ក្រសួងឧស្សាហកម្ម និងADB ចុះកិច្ចសន្យាចំនួន ២ ក្នុងការសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា
ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចុះហត្ថលេខាលើកិច្ចសន្យាចំនួន ២ស្តីពីការសិក្សាប្លង់លម្អិត និងសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្ទឹងត្រែង និងកិច្ចសន្យា ស្តីពីការផ្តល់សេវាទឹកប្រឹក្សាបច្ចេកទេសសម្រាប់គម្រោងទឹកស្អាត និងអនាម័យខេត្ត ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៌អាស៊ី (ADB) ។
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលបានចូលរួមក្នុងពិធីចុះហត្ថលេខានេះ បានលើកឡើងថា ដោយសម្តែងនូវការរីករាយអបអរសាទរចំពោះភាពជោគជ័យ នៃការអនុវត្តគម្រោងនេះ ដែលខំប្រឹងប្រែងរួមគ្នា តាំងពីឆ្នាំ២០១៧ មក ដោយលោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារអភិវឌ្ឍន៌អាស៊ី ADB ដែលបានផ្តល់ឥណទានសម្បទានដល់ការអនុវត្តគម្រោងនេះ ដើម្បីអោយខេត្តស្ទឹងត្រែង ដែលជាខេត្តឆ្ងាយដាច់ស្រយ៉ាលនៅភូមភាគឥសាន្តកម្ពុជា ហើយមានប្រព័ន្ធទឹកស្អាតចាស់ទ្រុធទ្រោម បែកធ្លុះធ្លាយ ត្រូវបានកែលំអរអោយប្រសើរឡើងវិញ ស្របពេលដែលបច្ចុប្បន្ន ការផលិតបានត្រឹមតែ ៤៣% ទូទាំងក្រុងស្ទឹងត្រែង ។
តាមរយៈសមិទ្ធផលនៃគម្រោងនេះ អង្គភាពរដ្ឋាករទឹកខេត្តស្ទឹងត្រែង នឹងមានសមត្ថភាពផលិតសរុប ១៤.៥០០ម៉ែត្រត្រីគុណ ក្នុងមួយថ្ងៃ គឺស្មើនឹងប្រមាណ ៦ដង នៃសមត្ថភាពផលិតពីមុន និងបណ្តាញចែកចាយសរុបប្រមាណ ៣១៦,៦ គីឡូម៉ែត្រ ដែលនឹងអាចមានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាត ដែលមានគុណភាព សុវត្ថភាព និងនិរន្តរភាព ព្រមទាំងមានតម្លៃសមរម្យ ជូនប្រជាពលរដ្ឋនៅក្នុងក្រុងស្ទឹងត្រែងទាំងមូល (១០០%) និង០៩ ភូមិ ក្នុងឃុំចំនួន៣ ក្នុងស្រុកថាឡាបរីវ៉ាត់ និងស្រុកសេសាន សរុបប្រមាណ ១ម៉ឺនគ្រួសារ ។
ដោយឡែកកិច្ចសន្យា ស្តីពីការផ្តល់សេវាទីប្រឹក្សាបច្ចេកទេសសម្រាប់គម្រោងទឹកស្អាត និងអនាម័យខេត្ត ក្រោមឥណទានសម្បទានរបស់ធនគារអភិវឌ្ឃន៌អាស៊ី ADB លេខ៣៦៣០ លោករដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បានលើកឡើងអំពីសារៈសំខាន់ដូចគ្នាផងដែរ ក្នុងការលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក៏ដូចជាការទាក់ទាញបាននូវការវិនិយោគថ្មីៗបន្ថែមទៀត ។
ក្នុងឳកាសនោះដែរ លោករដ្ឋមន្ត្រី ចម ប្រសិទ្ធ តំណាងរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើកិច្ចសន្យា ស្តីពីការសិក្សាប្លង់លម្អិតនិងសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្ទឹងត្រែង ជាមួយលោក ទូច គីម តំណាងក្រុមហ៊ុន Kimex &SPBH Joint Venture ដែលនឹងចាប់ផ្តើមអនុវត្តន៍គម្រោងពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១ និងចុះហត្ថេលខាលើកិច្ចសន្យាមួយទៀត ជាមួយតំណាងក្រុមហ៊ុន RENARDET SA និងក្រុមហ៊ុន SGAPI s.r.l ស្តីពីការផ្តល់សេវាទឹកប្រឹក្សាបច្ចេកទេសសម្រាប់គម្រោងទឹកស្អាត និងអនាម័យខេត្ត ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៌អាស៊ី (ADB) លេខ ៣៦៣០ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!