រដ្ឋមន្ត្រីក្រសួងបរិស្ថាន ទទួលជួបលោកឯកអគ្គរាជទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា
លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបពិភាក្សាការងារជាមួយលោក Christian Berger ឯកអគ្គរាជទូតសាធារណរដ្ឋអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ។
នៅក្នុងជំនួបនោះ លោករដ្ឋមន្ត្រី សាយ សំអាល់ បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការពង្រីកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរកម្ពុជា-អាល្លឺម៉ង់ នាពេលកន្លងមក និងទៅអនាគត ។
លោករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរនៅក្នុងឆ្នាំខាងមុខ លើការបណ្តុះបណ្តាលធនធានមនុស្សស្តីពីអភិបាលកិច្ចតាមបែបវិមជ្ឈការ ការរៀបចំទីក្រុងនិរន្តភាព និងការគ្រប់គ្រងសំណល់នៅតាមទីក្រុង ដល់មន្រ្តីថ្នាក់ក្រោមជាតិ ។
ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ក៏បានថ្លែងអំណរគុណចំពោះ រដ្ឋលោកមន្រ្តី ដែលបានទទួលជួបពិភាក្សានៅពេលនេះ ។ ដោយលោក សន្យាថានឹងព្យាយាមឲ្យអស់លទ្ធភាពក្នុងការបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់ ។
លោក Christian Berger ក៏បានបញ្ជាក់ពីភាពជោគជ័យនៃដំណើរទស្សនកិច្ចរបស់ប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅកាន់ប្រទេសអាល្លឺម៉ង់ កន្លងមកនេះ ដែលដំណើរទស្សនកិច្ចនេះគឺបានគូសបញ្ជាក់អំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរកម្ពុជា-អាល្លឺម៉ង់ ជាពិសេស លោកចង់បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អនឹងគ្នាជាបន្តទៀត ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!