ឯកអគ្គរាជទូតបានបញ្ជាក់ពីគោលជំហររបស់ជប៉ុន ក្នុងការបន្តគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា
លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតអោយលោក Masahiro Mikami ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងឱកាសនេះ លោកឯកអគ្គរាជទូតជប៉ុន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ លើសមិទ្ធផលការងារដែលវិស័យសកម្មភាពមីនសម្រេចបាន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលជាបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តម ។
លោកឯកអគ្គរាជទូត ក៏បានសម្តែងនូវការកោតសរសើរចំពោះអាជ្ញាធរមីន ដែលបានដឹកនាំ និងសម្របសម្រួលវិស័យសកម្មភាពមីននៅកម្ពុជាទទួលបានលទ្ធផលល្អ មានរចនាសម្ព័ន្ធ និងផែនការការងារច្បាស់លាស់។
ឯកអគ្គរាជទូត បានសម្តែងនូវការរីករាយ ដែលបានស្វែងយល់កាន់តែច្បាស់ពីវិសាលភាព និងតម្រូវការក្នុងវិស័យសកម្មភាពមីន ហើយលោក ឯកអគ្គរាជទូតបានបញ្ជាក់ពីគោលជំហររបស់ជប៉ុន ក្នុងការបន្តគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា។
ជាការឆ្លើយតប លោក លី ធុជ ក្នុងនាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានអាជ្ញាធរមីន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះទឹកចិត្តសប្បុរស ក្នុងការជួយគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា ដែលបានចូលរួមចំណែកក្នុងការសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា កាត់បន្ថយគ្រោះថា្នក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ផ្តល់សុវត្ថិភាព និងដីសម្រាប់បង្កបង្កើតផល ដល់ប្រជាជនកម្ពុជា ។
លោក លី ធុជ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរមីនក្នុងការបន្តលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងការសម្របសម្រួលក្នុងវិស័យសកម្មភាពមីនជាមួយគ្រប់ភាគីពាក់ព័ន្ធ ប្រទេសម្ចាស់ជំនួយ និងប្រតិបត្តិករវិស័យសកម្មភាពមីន ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!