លោក ជា សុផារ៉ា សម្រេចដកលោក យិន វុឌ្ឍ ចេញតំណែងប្រធានមន្ទីររៀបចំដែនដីខេត្តកំពត ក្រោយមានភាពមិនប្រក្រតីក្នុងការបំពេញការងារ
លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចដកតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត មកបញ្ឈរជេីងនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខណៈលោក ដាញ់ សារី ត្រូវបានតែងតាំង ជាប្រធានមន្ទីរ ជំនួសវិញ ។
យោងតាមសេចក្ដីប្រកាស ស្ដីពីការសម្រួលភារកិច្ច និងតែងតាំងមន្រ្ដីរាជការ រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានសម្រេចសម្រួលភារកិច្ចលោក យិន វុឌ្ឍ ពីប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដី ខេត្ដកំពត មកបម្រើការងារនៅទីស្ដីការក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានសម្រេចតែងតាំងលោក ដាញ់ សារី ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដី ខេត្ដកំពត ជំនួសលោក យិន វុឌ្ឍ ផងដែរ ។
សូមជម្រាបជូនថា មានប្រជាពលរដ្ឋម្នាក់ ឈ្មោះ ស្វាយ សាត់ រស់នៅភូមិ កោះខ្លូត ឃុំ កំពង់ត្រាចខាងកេីត ស្រុក កំពង់ត្រាច ខេត្តកំពត បានស្នេីសុំធ្វេីប័ណ្ណកម្មសិទ្ធិដីធ្លីទំហំ ២៩៤ ម៉ែត្រការ៉េ ក៏ប៉ុន្តែការស្នេីនេះ ត្រូវបានអូសបន្លាយរាប់ឆ្នាំ មិនដោះស្រាយអោយប្រជាពលរដ្ឋ នោះទេ ដែលធ្វើអោយប្រជាពលរដ្ឋ បានប្ដឹងចូលផេកហ្វេសបុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ លុះនៅព្រឹកថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៩ អភិបាលខេត្តកំពត លោក ជាវ តាយ បានដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ចប់បញ្ហានេះ ដោយបានធ្វេីប័ណ្ណអោយប្រជាពលរដ្ឋតាមការស្នេីសុំ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!