សកម្មជនព្រៃឈើ ចាត់ទុក វិធានការបង្ក្រាបបទល្មើសព្រៃឈើ ហាក់មិនទាន់ទទួលបានភាពជោគជ័យ និងមានប្រសិទ្ធភាព នោះទេ ខណៈអ្នកនាំពាក្យ អះអាងថា បទល្មើសព្រៃឈើ មានការថយចុះ
សកម្មជនការពារព្រៃឈើ ចាត់ទុក វិធានការរបស់រាជរដ្ឋាភិបាល ជាពិសេស គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ហាក់មិនទាន់ទទួលបានភាពជោគជ័យ និងមានប្រសិទ្ធភាព នោះឡើយ ដោយសកម្មជនព្រៃឈើ បញ្ជាក់ថា មានក្រុមឧក្រិដ្ឋជន ងារជាឧកញ៉ាល្បីៗឈ្មោះ ជាង ១០ រូប កំពុងតែបានកាប់បំផ្លាញធនធានព្រៃឈើយ៉ាងអណាធិបតេយ្យ តែគ្មានការចុះបង្ក្រាប ខណៈអ្នកនាំពាក្យគណៈកម្មការជាតិ អះអាងថា ក្រោយមានវិធានការក្ដៅរបស់រាជរដ្ឋាភិបាល ក្នុងឆ្នាំ ២០១៩ នេះ បទល្មើសព្រៃឈើ មានការថយចុះ ជាបន្តបន្ទាប់ ។
លោក ហេង ស្រស់ សកម្មជនការពារព្រៃឈើ បានថ្លែងនៅប្រាប់វិទ្យុសំឡេងយុវជន ថា តំបន់សំខាន់ៗដែលទទួលរងការកាប់បំផ្លាញព្រៃឈើយ៉ាងសកម្មពីសំណាក់ក្រុមឧក្រិដ្ឋជន នាពេលសព្វថ្ងៃនេះ គឺ មានតំបន់ព្រៃឡង់ តំបន់ជួរភ្នំក្រវ៉ាញ ក៏ដូចជាតំបន់ភ្នំព្រិច ជាដើម ប៉ុន្តែគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច ហាក់មិនមានវិធានការចុះបង្ក្រាបក្រុមឧក្រិដ្ឋជនកាប់ព្រៃឈើ នៅក្នុងតំបន់ទាំងនោះ ឡើយ ។
លោក ហេង ស្រស់ ចាត់ទុកថា យុទ្ធនាការរបស់រាជរដ្ឋាភិបាល ជាពិសេស គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ហាក់មិនទាន់ទទួលបានភាពជោគជ័យ និងមានប្រសិទ្ធភាព នោះឡើយ ដោយលោកគូសបញ្ជាក់ថា មានក្រុមឧក្រិដ្ឋជន ងារជាឧកញ៉ាល្បីៗឈ្មោះ ជាង ១០ រូប កំពុងតែបានកាប់បំផ្លាញធនធានព្រៃឈើយ៉ាងអណាធិបតេយ្យ តែគ្មានការចុះបង្ក្រាប នោះឡើយ ។ សំឡេង ៖
សកម្មជនការពារព្រៃឈើរូបនេះ បានបញ្ជាក់ដែរថា ក្រុមឧក្រិដ្ឋជនកាប់បំផ្លាញព្រៃឈើ ភាគច្រើនបានប្រើរូបភាព ក្រោមការវិនិយោគដីសម្បទានសេដ្ឋកិច្ច ដោយក្រុមឧក្រិដ្ឋជន បានជួលអោយប្រជពលរដ្ឋ ចុះទៅកាប់ឈើ នៅក្នុងដែនអភិរក្សព្រៃឈើរបស់រដ្ឋ ដើម្បីយកមកធ្វើការកាប់ អារ និងកែច្នៃ រួចដឹកទៅលក់នៅក្រៅប្រទេស យ៉ាងស្រួល ។ សំឡេង ៖
ជាមួយគ្នានេះ លោក ហេង ស្រស់ នៅតែទទួចអោយរាជរដ្ឋាភិបាល ត្រូវតែលុបបំបាត់ចោលនូវអាជីវកម្មអារ និងកែច្នែឈើនៅទូទាំងប្រទេស បញ្ឈប់ការផ្ដល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុន ឬបុគ្គល ក្នុងការកាប់បំផ្លាញព្រៃឈើ ជាពិសេស រាជរដ្ឋាភិបាល ត្រូវតែលុបបំបាត់អោយបាននូវការប្រព្រឹត្តអំពើពុករលួយ ក្នុងបទល្មើសព្រៃឈើ នេះ ដើម្បីធានាបានថា ធនធានព្រៃឈើកម្ពុជា នឹងមិនទទួលរងការកាប់បំផ្លាញទៀត ដើម្បីទុកជាផលប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជនកម្ពុជា ។ សំឡេង ៖
