នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតថ្មី ប្រកាសចូលកាន់តំណែងជាផ្លូវការ
ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន ប្រកាសចូលកាន់តំណែងនាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត នៃនាយកដ្ឋានច្រកទ្វារទី១ ជាផ្លូវការ ក្រោមវត្តមានរបស់លោកនាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចូលរួមក្នុងពិធីប្រកាសផ្ទេរភារកិច្ច នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតថ្មី ក្នុងពីធីនោះ ក៏មានការចូលរួមពីលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ និលោកលោកស្រី ជាថ្នាក់ដឹកនាំមួយចំនួនទៀត ។
យោងតាមប្រកាសរបស់លោករដ្ឋមន្ត្រី ស ខេង បានសម្រេចផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលជាតិ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ចំនួនពីរ រូប រួមមាន ៖
ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន ពីនាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិអូរយ៉ាដាវ នៃនាយកដ្ឋានច្រកទ្វារទី២ ទៅជានាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត នៃនាយកដ្ឋានច្រកទ្វារទី១ ។ ដោយឡែក លោកវរសេនីយ៍ឯក ខឹម ចិត្រា ពីនាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត ទៅជានាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែន អន្ដរជាតិអូរយ៉ាដាវ វិញ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!