ប្រតិភូអន្តរក្រសួងស្វែងយល់ពីការគ្រប់គ្រងធនធានធម្មជាតិនៅបឹងលំកុដ ខេត្តរតនគិរី
ប្រតិភូអន្តរក្រសួង រួមមានក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយលោក សូ ខនឬទ្ធិគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក វង់ សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យមើលការគ្រប់គ្រងធនធានធម្មជាតិនៅតំបន់ទេសភាពបឹងលំកុដ ដែលលាតសន្ធឹងល្វឹងល្វើយក្នុងទំហំក្រឡាផ្ទៃ ១១០,៩១ ហិកតា នៅភូមិសមុទ្រ (សមុត) ក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ឆ្ងាយពីក្រុងបានលុងប្រមាណ ៦០ គីឡូម៉ែត្រ។
លោក បូ លីមី ប្រធានគណៈកម្មការសហគមតំបន់ការពារទេសភាពបឹងលំកុដ បានអោយដឹងថា សហគមបានរៀបចំហេដ្ឋរចនាសម្ព័ន្ធសម្រាប់ទទួលភ្ញៀវទេសចរ ហើយថវិកាទាំងនោះត្រូវបានយកមកប្រើប្រាស់ក្នុងការជួលអ្នកថែទាំអនាម័យ រៀបចំសណ្តាប់ធ្នាប់ ការបារធនធានធម្មជាតិ។ ក្នុងនោះ ប្រជាសហគមន៍ សហការការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្រ្តីឧទ្យានុរក្ស កំពុងរៀបចំហេដ្ឋរចនាសម្ព័ន្ធ និងកាបោះបង្គោលព្រំអោយបានច្បាស់លាស់ ព្រមទាំងរៀបចំផែនការការពារ និងអភិរក្សតំបន់បឹងលំកុដនេះដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ និងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងការបរបាញ់សត្វព្រៃដោយខុសច្បាប់នៅក្នុងតំនន់នោះ។
ជាមួយគ្នានេះ យោងតាមការបញ្ជាក់ ពីលោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគីរី បានអោយដឹងថា រាជរដ្ឋាភិបាល បានប្រកាសបង្កើតតំបន់ការពារទេសភាពបឹងលំកុដនេះ ចុះថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៨ ធ្វើឡើងដើម្បីធានាការថែករក្សា និងការពារសោភ័ណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី សារព័នមជ្ឈដ្ឋានធម្មជាតិ សត្វព្រៃ រុក្ខជាតិ និងវប្បធម៌។ លើសពីនេះ គឺការថែរក្សាការពារលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តភាព។
ក្នុងនោះដែរ ក្រសួងបរិស្ថាន តាមរយៈអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានពង្រឹងពីតួនាទីរបស់សហគមន៍ ដើម្បីចូលរួមការពារ និងអភិរក្សបឹងលំកុដនេះជាប្រយោជន៍សម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ ជាមួយគ្នានេះ ក្នុងឆ្នាំកន្លងទៅនេះ ក្រសួងបានលើកទឹកចិត្តប្រជាសហគមន៍តំបន់ទេសភាពបឹងលំកុដ ដោយផ្តល់ជាពូជសត្វ និងបច្ចេកទេសសម្រាប់បង្កើនជីវភាពបន្ថែមទៀតផងដែរ។ នៅជំហានបន្ទាប់ក្រសួងបរិស្ថាននឹងជួយសាងសង់ បន្ទប់ទឹក កន្លែងរោងសម្រាកកម្សាន្ត និងកន្លែងចតយានយន្ត ថែមទៀតសម្រាប់ទទួលភ្ញៀវទេសចរ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រព័ន្ធតំបន់ការពារធម្មជាតិ រួមមានតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ៦០ កន្លែងមានផ្ទៃដីទំហំ៧, ២ លានហិកតា ស្ថិតនៅក្រោមការគ្រប់គ្រង ការពារ និងអភិរក្សរបស់ក្រសួងបរិស្ថាន ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!