ក្រសួងទេសចរណ៍ ដាក់ទិសដៅប្រែក្លាយក្រុងបាត់ដំបង ជាទីក្រុងគ្មានផ្សែងបារី នៅចុងឆ្នាំ២០២០
លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងអោយដឹងថា ក្រសួងបានដាក់ផែនការប្រែក្លាយទីក្រុងបាត់ដំបង ឲ្យក្លាយជាទីក្រុងគ្មានផ្សែងបារី នៅចុងឆ្នាំ២០២០។
បើតាមលោក ហោ សារុន កាលពីសប្តាហ៍ទី២ នៃខែវិច្ឆិកា កន្លងទៅនេះ ក្រុមការងារបរិស្ថានគ្មានផ្សែងបារីក្រសួងទេសចរណ៍ សហការជាមួយមន្ទីរពាក់ព័ន្ធ និងអង្គការដៃគូបានចុះត្រួតពិនិត្យវាយតម្លៃ ការអនុវត្តបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ នៅតាមសណ្ឋាគារ និងភោជនីយដ្ឋានមួយចំនួន នៅក្នុងក្រុងបាត់ដំបង ហើយជាលទ្ធផល រកឃើញសណ្ឋាគារ ចំនួន២២កន្លែង ក្នុងចំណោមសណ្ឋាគារ ៤៤កន្លែង និងភោជនីយដ្ឋានចំនួន ១៣កន្លែង ក្នុងចំណោមភោជនីយដ្ឋាន ២៦កន្លែង ដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ ។
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍រូបនេះ បន្តទៀតថា ការជ្រើសរើសវាយតម្លៃផ្តល់ជូនសណ្ឋាគារ/ភោជនីយដ្ឋានឆ្នើម ដែលទទួលពានបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ គឺផ្អែកទៅលើពិន្ទុនៃកម្រងសំណួរដែលបានរៀបចំឡើង ដោយមានសូចនាករ លក្ខណៈវិនិច្ឆ័យត្រឹមត្រូវ យោងទៅតាមច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តនានាក្រោមច្បាប់ រួមមាន អនុក្រឹត្យ ប្រកាស សារាចរ សេចក្តីណែនាំ....ជាដើម ។
ចំណុចសំខាន់ៗ ដែលមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ត្រូវប្រកាន់យកមានដូចជា៖
- ត្រូវបិទផ្សាយ ឬដាក់បម្រាមហាមជក់នៅតាម ផ្លូវចូល និងកន្លែងសមស្របដែលអាចមើលឃើញច្បាស់ មិនត្រូវដាក់តាំង ឬបង្ហាញប្រដាប់គោះបារី ត្រូវបង្គាប់មិនឲ្យអ្នកជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ក្នុងកន្លែងហាមឃាត់ ។
- មិនត្រូវផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ ក្នុងបរិវេណមូលដ្ឋានរបស់ខ្លួន ទោះក្នុងទម្រង់ណាក៏ដោយ អាចដាក់តាំងបង្ហាញកញ្ចប់ផលិតផលថ្នាំជក់ធម្មតាបានតែមួយកញ្ចប់ក្នុងមួយម៉ាក ត្រូវដាក់តាំងបង្ហាញ ឬលក់តែផលិតផលថ្នាំជក់ណា ដែលមានសារព្រមានសុខភាពជារូបភាព និងជាភាសាខ្មែរទំហំ ៥៥% បោះពុម្ពលើផ្នែកខាងលើផ្ទៃសំខាន់ទាំងពីរ នៃកញ្ចប់ផលិតផលថ្នាំជក់ ។
លោក ហោ សារុន គូសបញ្ជាក់ថា បរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍គឺជាគោលការណ៍មួយ ដែលក្រសួងទេសចរណ៍បានប្រកាន់ខ្ជាប់ ដើម្បីលើកកម្ពស់ក្នុងការទប់ស្កាត់ផលប៉ះពាល់សុខភាព និងបរិស្ថានដែលកើតឡើងពីផលិតផលថ្នាំជក់ និងដើម្បីធានាឲ្យបានថា កំពុងអភិវឌ្ឍវិស័យទេសចរណ៍មួយដែលគ្មានផ្សែងបារី សក្តិសមជាមាសបៃតងដែលបានចូលរួមកសាងសេដ្ឋកិច្ចបៃតង និងសហគមន៍បៃតង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ និង២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ក្រសួងទេសចរណ៍បានធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំថ្នាក់តំបន់អាស៊ីប៉ាហ្វិកលើកទី៧ នៅខេត្តសៀមរាប ស្តីពី «ទីក្រុងគ្មានផ្សែងបារីធ្វើឲ្យទេសចរណ៍កាន់តែល្អប្រសើរ និងអភិរក្សបេតិកភណ្ឌយើង» ដែលមានគណៈប្រតិភូមកពីបណ្តាប្រទេសនានាចំនួន១៤ប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក សរុបចំនួន១៨៨នាក់បានចូលរួម ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!