សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ អះអាងថា វិវាទដីធ្លីនៅកម្ពុជា កើតឡើងដោយសារភាពអសកម្ម ក្នុងការបំពេញការងាររបស់មន្ត្រីជំនាញសុរិយោដីនៅតាមមូលដ្ឋាន
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ និងអ្នកឃ្លាំងមើលបញ្ហាវិវាទដីធ្លីនៅកម្ពុជា អះអាងថា វិវាទដីធ្លីនៅកម្ពុជា កើតឡើងដោយសារភាពអសកម្ម ក្នុងការបំពេញការងាររបស់មន្ត្រីជំនាញសុរិយោដីនៅតាមមូលដ្ឋាន ដោយការដឹកនាំការងាររបស់មន្ត្រីទាំងនោះ នៅមានភាពមិនប្រក្រតីមួយចំនួន ដែលបានប្រព្រឹត្តផ្ទុយអំពីភារកិច្ច តួនាទី ក៏ដូចជាច្បាប់ដែលបានកំណត់ ព្រមទាំងមានការប្រព្រឹត្តអំពើពុករលួយ ក្នុងវិស័យដីធ្លីនេះ ផងដែរ ។
លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានប្រតិភូគណបក្សខ្មែរក្រោក នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានលើកឡើងថា បញ្ហាវិវាទដីធ្លីនៅកម្ពុជា កំពុងស្ថិតក្នុងស្ថានភាពគួរអោយព្រួយបារម្ភ ដោយលោក គូសបញ្ជាក់ថា បញ្ហាវិវាទដីធ្លីនៅកម្ពុជា មិនមានករណីថ្មីកើតឡើងនោះទេ ប៉ុន្តែសុទ្ធសឹងជាករណីចាស់ៗ ដែលមិនមានការដោះស្រាយពីស្ថាប័នពាក់ព័ន្ធ ។
លោក វឌ្ឍនាសាប៊ុង សង្កត់ធ្ងន់ថា ក្រសួងស្ថាប័នពាក់ព័ន្ធ មិនទាន់មាននូវវិធានការ ក៏ដូចជាយន្តការដោះស្រាយណាមួយលើបញ្ហាដីធ្លីនេះ ប្រកបដោយតម្លាភាព និងសុក្រឹត្យភាព នៅឡើយនោះទេ ដោយភាគច្រើននៃករណីវិវាទដីធ្លី គឺបណ្ដាលមកពីភាពអសកម្ម និងភាពមិនប្រក្រតីរបស់មន្ត្រីជំនាញនៅតាមមូលដ្ឋាន ។ សំឡេង៖
ជាមួយគ្នានោះ លោក វឌ្ឍនាសាប៊ុង ក៏បានជម្រុញអោយរាជរដ្ឋាភិបាល ត្រូវអនុវត្តន៍អោយនូវអភិក្រមទី ៥ គឺការវះកាត់ អោយមានប្រសិទ្ធភាព ដោយមិនមានការលើកលែងជាដាច់ខាត ចំពោះមន្ត្រីដែលអសកម្មកាងារ មានភាពមិនប្រក្រតី ដែលបានប្រព្រឹត្តខុសអំពីច្បាប់ ភារកិច្ច តួនាទីរបស់ខ្លួន ក៏ដូចជាការប្រព្រឹត្តអំពើពុករលួយ ជាដើម ។ សំឡេង៖
ស្រដៀងគ្នានេះដែរ លោក ប៉ែន ប៊ុណ្ណារ៍ អ្នកឃ្លាំងមើលបញ្ហាវិវាទដីធ្លី លើកឡើងថា ដើម្បីចូលរួមដោះស្រាយបញ្ហាវិវាទដីធ្លី អោយទទួលបានជោគជ័យ និងមានប្រសិទ្ធភាព គឺក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់អនុវត្តន៍ច្បាប់អោយខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់បំផុត ដោយគ្រប់គ្រងដីរបស់រដ្ឋអោយមានតម្លាភាព ចែកដីសម្បទានសង្គមដល់ប្រជាពលរដ្ឋក្រីក្រ ។ ជាមួយគ្នានោះ ចំពោះបុគ្គលដែលមានអំណាច ក៏ដូចជាមន្ត្រីខិលខូច ដែលបានឃុតឃិតក្នុងករណីចូលកាន់កាប់ ឬរំលោភយកដីរដ្ឋដោយខុសច្បាប់ ត្រូវអនុវត្តន៍តាមនីតិវិធីច្បាប់ជាធរមាន ដោយគ្មានការលើកលែង ។ សំឡេង៖
គូរកត់សម្គាល់ដែរថា ក្នុងឆ្នាំ២០១៩ នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលដឹកនាំដោយលោក ជា សុផារ៉ា បានធ្វើការផ្លាស់ប្តូរមុខតំណែង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី នៅតាមមួយចំនួន ដោយសារការដឹកនាំមានភាពមិនប្រក្រតី ដោយត្រូវបានចាប់ខ្លួន និងដកដំណែង ជាបន្តបន្ទាប់ ដោយមន្ត្រីទាំងនោះរួមមាន ៖ លោក លៀម ប៊ុនរឿន អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់ ចាប់ខ្លួនពីបទប្រព្រឹត្តអំពើពុករលួយ , លោក ប្រាក់ ប៉ូលី អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ ត្រូវបានដកដំណែងមកបញ្ឃរជើងនៅក្រសួង ព្រោះដឹកនាំមន្ទីរមិនប្រក្រតី , លោក យិន វុឌ្ឍ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តកំពត ត្រូវបានដកដំណែង ព្រោះមិនយកចិត្តទុកដាក់ដោះស្រាយបញ្ហាអោយរាស្ត្រ ព្រមទាំងមានមន្ត្រីជំនាញសុរិយោដីមួយចំនួនទៀត ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!