ក្រសួងកសិកម្ម បញ្ជាក់ថា តម្លៃស្រូវមិនមានការធ្លាក់ចុះ ដូចការរិះគន់ នោះទេ ពោលគឺ ស្រូវនៅមានតម្លៃសមរម្យ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា តម្លៃស្រូវមិនមានការធ្លាក់ចុះ ដូចតាមការលើកឡើងរបស់មតិរិះគន់ពីសំណាក់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកឡើយ ពោលគឺស្រូវនៅមានតម្លៃសមរម្យ លើកលែងតែស្រូវដែលមានគុណភាពអន់តែប៉ុណ្ណោះ ។
កន្លងទៅថ្មីៗនេះ មានបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមួយចំនួន បានផ្តល់យោបល់ក៏ដូចជាធ្វើការរិះគន់មកលើក្រសួងពាក់ព័ន្ធ នឹងតម្លៃស្រូវគ្រប់ប្រភេទថា ធ្លាក់ចុះនៅតាមបណ្តាខេត្តមួយចំនួន ដែលស្ថិតនៅជាប់ព្រំដែនប្រទេសថៃ ដូចជា ៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់ ដោយពុំមានមន្ត្រីបច្ចេកទេសរបស់ក្រសួងចុះជួយស្វែងរកទីផ្សារ និងរក្សាតម្លៃអោយសមស្របទៅនឹងតម្លៃនៃវត្ថុធាតុដើម និងថ្លៃពលកម្មសម្រាប់ប្រជាកសិករនោះទេ ។
នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម បានអោយដឹងថា តាមការស្រាវជ្រាវព័ត៌មានពីបណ្តាមន្ទីរកសិកម្មខេត្ត បានបង្ហាញថា នៅតាមបណ្តាខេត្ត ដែលបាននិងកំពុងមមាញឹក ក្នុងការប្រមូលផល គឺស្រូវនៅមានតម្លៃសមរម្យនៅឡើយ លើកលែងតែស្រូវដែលមានគុណភាពអន់ តែប៉ុណ្ណោះ ។ ជាមួយគ្នានោះ ក៏មានក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវមួយចំនួន បានសហការជាមួយមន្ត្រីជំនាញ ចុះប្រមូលទិញដោយផ្ទាល់ និងប្រមូលទិញតាមកិច្ចសន្យាយ៉ាងសស្រាក់សស្រាំផងដែរ ។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយអន្តរាគមន៍ដល់កសិករដោយបានបញ្ចេញថវិកាបន្ថែមចំនួន ៥០លានដុល្លារ ក្នុងគោលដៅដើម្បីរក្សាស្ថិរភាពថ្លៃ និងប្រមូលទិញស្រូវពីកសិករ ហើយស្តុកទុក កិនកែច្នៃ និងនាំចេញផងដែរ ។
សេចក្ដីប្រកាសព័ត៌មាន បានបន្ថែមថា នៅថ្ងៃទី១៩ ធ្នូ ស្អែកនេះ ក្រសួងកសិកម្មនឹងធ្វើពិធីប្រកាស ជាផ្លូវការរោងម៉ាស៊ីនកិនស្រូវ ដែលទទួលបានការអនុញ្ញាតនាំចេញអង្ករទៅចិន ដែលជាការចូលរួមចំណែកពង្រីកទីផ្សារអង្ករនិងធានាបាននូវ ស្ថិរភាពតម្លៃទីផ្សារស្រូវអង្កររបស់ប្រជាកសិករ ទៀតផង ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!