កិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍លើវិស័យមីន
លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រធានអាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍លើវិស័យមីន ដោយមានការចូលរួមពី UNDP តំណាងដៃគូអភិវឌ្ឍន៍ តំណាងក្រសួងនិងស្ថាប័នពាក់ព័ន្ធ អង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រតិបត្តិករបោសម្អាតមីនជាតិនិងអន្តរជាតិ ផងដែរ ។
កិច្ចប្រជុំនេះ មានគោលបំណងផ្សព្វផ្សាយលទ្ធផលនៃកិច្ចប្រជុំពិនិត្យឡើងវិញលើកទី៤នៃអនុសញ្ញាអូតាវ៉ា ផ្តល់ជាវេទិកាពិភាក្សាទៅលើការកៀរគរធនធានដើម្បីឈានទៅសម្រេចបាននូវផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន២០១៨-២០២៥ ព្រមទាំងផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពការងារវិស័យមីន បញ្ហាប្រឈម និងដំណោះស្រាយ។
លោក លី ធុជ បានបង្ហាញពីលទ្ធផលនៃសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៤ ក្នុងទីក្រុងអូស្លូ ប្រទេសន័រវេស កាលពីខែវិច្ឆិកា កន្លងទៅនេះជូនដល់កិច្ចប្រជុំ ដែលកម្ពុជាទទួលបាននូវការអនុម័តលើឯកសារពន្យាពេលបោសសម្អាតមីនរហូតដល់ឆ្នាំ២០២៥។
ក្នុងនាមប្រមុខរាជរដ្ឋាភិបាល លោក លី ធុជ បានថ្លែងអំណរគុណប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ទាំងអស់សម្រាប់ការផ្តល់នូវការគាំទ្រទាំងបច្ចេកទេស សម្ភារ:និងថវិកា ដែលអាចឲ្យប្រទេសកម្ពុជាបំពេញបាននូវកាតព្វកិច្ចបោសសម្អាតមីនឲ្យអស់ពីទឹកដី ជួយសង្រ្គោះជីវិតពលរដ្ឋនិងបង្កើនការអភិវឌ្ឍន៍។
ក្នុងនោះដែរ តំណាងប្រទេសផ្តល់ជំនួយ និងដៃគូអភិវឌ្ឍន៍ បានកោតសរសើរនូវអ្វីដែលប្រទេសកម្ពុជាសម្រេចបានក្នុងវិស័យមីនកន្លងមក និងបានប្តេជ្ញាចូលរួមក្នុងវិស័យនេះជាមួយរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានគោលដៅកម្ពុជាមួយគ្មានមីននៅឆ្នាំ២០២៥ ដើម្បីជួយសង្គ្រោះជីវិតមនុស្ស និងកសាងនូវសន្តិភាព ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!