គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញទៅចូលរួមមហាសន្និបាតសភាតំបន់អាស៊ី លើកទី១២ នៅប្រទេសតួកគី
គណៈប្រតិភូជាន់ខ្ពស់សភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ លោក ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាជាតិកម្ពុជា-សភាតំបន់អាស៊ី (APA) បាន ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២ និងមហាសន្និបាតសភាតំបន់អាសុី(APA) លើកទី១២ ក្រោមប្រធានបទ “ តួនាទី នៃកិច្ចសហប្រតិបត្តិការពហុភាគីក្នុងសភាតំបន់អាស៊ី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងអានតាលីយ៉ា សាធារណរដ្ឋតួកគី ។
មហាសន្និបាតនេះ នឹងមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា នៃបណ្តាប្រទេស ដែលជាសមាជិកសភាតំបន់អាស៊ី គណៈប្រតិភូនៃបណ្តាប្រទេសជាអ្នកសង្កេតការណ៍ និងអង្គការដៃគូ APA ។
សភាតំបន់អាស៊ី (Asian Parliamentary Assembly) បានបង្កើតឡើងនៅឆ្នាំ២០០៦ និងមានសភាសមាជិកចំនួន ៤២ប្រទេស សមាជិកសង្កេតការណ៍ចំនួន ១៦ប្រទេស និងអង្គការដៃគូចំនួន ១០ប្រទេស។ បេសកកម្ម និងគោលបំណងសំខាន់ របស់ APA គឺដើម្បីជំរុញនូវសុខសន្តិភាព និងសមាហរណកម្ម សម្រាប់តំបន់អាស៊ីទំាងមូលតាមយន្តការសភា។
សូមជម្រាបថា សភានៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានទទួលធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតសភាតំបន់អាស៊ី ចំនួន ២ឆ្នាំជាប់គ្នា គឺមហាសន្និបាតសភាតំបន់អាស៊ី លើកទី៨ ក្នុងឆ្នាំ២០១៥ និងលើកទី៩ ក្នុងឆ្នាំ២០១៦ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!