មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន អំពាវនាវអោយពលរដ្ឋចូលរួមកាត់បន្ថយការប្រើប្រាស់ផលិតផលពីប្លាស្ទិក
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចូលរួមវេទិកាពិភាក្សាជាមួយយុវជនប្រមាណ ២០០នាក់មកពីសាកលវិទ្យាល័យនានា នៅក្នុងរាជធានីភ្នំពេញ ដើម្បីជជែកពិភាក្សាទាក់ទងនឹងការរួមគ្នាទប់ស្កាត់ការបំពុលដោយប្លាស្ទិក។
ក្នុងវេទិកាពិភាក្សានោះ លោក នេត្រ ភក្ត្រា បានថ្លែងថា បញ្ហាសំណល់ប្លាស្ទិក គឺជាក្តីកង្វល់រួមរបស់ពិភពលោក ហើយដែលចាំបាច់ត្រូវរួមគ្នាក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងសំណល់ប្លាស្ទិក។
លោក នេត ភក្រ្តា បានបញ្ជាក់ថា ដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យគ្រប់គ្រងថង់ប្លាស្ទិក រួមនិងលិខិតបទដ្ឋានផ្សេងទៀត ព្រមទាំងដាក់ចុះនូវផែនការយុទ្ធសាស្ត្រផ្សេងៗទៀត ។
ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានអំពាវនាវដល់សាធារណជនចូលរួមកាត់បន្ថយការប្រើប្រាស់ផលិតផលពីប្លាស្ទិក ឬអាចប្រើប្រាស់របស់របរមកជំនួសវិញ ។
បើយោងតាមរបាយការណ៍ ចាប់តាំងពីបង្កើតដំបូងរហូតមកទល់នឹងឆ្នាំ ២០១៤ ប្លាស្ទិកចំនួន ៨,៣ ប៊ីលានតោនត្រូវបានផលិតដែលក្នុងនោះមួយឆ្នាំៗ មានការផលិត ប្លាស្ទិកចំនួន ៤០០ លានតោន ហើយក្នុងនោះមានតែ ៩% ប៉ុណ្ណោះដែលត្រូវបានកែច្នៃឡើងវិញ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!