ក្រុមហ៊ុនម៉ាឡេស៊ី ចង់វិនិយោគលើវិស័យទឹកស្អាតនៅកម្ពុជា
ប្រតិភូក្រុមហ៊ុនវិនិយោគវិស័យទឹកស្អាតមកពីប្រទេសម៉ាឡេស៊ីឈ្មោះ RAFULIN ដែលមានលោក Raffe Chekku ជាប្រធានក្រុមហ៊ុន និងលោក Tan Sri Ali Bin Hamsa ជាទីប្រឹក្សា និងជាអតីតអគ្គលេខារាជរដ្ឋាភិបាលនៃប្រទេសម៉ាឡេសុី និងសហការី ត្រូវបានលោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទទួលជួបពិភាក្សាការងារ នៅទីស្តីការក្រសួង ។
ក្នុងជំនួបពិភាក្សានោះ ភាគីក្រុមហ៊ុនម៉ាឡេស៊ី ចង់សិក្សាស្វែងយល់ការវិនិយោគលើវិស័យទឹកស្អាត ដោយចង់ធ្វើជាភាគីអ្នកលក់ដុំ ផលិតអោយទៅអ្នកលក់រាយបន្ត ហើយក៏ចង់ពិនិត្យលទ្ធភាពវិនិយោគបង្កើតអាងស្តុកទឹកធំមួយសម្រាប់តម្កល់ទឹកទុកផ្គត់ផ្គង់ក្នុងរដូវប្រាំង ផងដែរ ។
លោក ចម ប្រសិទ្ធ បានសម្តែងការស្វាគមន៌ និងបានលើកឡើងពីគោលនយោបាយវិស័យទឹកស្អាតរបស់ក្រសួងដោយបានកំណត់យកឆ្នាំ២០២៥ តំបន់ទីប្រជុំជនទូទាំងប្រទេសនឹងមានបណ្តាញទឹកស្អាតតទៅដល់ ។ លើសពីនេះទៅទៀត ក្រសួងកំពុងដាក់ចេញនូវគោលនយោបាយថ្មីមួយទៀត គឺមិនត្រឹមតែតំបន់ទីប្រជុំជន នោះទេ តែត្រូវគិតគូរដល់តំបន់ជនបទ និងតំបន់ដាច់ស្រយ៉ាល ផងដែរ ។
លោករដ្ឋមន្ត្រី បានបន្ថែមថា ទោះបីវិស័យទឹកស្អាត ជាភារកិច្ចរបស់រដ្ឋក៏ពិតមែន តែក្នុងដំណាក់កាលនេះ ក្រសួងនៅតែលើកទឹកចិត្តអោយវិស័យឯកជនចូលមកវិនិយោគនៅតំបន់ណាដែលរដ្ឋមិនទាន់មានលទ្ធភាព ជាពិសេសអ្នកវិនិយោគធំៗ ដែលផលិតរួចលក់ដំបន្ត ដូចគម្រោងវិនិយោគដែលភាគីម៉ាឡេស៊ីបានលើកខាងលើនេះ ។ លោករដ្ឋមន្ត្រី បន្តថា តំបន់ជនបទ រឺតំបន់ដាច់ស្រយ៉ាល គឺរកគ្រប់មធ្យោបាយតាមរយៈបង្កើតអាងចម្រោះខ្នាតតូច ដាក់នៅទីតាំងចំកណ្តាលណាមួយ ដើម្បីអោយប្រជាពលរដ្ឋមកទទួលយកសេវាផ្តល់ទឹកស្អាតនេះ ។
ដោយឡែកទាក់ទងនឹងគម្រោងវិនិយោគចង់បង្កើតអាងស្តុកតម្កល់ទឹក លោករដ្ឋមន្ត្រី ចម ប្រសិទ្ធ បានមើលឃើញពីសារៈសំខាន់របស់វា ពីព្រោះនៅរដូវវស្សាតំបន់ខ្លះមានភ្លៀងធ្លាក់ជោគជាំ រហូតដល់លិចលង់នៅមូលដ្ឋានទៀតផងដោយលោក បញ្ជាក់ថា បើមានបច្ចេកទេសស្រូបយកទឹកទាំងនោះ គឺអាចរួមចំណែកដោះស្រាយបានពេលដល់រដូវប្រាំង ដែលជួបប្រទះភាពរាំងស្ងួត ។ ក៏ប៉ុន្តែបញ្ហានេះ លោករដ្ឋមន្ត្រី សូមអោយប្រតិភូម៉ាឡេស៊ី ពិភាក្សាការងារបច្ចេកទេស ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួងធនធានទឹក និងឧតុនិយម ។
ជាការឆ្លើយតប ភាគីក្រុមហ៊ុនម៉ាឡេស៊ី បានបង្ហាញនូវចំណាប់អារម្មណ៌ ហើយនឹងធ្វើការសិក្សាស្រាវជ្រាវលើការងារនេះ ដោយនឹងបង្ហាញនូវលទ្ធផលរយៈពេល ០៣ ខែ ក្រោយទៀត ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!