ស្ថាប័ន(NRC)នៃប្រទេសកូរ៉េស្វែងរកកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរាជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍
នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ អគ្គនាយក នៃអាជ្ញាធរជាតិអប្សរា និងលោក Kim, Yi Gyo ប្រធាននាយកប្រតិបត្តិនៃមជ្ឈមណ្ឌលយុទ្ធសាស្ត្រស្រាវជ្រាវនៃស្ថាប័នក្រុមប្រឹក្សាស្រាវជ្រាវជាតិ សម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម (NRC) នៃប្រទេសកូរ៉េខាងត្បូង ជួបជជែកពិភាក្សាការងារទូទៅ និងស្វែងយល់អំពីនៃកិច្ចការងាររបស់អាជ្ញាធរជាតិអប្សរា ដើម្បីស្វែងរកចំណុចរួមសម្រាប់កិច្ចសហប្រតិបត្តិការណ៍លើបីចំណុចរួមមានការផ្សព្វផ្សាយ ការផ្លាស់ប្តូរបទពិសោធន៍របស់អ្នកជំនាញនៃស្ថាប័នទាំងពីរ និងការបណ្តុះបណ្តាលធនធានមនុស្សរវាងស្ថាប័នទាំងពីរនាពេលអនាគត។
នៅក្នុងជំនួបនេះ លោក Kim, Yi Gyo បានផ្តល់យោបល់មួយចំនួននូវចំណុចមួយចំនួនពាក់ព័ន្ធនឹងវិស័យទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរនាពេលបច្ចុប្បន្ននេះ លោកមើលឃើញចំណុចជាចម្បង គឺការផ្សព្វផ្សាយ ដែលមិនបានទូលំទូលាយនៅឡើយ ដែលផ្ទុយពីប្រទេសដែលផលិតផលនៃការផ្សព្វផ្សាយបានក្លាយជារបស់មួយថ្មីដែលមានការទទួលស្គាល់ទូទាំងពិភពលោក។ លោកសង្ឃឹមថា ស្ថាប័ន(NRC) នឹងមានឱកាសសាជាថ្មីដើម្បីផ្តល់ជាគំនិតចែករំលែកដល់អាជ្ញាធរជាតិអប្សរាដើម្បីបន្តភាពអភិវឌ្ឍន៍ជាមួយគ្នាទៅមុខ ។
លោក ហង់ ពៅ លើកឡើងថា ប្រទេសកម្ពុជាមានសម្បត្តិវប្បធម៌អស្ចារ្យជាច្រើន ប៉ុន្តែការផ្សព្វផ្សាយនៅមានការខ្វះខាត សូម្បីតែអាជ្ញាធរជាតិអប្សរា ការងារសម្រេចបានយ៉ាងច្រើន តែផ្ទុយទៅវិញការផ្សព្វផ្សាយមិនបានទូលំទូលាយនៅឡើយ ដូច្នេះ មើលទៅហាក់បីដូចជាស្ថានប័ននេះមិនមានសកម្មភាពអ្វីសោះ។
លោកអគ្គនាយកអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ទោះបីជាអាជ្ញាធរជាតិអប្សរាជាស្ថាប័នអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់រមណីយដ្ឋានអង្គរ តែក៏ជាស្ថាប័នស្រាវជ្រាវអាចទទួលយកនូវទំនាក់ទំនងក្នុងការអភិវឌ្ឍធនធានមនុស្សដែលជាបេសកម្មដ៏ធំរបស់ស្ថាប័ន(NRC)។
លោកបន្តថា ប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍ រីឯធនធានមនុស្សនៅមានកម្រិត ហើយអាជ្ញាធរជាតិអប្សរាជាស្ថាប័នបណ្តុះបណ្តាលធនធានមនុស្សអនុវត្តន័តាមការដ្ឋានធំជាងគេក្នុងប្រទេសកម្ពុជា ដោយលោក សង្ឃឹមថា នាពេលអនាគត អាចនឹងមានលទ្ធផលជាផ្លែផ្កានៃការសហប្រតិបត្តិការរវាងស្ថាប័ន(NRC)និងអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើកិច្ចការរួមគ្នាសម្រាប់ពិពភលោក៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!