រដ្ឋមន្ត្រីក្រសួងអប់រំ នឹងជួបពិភាក្សាជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នៅថ្ងៃទី ២៣ ខែ ធ្នូ ខាងមុខនេះ
នៅថ្ងៃ២៣ ខែធ្នូ ឆ្នាំ ២០១៩ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមទាំងប្រតិភូក្រសួង នឹងចូលមកបំភ្លឺ នៅក្នុងកិច្ចប្រជុំរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ។
យោងតាមសេចក្ដីជូនដំណឹងរបស់លេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានអោយដឹងថា ប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ដែលដឹកនាំដោយលោករដ្ឋមន្ត្រី ហង់ ជួបណារ៉ុន នឹងចូលធ្វើបទបង្ហាញ និងពិភាក្សា ជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដើម្បីបង្ហាញអំពីសមិទ្ធិផលការងារ ព្រមទាំងបញ្ហាប្រឈមមួយចំនួនទៀតក្នុងការអនុវត្តច្បាប់ ក៏ដូចជាការបំពេញការងារ ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងអប់រំ យុវជន និងកីឡា ។
ក្នុងកិច្ចប្រជុំនោះដែរ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានប្រតិភូគណបក្សខ្មែរក្រោក នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ និងជាអ្នកលើកសំណើរអញ្ជើញរដ្ឋមន្ត្រីក្រសួងអប់រំ នោះ ក៏នឹងលេីកឡេីងនូវការរកដំណោះស្រាយចំពោះបញ្ហាសំខាន់មួយចំនួន ដូចជា ៖ ករណីយកប្រាក់ពីសិស្សតាមរូបភាពផ្សេងៗ , ការបង់គួរក្រៅក្របខ័ណ្ឌសិក្សា , លក្ខខ័ណ្ឌជ្រេីសរេីសគ្រូបង្រៀន , វិន័យក្នុងប្រព័ន្ធអប់រំចំពោះសិស្សានុសិស្ស , បញ្ហាបច្ចេកទេសក្នុងការបូកសរុបពិន្ទុ , ពង្រឹងគុណភាពអប់រំធនធានមនុស្ស និងក្រមសីលធម៌ ជាពិសេស គឺការផ្ដល់អនុសាសន៍ដេីម្បីកែទម្រង់ប្រព័ន្ធអប់រំ អោយមានភាពប្រសេីរឡេីងបន្ថែមទៀត ។
សូមជម្រាបជូនថា កិច្ចប្រជុំនេះ នឹងដឹកនាំសម្របសម្រួលដោយលោក ឯក សំអុល ប្រធានប្ដូរវេននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៩ នៅទីស្ដីការគណៈរដ្ឋមន្ត្រី ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!