ដោយឡែក អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក អេង ហ៊ី បានអះអាងថា ក្រោយមានវិធានការក្ដៅរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងប្រតិបត្តិការចុះបង្ក្រាបលើបទល្មើសព្រៃឈើ នៅក្នុងឆ្នាំ ២០១៩ កន្លងមក បទល្មើសព្រៃឈើ មានការថយចុះ ជាបន្តបន្ទាប់ ដោយលោកលើកឡើងថា គណៈកម្មការជាតិ ក្រោមការដឹកនាំរបស់លោក សៅ សុខា មេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេស បានខិតខំបង្ក្រាបករណីកាប់បំផ្លាញព្រៃឈើ ជាច្រើនករណី ដោយក្នុងនោះមានទាំងការរឹបអូសបានភស្តុតាងជាច្រើន មានដូចជា ៖ ឈើជាច្រើនម៉ែត្រគូប មធ្យោបាយប្រព្រឹត្តបទល្មើស ដោយមានការដុតកម្ទេចចោលនឹងកន្លែង រហូតមានការចាប់ខ្លួនមេឧក្រិដ្ឋជនធំៗមួយចំនួន ផងដែរ ។ សំឡេង ៖
លោក អេង ហ៊ី បន្ថែមដែរថា ដើម្បីទទួលបាននូវប្រសិទ្ធភាព និងភាពជោគជ័យ ក្នុងការការពារ និងអភិរក្សធនធានព្រៃឈើ អោយបានគង់វង្សយូរអង្វែង គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងរាជរដ្ឋាភិបាល ប្រជាពលរដ្ឋ សហគមន៍ អង្គការមិនមែនរាជរដ្ឋាភិបាល និងមជ្ឈដ្ឋានទូទៅ តែរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយ ដោយលោកបញ្ជាក់ថា ប្រទេសជាតិត្រូវការពារ ប្រជាត្រូវបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប ។ សំឡេង៖
គួររំលឹកដែរថា កាលពីពេលថ្មីៗនេះ យោងតាមលិខិតរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ ផ្ញើជូនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សុខុន ក្នុងការពិនិត្យ ស្រាវជ្រាវ និងផ្ដល់ព័ត៌មានអំពីស្ថានភាព និងសកម្មភាព នៃការអភិវឌ្ឍរបស់ក្រុមហ៊ុន ស៊ីងបាយ អូថេក និងក្រុមហ៊ុន អង្គរ ផ្លាយវូត មកកាន់ក្រសួងបរិស្ថាន ដោយក្រសួងបរិស្ថានបានទទួលរបាយការណ៍ និងការស្នើសុំរបស់សហគមន៍អឺរ៉ុប ប្រចាំនៅកម្ពុជា និងអង្គការ USAID ស្ដីពី ការកាប់ដើមឈើច្បោះជ័រ និងប្រភេទឈើមានតម្លៃផ្សេងៗទៀត ពីសំណាក់ក្រុមហ៊ុន ស៊ីងបាយ អូថេក និងយកទៅកែច្នៃនៅក្រុមហ៊ុន អង្គរ ផ្លាយវូត នៅក្នុងតំបន់ព្រៃឡង់ ដោយក្រសួងបរិស្ថាន បញ្ជាក់ថា ទីតាំងក្រុហ៊ុន ស៊ីងបាយ អូថេក មិនស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន នោះទេ គឺស្ថិតក្រោមក្រសួងកសិកម្ម ។
ក្នុងលិខិតក្រសួងបរិស្ថាន ក៏បានគូសបញ្ជាក់ដែរថា ក្នុងករណីរកឃើញកំហុសឆ្លងពាក់ព័ន្ធការកាប់ឈើប្រមូលចេញពីតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ របស់ក្រុមហ៊ុន ស៊ីងបាយ អូថេក មែននោះ ក្រសួងបរិស្ថាន នឹងពិភាក្សាជាមួយក្រសួងកសិកម្ម ដើម្បីស្នើសុំទៅរាជរដ្ឋាភិបាល ពិនិត្យ សម្រេច និងមានវិធានការបន្តទៀត ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!