រើនដង ។
យ៉ាងណាក៏ដោយ ចម្លើយរបស់ភាគីដែលមិនយល់ស្របចំពោះការធ្វើសង្គ្រាម ពួកគេមានមូលដ្ឋានទិន្នន័យនិងស្ថានការណ៍តាមដែលឃើញនិងកើតមានសព្វថ្ងៃ ស្រដៀងការឆ្លើយវិញ្ញាសារដែលដឹងចម្លើយស្រេចទៅហើយ ខណៈ ដែលភាគីមានទស្សនៈផ្សេង មើលឃើញជ្រុងដែលគួរឲ្យតាមដាន ប្រសិនបើមើលដោយមិនអគតិ ការសម្រេចចិត្តនាគ្រានោះ សុទ្ធតែបណ្តាលមកពីទិន្នន័យដែលរដ្ឋាភិបាលបានទទួលនាពេលនោះផងដែរ ។
ការនាំបច្ចុប្បន្នទៅវាយស៊ុមលើរឿងពីអតីតកាល ដោយមិនគិតពីកត្តាបរិស្ថានក្នុងអំឡុងគ្រានោះ មើលទៅជាយន្តការក្នុងទំនងខុសគ្របខុសឆ្នាំងបន្តិចហើយ ។ ការលើកជាសំនួររបៀបនេះមិននាំមកនូវផលប្រយោជន៍ណាមួយក្នុងយុទ្ធនាការបោះឆ្នោត ដែលទុកច្រកឲ្យអ្នកឆ្លើយបានឃោសនាខ្លួនឯងផ្ទាល់ ឬមួយក៏ជីករណ្តៅកប់ខ្លួនឯងតែម្តង គង់អាចធ្វើបាន តែត្រូវតាំងក្តីសង្ឃឹមចំពោះបណ្តាមេដឹកនាំប្រទេស សូមពិចារណារឿងនេះដោយប្រាកដចិត្តនិងសុទ្ធចិត្ត ដើម្បីនាំទៅរកការបង្កើតគោលនយោបាយនាពេលអនាគត មិនមែនត្រឹមតែលិចលង់ទៅនឹងការចោទប្រកាន់គ្នាទៅវិញទៅមក ពីរឿងក្នុងអតីតកាលដែលដោះស្រាយមិនបាននោះឡើយ ៕
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!